
ក្រុមយុវជនលើកបដា ដាក់ញត្តិនៅមុខរដ្ឋសភា ក្នុងទិវាបរិស្ថានជាតិ
និងពិភពលោកលើកទី៤១ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣
បណ្ដាញយុវជនកម្ពុជា ជំរុញឲ្យរដ្ឋសភាពិនិត្យការងាររបស់រដ្ឋាភិបាល ដែលមានការចោទប្រកាន់ពីមជ្ឈដ្ឋាននានា ថាបានបណ្ដែតបណ្តោយឲ្យមានសកម្មភាពបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងវេទិកាតស៊ូមតិមួយនៅព្រឹកថ្ងៃទី៥ ខែមិថុនា ដោយមានការចូលរួមពីក្រុមយុវជនប្រមាណជិត ១០០នាក់។
ក្រុមយុវជនជួបជុំគ្នាដង្ហែក្បួនតាមផ្លូវជុំវិញរដ្ឋសភា បន្ទាប់មកធ្វើសេចក្តីថ្លែងការណ៍រួមមួយដាក់ញត្តិជូនរដ្ឋសភា ដើម្បីបង្ហាញពីក្តីកង្វល់របស់យុវជនចំពោះបញ្ហាបរិស្ថាន។ ស្របពេលប្រទេសនៅលើពិភពលោកបាននាំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី៤១។
សមាជិកបណ្ដាញយុវជនកម្ពុជា ដែលស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ស មានរូបដើមឈើពណ៌បៃតង ដៃកាន់បដាសរសេរថា ខ្ញុំស្រឡាញ់បរិស្ថាន បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។ អ្នកខ្លះ កាន់រូបគំនូរសត្វស្វាធ្វើមុខជូរ អង្គុយលើកកំណាត់ឈើកាប់រួចសល់តែគល់។
ក្រុមយុវជនច្រៀងបទចំរៀងរំលឹកពីអតីតសកម្មជនការពារព្រៃឈើដ៏ល្បី លោក ឈុត វុទ្ធី ដែលបានស្លាប់ដោយសារមូលហេតុការពារព្រៃឈើ និងស្រែកព្រមៗគ្នា ទាមទារឲ្យរដ្ឋសភាទទួលខុសត្រូវក្នុងនាមជាតំណាងឲ្យជាតិខ្មែរទាំងមូល ដែលមានតួនាទីឃ្លាំមើលការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹក ម៉ាឡៃ មានប្រសាសន៍ថា កាលពីឆ្នាំមុន ក្រុមយុវជនធ្លាប់បានស្នើទៅរដ្ឋសភាម្តងរួចទៅហើយ ឲ្យពិនិត្យមើលការងាររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចស្ទើរទូទាំងប្រទេស នាំឲ្យមានជម្លោះដីធ្លី ការបំផ្លាញព្រៃឈើ ការបំពុលបរិយាកាសជាដើម។ លោកបន្តថា រដ្ឋាភិបាលបានផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចបន្តទៀត ប៉ុន្តែទំហំនៃការបំផ្លាញព្រៃឈើកាន់តែរីកធំ និងបង្កក្តីព្រួយបារម្ភ។ លោកបន្តថា សមាជិកបណ្ដាញយុវជនកម្ពុជា មិនចង់ឲ្យប្រវត្តិសាស្ត្រជេរស្តីថា ពួកគេជាពលរដ្ឋខ្មែរដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារធនធានធម្មជាតិ តែបែរជាបណ្តោយឲ្យជនខិលខូចមួយចំនួន បំផ្លាញសម្បត្តិជាតិដូចសព្វថ្ងៃនេះឡើយ។
ទោះជាយ៉ាងណាក្តី មិនមានតំណាងរដ្ឋសភាណាម្នាក់ចេញមកទទួលញត្តិដែលក្រុមយុវជនដាក់ជូនរដ្ឋសភាឡើយ។ ប៉ុន្តែ គណៈកម្មការជំនាញរដ្ឋសភាបានអនុញ្ញាតឲ្យតំណាងយុវជនចូលជួបពិភាក្សា និងសន្យាថា យកញត្តិនោះទៅជូនតំណាងរាស្ត្រពាក់ព័ន្ធពិនិត្យ។ ការដង្ហែញត្តិទៅដាក់ជូនរដ្ឋសភានៅពេលនេះ គឺស្របពេលគ្នាដែលគណៈកម្មការអចិន្ត្រៃយ៍របស់រដ្ឋសភា កំពុងមមាញឹកប្រជុំពិនិត្យសេចក្តីស្នើច្បាប់ប្រឆាំងអ្នកដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលជាច្បាប់ដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងគេហទំព័ររបស់ក្រសួងបរិស្ថាន វិញ មិនបានបង្ហាញព័ត៌មានទាក់ទងនឹងទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា នាឆ្នាំនេះ ឬព័ត៌មានទាក់ទងពីការបំផ្លាញបរិស្ថានឡើយ តែបានបង្ហាញរូបភាព និងអត្ថបទតាំងពីឆ្នាំ២០១១ មួយចំនួន ដែលនិយាយពីការប្រជុំនានា និងកម្រងឯកសារច្បាប់បរិស្ថាន។
No comments:
Post a Comment
yes