១០-មិថុនា-២០១៣៖ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ
អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន (ឆ្វេង)
បណ្ដេញលោក សុន ឆ័យ ចេញពីបរិវេណរដ្ឋសភា មិនឲ្យឆ្លើយសំណួរអ្នកកាសែត
ទន្ទឹមនឹងនេះ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អះអាងឲ្យដឹងជាមុនថា នឹងពុំមានពេលវេលាដើម្បីធ្វើការនេះតទៅទៀតឡើយ។
គិតមកដល់ត្រឹមថ្ងៃទី១៨ មិថុនា មានរយៈពេល ៩ថ្ងៃមកហើយដែលគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ប្រកាសដកមុខនាទី និងផ្អាកប្រាក់ខែអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ២៩រូប។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់នៅថ្ងៃទី១៨ មិថុនា ថា គិតត្រឹមថ្ងៃអង្គារ គណបក្ស សម រង្ស៊ី បានប្រមូលស្នាមមេដៃពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បានជាង ៣ពាន់សំឡេង។ លោកបន្តថា ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ស្នាមមេដៃពលរដ្ឋដែលមានអាសនៈនៃគណបក្សប្រឆាំង នឹងត្រូវប្រមូលឲ្យគ្រប់ចំនួន ២ម៉ឺននាក់ដូចការគ្រោងទុក។ លោកបន្តថា យើងគ្រោងប្រមូលតែ ២ម៉ឺនមេដៃទេ ជាជំហានដំបូង ដើម្បីដាក់ជូនទៅប្រធានរដ្ឋសភាឲ្យលុបសេចក្ដីសម្រេច។
អ្នកឃ្លាំមើលបញ្ហាសង្គម លោក កែម ឡី ហាក់មានសង្ឃឹមតិចតួចណាស់ដែលទាមទារឲ្យសភាឆ្លើយតបនូវអ្វីដែលគណបក្សប្រឆាំងចាត់ទុកថា ការអនុវត្តរបស់គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាធ្វើមកលើខ្លួន គឺមានភាពឆ្គាំឆ្គង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញនោះ។ លោក កែម ឡី មានប្រសាសន៍បន្តថា យន្តការនេះទំនងជានឹងពុំមានប្រសិទ្ធភាពឡើយ។ លោកគិតថា ព្រោះភាគីទាំងសង្ខាង គឺជាគូវិវាទ។ ហេតុដូច្នេះ ដើម្បីធ្វើឲ្យមានតុល្យភាព ឬដរាបណាមានគណៈកម្មការឯករាជ្យណាមួយ ដូចអង្គព្រះមហាក្សត្រ ជាដើម ទើបរាប់ថាជាការបញ្ចប់ជម្លោះ ឬផ្សះផ្សាវិវាទបាន។
ទោះជាបែបណា លោក កែម ឡី ចាត់ទុកថា យុទ្ធនាការដែលគណបក្សប្រឆាំងកំពុងអនុវត្តនេះ គឺជាផ្នែកមួយនៃស្នូលសង្គមប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ លោកថា គូវិវាទនឹងមិនសុខចិត្តឡើយ ដែលបណ្ដោយឲ្យគូប្រកួតប្រជែងរបស់ខ្លួនធ្វើបានដោយងាយ។
ចំណែកលោក យឹម សុវណ្ណ និងមន្ត្រីក្នុងគណបក្សប្រឆាំងវិញ នៅតែប្រកាន់ជំហរថា ខ្លួននឹងតស៊ូមតិតាមផ្លូវច្បាប់បន្ថែមទៀតឲ្យពុះកញ្ជ្រោលជាងនេះ បើរដ្ឋសភាដែលរងការចោទប្រកាន់ពីគណបក្សប្រឆាំង ថាបានអនុវត្តទាំងបំពានច្បាប់មកលើអ្នកតំណាងរាស្ត្រជំទាស់នោះ។
ប៉ុន្តែ លោក ឈាង វុន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អះអាងថា ចាប់តាំងពីពេលនេះតទៅ គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងមិនមានការពិចារណាអ្វីតទៅទៀតឡើយជាមួយគណបក្សប្រឆាំង។ លោក ឈាង វុន គិតថា យុទ្ធនាការដែលកំពុងអនុវត្តនេះ គឺមិនឆ្លុះបញ្ចាំងពីគោលនយោបាយនៃសង្គមប្រជាធិបតេយ្យនោះទេ។ ហើយគណបក្សប្រជាជនកម្ពុជា ក៏នឹងមិនទទួលយកបានឡើយ ព្រោះពេលវេលានៅសេសសល់តិចតួចសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតខាងមុខនេះ។
ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ មិថុនា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយថាជាការផ្ទុយនឹងស្មារតីនៃដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យ ដែលចូលរួមយ៉ាងពេញលេញពីតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ។ ការកាត់ប្រាក់ខែ និងបញ្ចប់សមាជិកភាពរដ្ឋសភាគណបក្សប្រឆាំង គឺជាការដកហូតសំឡេងពលរដ្ឋកម្ពុជា និងបង្កការខូចខាតដល់លទ្ធិប្រជាធិបតេយ្យ។ ហើយសហរដ្ឋអាមេរិក ទទូចដល់ប្រធានរដ្ឋសភាអនុញ្ញាតឱ្យសមាជិកជាប់ឆ្នោតទាំងអស់បានបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការបម្រើពលរដ្ឋកម្ពុជា ឡើងវិញ។
ក៏ប៉ុន្តែ លោក ឈាង វុន ចាត់ទុកសកម្មភាពដើរចេញទៅចូលរួមបង្កើតបក្សថ្មី ឈ្មោះថា គណបក្សសង្គ្រោះជាតិ របស់គណបក្សប្រឆាំងនេះ ថាមិនបម្រើឲ្យគោលនយោបាយនៃសង្គមប្រជាធិបតេយ្យឡើយ។ តែថា យុទ្ធនាការនេះ គឺជានយោបាយបោកប្រាស់ប៉ុណ្ណោះ។
រយៈពេល ៥ថ្ងៃក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលភាគច្រើន គឺជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកប្រាក់ខែអ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន ២៩រូប។ ចំណែកលោក សុន ឆ័យ ដែលនឹងឈរជាបេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ឈាង វុន បណ្ដេញចេញពីរដ្ឋសភា ដោយចាត់ទុកថាអស់មានសិទ្ធិធ្វើការនៅសភាតទៅទៀតហើយ។
ទោះជាដូច្នេះក្ដី តំណាងរាស្ត្រ លោក សុន ឆ័យ ហៅការសម្រេចរបស់គណៈកម្មាធិការរដ្ឋសភានេះថា ជាការខុសច្បាប់ ហើយលោកនឹងប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ទោះជាលោកមិនរំពឹងអំពីឯករាជ្យភាពរបស់ស្ថាប័ននេះក៏ដោយ។
ទន្ទឹមនឹងនេះ លោក យឹម សុវណ្ណ បញ្ជាក់ជំហរថា តាមរយៈយុទ្ធនាការរកសំឡេងគាំទ្រនេះ អ្នកតំណាងរាស្ត្រដែលបាត់សិទ្ធិព្រោះតែការបញ្ចប់ពីតួនាទី ដែលគណបក្សនេះហៅថាជាអ្វីមួយដែលគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើឲ្យសភាទៅជាអធម្មនុញ្ញភាព ឬត្រូវរលាយមុនអាណត្តិនេះ នឹងអាចវិលមករកសភាពដូចដើមវិញ។
លោក កែម ឡី គិតថា អ្នកនយោបាយហាក់កំពុងបង្កើតហិង្សាផ្នែកនយោបាយរបស់ខ្លួនតែរៀងៗ ដោយយកការឈ្នះចាញ់ជាជាងការគិតដើម្បីសន្តិភាព។ ហើយបរិបថនយោបាយនេះ កំពុងធ្វើឲ្យមានការប្រកួតប្រជែងមួយដោយហិង្សាយ៉ាងពិតប្រាកដ៕
No comments:
Post a Comment
yes