ព្រះសង្ឃឈរនៅមុខស្លាកដែលមានរូបមេបក្សប្រឆាំងទាំងពីរ
នៅពេលលោក សម រង្ស៊ី មកដល់ទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីនិរទេសខ្លួនឯងអស់រយៈពេលជិត៤ឆ្នាំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ៤ ម៉ឺននាក់ ត្រូវបានរំពឹងថានឹងទៅទទួលស្វាគមន៍លោក។
បើទោះបីជា ការវិលត្រឡប់របស់ឥស្សរជនគណបក្សប្រឆាំងនៅកម្ពុជានឹងទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនក៏ដោយ ប៉ុន្តែអ្នកគាំទ្រទាំងនេះនឹងគ្រវីទង់ និងរូបសញ្ញាដែលមិនមែនមានតែរូបលោក សម រង្ស៊ី ម្នាក់នោះទេ គឺមានរូបលោកសម រង្ស៊ី.កាន់ដៃលោក កឹម សុខា ដែលជាអនុប្រធានគណបក្សផងដែរ។ ប៉ុន្តែ ចំពោះប្រជាជនកម្ពុជាជាច្រើននៅពេលសួរថា តើពួកគេបោះឆ្នោតឲ្យគណបក្សណា នៅថ្ងៃទី ២៨ ខែកក្កដា ចម្លើយនោះគឺមិនមែនគណបក្សទេ គឺឈ្មោះពីរ លោក ហ៊ុន សែន ឬលោក សម រង្ស៊ី។ នេះគឺជាការពិត បើទោះបីជាលោក សម រង្ស៊ី ពុំទាន់ត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះជាបេក្ខជនផ្លូវការក៏ដោយ។
លោក ប៉ុល ហំម អតីតអ្នកនាំពាក្យគណបក្សសិទិ្ធមនុស្សនិងជាប្រធានគណៈកម្មាធិការ អចិន្រៃ្តយ៍នៃគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «យើងលែងនិយាយពីគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សទៀតហើយ។ យើងនឹងនិយាយតែពាក្យមួយម៉ាត់ គឺគណបក្សសង្គ្រោះជាតិ។ អ្នករាល់គ្នា រាប់ទាំងលោក កឹម សុខា និងរូបខ្ញុំផ្ទាល់ រីករាយខ្លាំងណាស់ ដែលបានមើលឃើញលោក សម រង្ស៊ី វិលត្រឡប់មកវិញ»។
ប៉ុន្តែ លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា ពេលវេលាដែលបានចំណាយក្នុងការចរចាលើឧបសគ្គរាំងស្ទះផ្សេងៗលើផ្លូវឆ្ពោះទៅបង្រួបបង្រួមរវាងគណបក្សប្រឆាំងទាំងពីរ នៅទីបំផុត នឹងរក្សាគណបក្សសង្គ្រោះជាតិឲ្យរឹងមាំ។
លោកស្រី បានលើកឡើងថា៖ «វាត្រូវការពេលជាច្រើនសម្រាប់ពួកគេរួបរួមគ្នា។ ដូច្នេះ ផ្អែកលើចំណុចនោះខ្ញុំច្បាស់ថា ពួកគេបានពិចារណាពីគុណសម្បតិ្តនិងគុណវិបតិ្តក្នុងការរួមគ្នា នៅទីនេះ គឺដើម្បីផលប្រយោជន៍នៃគណបក្សប្រឆាំង។ ពួកគេត្រូវតែរួមគ្នា បើមិនអ៊ីចឹងទេ ពួកគេនឹងវិលទៅចំណុចចាប់ផ្តើមឡើងវិញ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគម្នាក់ទៀត បានថ្លែងថា លទ្ធភាពនៃសម្ព័ន្ធភាពក្នុងការប្រមូលផ្តុំសំឡេងឆ្នោតនឹងរារាំង មិនឲ្យមានការបែកបាក់រហូតទាល់តែក្រោយការបោះឆ្នោត។ លោកបានបន្តថា៖ «ប្រហែលដោយសារសំឡេងភាគច្រើនរបស់គណបក្សប្រជាជនថយចុះបន្ទាប់ពីការបោះឆ្នោត គណបក្សប្រជាជនអាចទាក់ទាញមេដឹកនាំម្នាក់ ឬពីរនាក់ពីគណបក្សប្រឆាំង ... នោះជាបញ្ហាប្រឈមមួយ»។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ការរួបរួមអាចបន្តមាន ព្រោះបើទោះបីជាអ្នកខ្លះអាចមើលឃើញការស្នើរបស់គណបក្សប្រជាជនជាឱកាសចុងក្រោយក្នុងការចូលរួមក្នុងរដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែប្រវតិ្តនៃដៃគូរដ្ឋាភិបាលចម្រុះដែលជាគណបក្ស ហ៊្វុនស៊ិនប៉ិចគឺមិនល្អទេ។
លោក ម៉ុងហៃ បានបញ្ជាក់ថា៖ «វានឹងជាទីបញ្ចប់នៃ[គណបក្សប្រឆាំង] ប្រសិនបើពួកគេផ្តាច់ខ្លួន ... ខ្ញុំគិតថា គេទាំងអស់គ្នាដឹងអំពីយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនគឺបំបែកបំបាក់ពួកគេ»។
ប៉ុន្តែ ដោយការវិលត្រឡប់របស់លោក សម រង្ស៊ី នឹងឈ្នះបានសំឡេងច្រើន លោក កែម ឡី អ្នកវិភាគនយោបាយម្នាក់ទៀតបានយល់ថា ការប៉ុនប៉ងរបស់គណបក្សប្រជាជន ក្នុងការបំបែកគណបក្សប្រឆាំងអាចកើតមានបន្ទាប់ពីការបោះឆ្នោត។
លោកបន្តថា៖ «[គណបក្សប្រជាជន] នឹងរកផ្លូវដើម្បីបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឲ្យបង្កើតរដ្ឋាភិបាលរួមគ្នាដើម្បីកាត់បន្ថយចលនាប្រឆាំង។ ដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងបែកជាពីរក្រុម»។ លោក កែម ឡី បានថ្លែងថា៖ «បើទោះបីជាពួកគេរួមគ្នា លោក កឹម សុខា ចង់ធ្វើជាមេដឹកនាំគណបក្ស និងចង់ធ្វើជានាយករដ្ឋមន្រ្តី ប្រសិនបើគេឈ្នះឆ្នោត»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានថ្លែងថាការទទួលយកនូវ អាណតិ្តជាប្រធាន នឹងជាគន្លឹះសម្រាប់លោក សម រង្ស៊ី ប្រសិនបើលោកចង់រក្សាសម្ព័ន្ធភាពនៅរួមគ្នា។ លោកបានបន្តថា៖ «ប្រសិនបើមេដឹកនាំណាម្នាក់ចង់កាន់តំណែងរៀងរហូត ខ្ញុំគិតថា គេនឹងមានការបែកបាក់ផ្ទៃក្នុង»។
លោកបានបន្ថែមថា ការប៉ុនប៉ងបញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមគណបក្សប្រជាជននឹងរំលោភលើច្បាប់បោះឆ្នោត។
លោក វីរៈ ថ្លែងថា៖ «នយោបាយប្រឆាំងរបស់លោក សម រង្ស៊ី និងគណបក្ស សម រង្ស៊ីនោះជាផ្នត់គំនិត។ [ប៉ុន្តែ សម រង្ស៊ី និងកឹម សុខា]មានជំនឿប្រហាក់ប្រហែលគ្នា...សំណួរសួរថា តើ អ្នកទាំងពីរនឹងអាចទ្រាំទ្ររលកនៃការបំបែកបំបាក់បានដែរឬអត់?»៕
No comments:
Post a Comment
yes