លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
គណបក្សជំទាស់ ដាក់ការសង្ស័យថា ចំនួនសន្លឹកឆ្នោតដែល គ.ជ.ប បោះលើសច្រើនហួសប្រមាណ អាចជាលេសមួយក្នុងការបន្លំសន្លឹកឆ្នោត និងបំប៉ោងចំនួនអ្នកចេញទៅបោះឆ្នោត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមិថុនានេះថា ការបោះសន្លឹកឆ្នោតដល់ជាង ១២,៦លានសន្លឹក ខណៈអ្នកមានឈ្មោះបោះឆ្នោតប្រមាណ ៩,៦លាននាក់នោះ គឺជារឿងគួរឲ្យសង្ស័យ៖ "អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែមួយដងគត់ ដូច្នេះ៩លាន៦សែននាក់ជាងនេះ មានសិទ្ធិបោះតែម្នាក់មួយសន្លឹក អាចបោះតែមួយដង ដូច្នេះបោះសន្លឹកឆ្នោតមានដល់ ១២លានជាង លើសជាង២លានសន្លឹក នៅហើយជាការសង្ស័យ ដោយភ្ជាប់ជាមួយបញ្ជីឈ្មោះ មានឈ្មោះខ្មោចផងនោះ នេះហើយជាការសង្ស័យ ដោយមានឈ្មោះស្ទួនផងនោះ”។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានប្រាប់នៅព្រឹកថ្ងៃសុក្រថា ការបោះសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោតនោះ ដើម្បីទុកបម្រុងក្រែងមានការខូច ដោយប្រកាសណាមួយ ដែលត្រូវការសន្លឹកឆ្នោតជំនួសជាបន្ទាន់។ លោកថា ការបោះសន្លឹកឆ្នោតនេះ ធ្វើតាមរូបមន្ត ការអនុវត្ត ការគ្រប់គ្រង បែងចែក និងការប្រើប្រាស់ដូចអ្វីដែលធ្លាប់ប្រើប្រាស់ កាលពីឆ្នាំ២០០៣ ហើយរហូតមកដល់ឆ្នាំ២០១៣នេះ គឺមិនដែលមានបញ្ហាអ្វីទេ ៖ “សន្លឹកឆ្នោតនោះ គាត់គូសខុស ឬប្រែចិត្ត ភ្លាមៗនោះយើងអាច អនុញ្ញាតឲ្យគាត់ដូរសន្លឹកឆ្នោត ថែមមួយសន្លឹកទៀត ឬមួយពេលគូសសន្លឹកឆ្នោត រហែកសន្លឹកឆ្នោត គាត់អាចដូរសន្លឹកឆ្នោតបាន នៅក្នុងការិយាល័យបោះឆ្នោតនោះតែម្តង។ អ៊ីចឹងទេ សរុបមកវិញ ការងារនេះយើងធ្វើមកទាំងពីដើមមក មិនមែនទើបតែធ្វើឥឡូវទេ ហើយដូចខ្ញុំជំរាប ការគ្រប់គ្រងគឺមានភាពល្អ ពុំដែលមានបញ្ហាអ្វីទេ ហើយម្យ៉ាងទៀតក្រោយការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនោះ ត្រូវធ្វើភ្លាមៗនៅការិយាល័យបោះឆ្នោត ហើយសន្លឹកឆ្នោតដែលសល់ពីការបោះឆ្នោតនោះ គឺយើងបានចោះទម្លុះចោលភ្លាមៗ នៅការិយាល័យបោះឆ្នោតនោះតែម្តង”។
លោក ទេព នីថា បន្តថា តាមបច្ចេកទេសត្រូវមានសន្លឹកឆ្នោតបម្រុង ដែលរក្សាទុក្ខនៅតាមថ្នាក់ខេត្ត គឺមួយឃុំសង្កាត់មានសន្លឹកឆ្នោតបម្រុង ៧៥០សន្លឹក សម្រាប់មួយការិយាល័យ។
នាយកប្រតិបត្ដិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វ្រិច លោក ហង្ស ពុទ្ធា យល់ថា ការសង្ស័យរបស់គណបក្សសង្គ្រោះជាតិ វាជារឿងមួយ ប៉ុន្តែបញ្ហាសំខាន់ការទួលខុសត្រូវរបស់ គ.ជ.ប លើការគ្រប់គ្រង និងផ្ទៀងផ្ទាត់សន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ៖ "ប៉ុន្តែសន្លឹកឆ្នោតដែលបោះលើស ក៏អាចមាន ចារឹកមុខពីរដែរ ប្រសិនបើប្រើប្រាស់វាមិនបានត្រឹមត្រូវ វាធ្វើឲ្យជនមួយចំនួន អាចនឹងប្រើប្រាស់យកទៅធ្វើអ្វីម្យ៉ាង ដើម្បីជាផលប្រយោជន៍ រំខាន ឬក៏ប៉ះពាល់ដល់ដំណើរការបោះឆ្នោត”។
សូមបញ្ជាក់ថា សន្លឹកឆ្នោតដែល គ.ជ.ប បានបោះសម្រាប់អាណត្តិទី៥នេះ មានជាង១២លាន៦សែនសន្លឹក ខណៈអ្នកបោះឆ្នោតមាន ៩លាន៦សែននាក់ ពោលលើស៣លានសន្លឹក៕
No comments:
Post a Comment
yes