អ្នកបឹងកក់ប្រមាណជា២០នាក់ ដែលរងគ្រោះដោយសារការបណ្តេញចេញ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយរកដំណោះស្រាយ និងផ្តល់ប្លង់កម្មសិទ្ធិលើដី១២,៤៤ហិកតា ជូនពួកគាត់ប្រមាណជាង៦០គ្រួសារ ឲ្យបានមុនការបោះឆ្នោតខាងមុខនេះ។
តំណាងអ្នកបឹងកក់ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា ពលរដ្ឋដែលមកតវ៉ាមុខសាលាក្រុងនេះ ទាមទារ លោក ប៉ា សុជាតិវង្ស ដែលទើបនឹងកាន់ដំណែងថ្មី ជំនួស លោក កែប ជុតិមា ជួយរកដំណោះស្រាយជូនពួកគាត់ តាមការសន្យារបស់អភិបាលក្រុងមួយនេះ។ អ្នកស្រីព្រមានថា បើសាលាក្រុងមិនដោះស្រាយឲ្យបានមុនការបោះឆ្នោតទេ ពួកគាត់នឹងតវ៉ារហូតមានដំណោះស្រាយ ៖ “ដោះស្រាយនេះ ខ្ញុំចង់ឲ្យបានមុខការបោះឆ្នោត គឺបោះព្រំប្រទល់ដី១២ហិកតា និងផ្តល់ប្លង់កម្មសិទ្ធិ និងដោះលែងអ្នកស្រី យ៉ោម បុប្ឆា គឺឲ្យបានមុខពេលបោះឆ្នោត បើសិនជាគាត់មិនដោះស្រាយទេ គាត់ឃោសនាបោះឆ្នោត ក៏ពួកបងនឹងឃោសនារឿងដីធ្លី និងរឿងអ្នកស្រី យ៉ោម បុប្ផា ដែរអូន បងនៅតែធ្វើរហូត”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា មន្ត្រីសាលារាជធានីភ្នំពេញ កំពុងតែរកដំណោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីបានចុះធ្វើស្ថិតិជាមួយប្រជាពលរដ្ឋនៅតំបន់បឹងកក់ ៖ “គាត់គិតថាស្ងាត់ តែក្រុមការងារគេកំពុងធ្វើការ ហើយគេមានជា ដំណាក់កាលរបស់គេ ហើយគេមាននីតិវិធីគេក្នុងការធ្វើការ គេមិនអាចថាធ្វើមួយ ត្រូវផ្សព្វផ្សាយមួយ ធ្វើការងារមួយផ្សព្វផ្សាយមួយ អញ្ចឹងម៉េចកើតបង។ ដូចកាលបងឯងឃើញ ពីសប្តាហ៍មុន ខាងក្រុមការងារចុះទៅធ្វើការស្រង់ស្ថិតិ ធ្វើព័ត៌មាន ធ្វើសាលក្ខប័ត្រ ហើយគេបូកសរុប ហើយបន្ទាប់មកទៀតបានហៅ កាលពីលើកមុន បានអញ្ជើញទាំងខាងអង្គការសង្គមស៊ីវិល ជំនាញ អាជ្ញាធរ ដើម្បីផ្ទៀងផ្ទាត់ ឥឡូវនេះការងារយើងកំពុងធ្វើសរុបបន្តទៀត ហើយថាមានអ្វីតទៀត ខ្ញុំមិនទាន់អាចជម្រាបគាត់កើតទេបាទ”។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាកូអ៊ីន។ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ លេខ១៨៣ ដោយផ្តល់ដីចំនួន ១២,៤៤ហិកតា ជូនពលរដ្ឋជាង៦០គ្រួសារ នៅតំបន់បឹងកក់ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង។ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋអះអាងថា មិនទាន់មានដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយទេ៕
No comments:
Post a Comment
yes