អ្នកតំណាងរាស្រ្ត ប៉ែន បញ្ញា ក្នុងវេទិកាមួយរបស់ក្លឹបអ្នកកាសែត
បើទោះជាចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញ មានការកើនឡើងក៏ដោយ ក៏ការបែងចែកចំនួនអាសនៈក្នុងរដ្ឋសភាសម្រាប់អាណត្តិនេះពុំមានការផ្លាស់ប្តូរដែរ គិតពីឆ្នាំ១៩៩៨ មក។
នៅរាជធានីភ្នំពេញ ជាមណ្ឌលដែលគណបក្សប្រឆាំងទទួលបាន៥អាសនៈក្នុងចំណោម១២អាសនៈ។ ប៉ុន្តែបច្ចុប្បន្នចំនួនប្រជាជនបានកើនឡើងពីចំនួនក្រោម ១ លាននាក់កាលពីកន្លះទសវត្សរ៍មុនដល់ ១ លាន ៧ សែននាក់។ នេះបើតាមជំរឿនឆ្នាំ ១៩៩៨ និងឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិជាតិ។
ខេត្តកណ្តាលដែលគណបក្សប្រឆាំងទទួលបាន៤ ក្នុងចំណោម ១១ អាសនៈប្រជាជនបានកើនឡើងចំនួនមួយភាគបីរហូតដល់ ១ លាន ៤ សែននាក់ហើយក្នុងខេត្តបាត់ដំបងដែលគណបក្សប្រឆាំងទទួលបានមួយភាគបួននៃអាសនៈចំនួន ៨ ចំនួនប្រជាជនបានកើនឡើងជិតពាក់កណ្តាលរហូតដល់ ១១៧ ម៉ឺននាក់។
កាលពីមួយទសវត្សរ៍មុនច្បាប់បោះឆ្នោតថ្មីត្រូវអនុម័តដែលរួមបញ្ចូលរូបមន្តដើម្បីគណនាទាំងចំនួនអាសនៈក្នុងសភានិងការបែងចែកអាសនៈតាមខេត្ត។ តែចាប់តាំងពីនោះមកមិនមានការកំណត់ការបែងចែកអាសនៈជាថ្មីទេ។
លោកស្រី Laura Thornton នាយកប្រចាំប្រទេសរបស់វិទ្យាស្ថានប្រជាធិបតេយ្យជាតិពន្យល់ថា ៖«វាមានរយៈពេល១០ឆ្នាំហើយហើយវាមានការផ្លាស់ប្តូរយ៉ាងច្រើននៃចំនួនប្រជាជនតាមខេត្ត។ ប្រសិនបើគេមិនធ្វើការផ្លាស់ប្តូរអាសនៈនោះអ្នកកំពុងធ្វើឲ្យវាមានទម្ងន់តិចជាងឬលើសសំឡេងឆ្នោត»។
តាមច្បាប់គណៈកម្មាធិការពិសេសមួយដែលកើតចេញពីតំណាងគណបក្សនានានៅក្នុង សភានិងក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវជួបប្រជុំគ្នារាល់ប្រាំឆ្នាំម្តង«ដើម្បីធ្វើការកែតម្រូវចំនួនអាសនៈនិងបែងចែកអាសនៈចំពោះខេត្ត/រាជធានី មួយៗ»។
មាត្រាទី៧ នៃច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រកំណត់ថា៖ «ដោយពិចារណាលើកត្តាប្រជាសាស្រ្ត ភូមិសាស្រ្ត សង្គម និងសេដ្ឋកិច្ច គណៈកម្មាធិការត្រូវរាយការណ៍និងផ្តល់អនុសាសន៍ទៅរាជរដ្ឋាភិបាលថា តើដំឡើងចំនួនអាសនៈ ឬរក្សាទុកដដែលនូវចំនួនអាសនៈនេះ»។
វាជាការកត់សម្គាល់ផងដែរថា ប្រព័ន្ធបោះឆ្នោត«ត្រូវតែតំណាងឲ្យសមាមាត្រជាមួយមណ្ឌលខេត្ត/រាជធានី»។
លោក សុន ឆ័យ តំណាងរាស្រ្តម្នាក់ក្នុងចំណោមពីររូបរបស់គណបក្សប្រឆាំងដែលត្រូវតែងតាំងនៅក្នុងគណៈកម្មាធិការនេះបានថ្លែងថា នៅពេលសមាជិកគណៈកម្មាធិការបានជួបប្រជុំគ្នាកាលពីខែមិថុនា ឆ្នាំមុន «យើងគ្រាន់តែបានជួបប្រជុំគ្នាខ្លីមួយហើយគណបក្សប្រជាជនកម្ពុជាបានសម្រេចថាមិនមានការផ្លាស់ប្តូរចំនួនអាសនៈទេ។ វាជាការពិភាក្សាយ៉ាងលឿនៗ...តែ២៥នាទី»។
តាមការគណនារបស់លោក សុន ឆ័យ រកឃើញថា រាជធានីភ្នំពេញនឹងកើនពី១៦ទៅ២០អាសនៈ ហើយយ៉ាងហោចខេត្តចំនួន៥ដែលបច្ចុប្បន្នមានអាសនៈមួយនឹងកើនឡើងទ្វេដង។
លោកបន្តថា ៖ «ចំពោះការសិក្សារបស់យើងអាសនៈគួរតែមានប្រមាណ១៥០ដោយយោងទៅតាមការកើនចំនួនប្រជាជន ចាប់តាំងពីឆ្នាំ១៩៩៨»។
ការគណនានេះទំនងជាត្រឹមត្រូវ។ ផ្អែកតាមរូបមន្តច្បាប់បោះឆ្នោតវាគួរតែមានអាសនៈចំនួន១៤៣ នៅក្នុងសភាបើសិនទិន្នន័យជំរឿនថ្មីបំផុតត្រូវបានប្រើប្រាស់។ ប្រសិនតួលេខ ឆ្នាំ២០១៣របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យត្រូវបានប្រើចំនួននោះនឹងហក់ ឡើងដល់១៥៥ អាសនៈ។ ទន្ទឹមនេះ នៅរាជធានីភ្នំពេញវាគួរមានអាសនៈចំនួន១៨។
លោក សុន ឆ័យ ថ្លែងថា នៅកិច្ចប្រជុំនានាកាលពីពេលមុនរបស់គណៈកម្មាធិការនេះប្រធាន គណៈកម្មាធិការ ដែលមកពីគណបក្សកាន់អំណាចបានអះអាងថា ការកើនចំនួនអាសនៈបែបនេះមិនអាចទៅរួចទេ ដោយសារថា បញ្ហាថវិកាមានកំណត់ប៉ុន្តែនៅក្នុងកិច្ចប្រជុំថ្មីបំផុត ពួកគេមិនបានសំអាងលេសណាមួយទេ។
លោកស្រី Thornton នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យបានកត់សម្គាល់ថា អាសនៈអាចនឹងបែងចែកឡើងវិញបានដោយមិនបាច់ដំឡើងចំនួនសរុប។
លោកស្រីថ្លែងថា៖ «អ្នកអាចរក្សាបន្ទាត់ក្រោមដដែលប៉ុន្តែត្រូវតែផ្លាស់ប្តូរការបែងចែកអាសនៈចំនួនប្រជាជន»។ បើអ្នកមិនធ្វើបែបនោះទេ «សំឡេងឆ្នោតរបស់មនុស្សម្នាក់នៅភ្នំពេញគឺមានតម្លៃតិចជាងសំឡេងឆ្នោតមនុស្សម្នាក់នៅខេត្តមណ្ឌលគិរី។ តាមគោលការណ៍ច្បាប់វាមិនគួរអ៊ីចឹងទេ។ ច្បាប់បោះឆ្នោតចង់ឲ្យសំឡេងឆ្នោតមានទម្ងន់ស្មើគ្នា»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយដោយសារថា លោកជាប់រវល់ពីម្សិលមិញ។ ប៉ុន្តែអ្នកនាំពាក្យសភាលោក ឈាង វុន បានទទូចថា ការសម្រេច គឺផ្អែកទៅលើរូបមន្តបោះឆ្នោត។
លោកថ្លែងថា៖ «កាលពីឆ្នាំមុន យើងបានជួបប្រជុំ ហើយសម្រេចថា ចំនួនអាសនៈនឹងនៅដដែលក្នុងចំនួន១២៣ហើយនឹងមិនមានការផ្លាស់ប្តូរចំនួនអាសនៈ[សម្រាប់ខេត្តនីមួយៗ]នោះទេ ដូច្នេះនៅក្នុងអាណត្តិនេះគ្មានអ្វីផ្លាស់ប្តូរអ្វីទេ»។
ប៉ុន្តែលោក សុន ឆ័យ លើកឡើងថា វាស្ទើរគ្មានអ្វីសង្ស័យដែលថា មន្រ្តីរដ្ឋាភិបាលមកពីក្រសួងNISនិង គ.ជ.ប បានធ្វើតាមគណបក្សកាន់អំណាច។
លោកបន្តថា៖ «លោក បញ្ញា គឺតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា, ពីរនាក់មកពីក្រសួងមហាផ្ទៃ ពិតណាស់ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្ទាប់មកទៀត មាន គ.ជ.ប ដែលជាគណបក្សប្រជាជនដែរបន្ទាប់ទៀត មានក្រសួងផែនការ មកពីគណបក្សប្រជាជន បន្ទាប់មានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាដៃគូរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះពួកគេមានដៃខ្ពស់ជាង»។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ដោយសារពួកគេបានធ្វើការគណនាមួយចំនួន ហើយបានរកឃើញថា ការដំឡើងអាសនៈ មានតែគណបក្សប្រឆាំងដែលនឹងទទួលអត្ថប្រយោជន៍ដូច្នេះទើបពួកគេមិនអើពើ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ជាស្ថាប័នទទួលបង្កើតគណៈកម្មាធិការនេះលើកឡើងថា ការអះអាងរបស់លោក សុន ឆ័យ គឺខុសហើយថា ការសម្រេចនោះគឺធ្វើឡើង«យោងទៅតាមលទ្ធិប្រជាធិបតេយ្យ»។
លោកចោទ សួរថា៖ «បើអ្វីៗសុទ្ធតែគាំទ្រគណបក្សប្រជាជនកម្ពុជា ហេតុអ្វីបក្សប្រឆាំងមានអាសនៈនៅឃុំសង្កាត់។ អ្វីដែលពួកគេចោទប្រកាន់យើងគឺគ្មានមូលដ្ឋាន...ការបែងចែកអាសនៈគឺធ្វើឡើងទៅតាមលក្ខណៈវិទ្យាសាស្រ្តនិងប្រជាធិបតេយ្យ»៕
No comments:
Post a Comment
yes