លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ក្នុងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់កម្ពុជានៅថ្ងៃសុក្រនេះ និងបន្ទាប់ពីការសាទរសុន្ទរកថារបស់លោកចំពោះក្រុមអ្នកគាំទ្រការផ្តោតបន្ទាប់របស់លោក សម រង្ស៊ី គឺការចុះទៅតាមបណ្តាខេត្តនានា។
ការដែល លោក សម រង្ស៊ី នឹងចេញដំណើរនៅព្រឹកបន្ទាប់ក្នុងរយៈពេល១សប្តាហ៍ទៅខេត្តចំនួន១៥នោះគឺថា លោកចង់ធ្វើតេស្តតើប្រជាជននៅតាមខេត្តឆ្ងាយៗ ស្រឡាញ់ចូលចិត្តលោកកម្រិតណានិងតើទំហំដែលទាញបានសំឡេងគាំទ្រប៉ុនណា?
ក្រុមអ្នកគាំទ្រដ៏មានចំនួនច្រើនរបស់គណបក្សសង្គ្រោះជាតិនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃអាទិត្យដែលអបអរការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលខិតជិតមកដល់និងបង្ហាញអំពីថាតើទំហំនៃការគាំទ្រលោក សម រង្ស៊ី មានកម្រិតណានៅភ្នំពេញចុះនៅតាមខេត្តវិញ?
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលថា៖ «លោក សម រង្ស៊ី មានប្រជាប្រិយគ្រប់ទីកន្លែង»។ លោកបន្តថា លោកប្រធានមិនមានបញ្ហាទេចំពោះការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតនៅតាមបណ្តាខេត្ត។ លោកនឹងអញ្ជើញប្រជាជនពីសហគមន៍នានាមកពីខេត្តហើយពួកគេនឹងផ្សព្វផ្សាយព័ត៌មានទាំងនោះពេលត្រឡប់ទៅវិញ។
ទោះយ៉ាងណាវាទំនងមិនជាការងាយទេ ក្នុងការទាក់ទាញសំឡេងឆ្នោតពីប្រជាជនតំបន់ដាច់ស្រយាលដែលមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយហើយពឹងផ្អែកលើមេភូមិ មេឃុំខ្លួន សម្រាប់ព័ត៌មាននិងសេវាទាំងនោះ។ នេះបើតាម លោកស្រី ជា វណ្ណាត ដែលជាអ្នកវិភាគនយោបាយ។
លោកស្រីថ្លែងថា ៖ «ប៉ុន្តែខ្ញុំគិតថា វាជាទង្វើល្អមួយ ដែលលោកចង់ចុះទៅតាមមូលដ្ឋាន។ ខ្ញុំគិតថា ប្រជាជននឹងមានការរំភើប[ពេលឃើញលោក សម រង្សី]។ យ៉ាងហោចពួកគេនឹងចង់ឃើញគាត់»។ លោកស្រីបន្តថា៖ «គាត់គឺជាមនុស្សតែម្នាក់គត់ ដែលមានសមត្ថភាពអាចផ្គូរផ្គង ជាមួយលោកនាយករដ្ឋមន្រ្តី [ហ៊ុន សែន]។ ប្រជាប្រិយគាត់ខុសពី [អនុប្រធានបក្ស] លោកកឹម សុខា»។
លោក ហង្ស ពុទ្ធា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិចថ្លែងថា វាពិបាកដឹងអំពីកម្រិតគាំទ្រគណបក្សសង្គ្រោះជាតិនៅតាមខេត្តដែលលោក សម រង្ស៊ី ចុះទៅប៉ុន្តែ គណបក្សអាចនឹងទទួលការគាំទ្រច្រើនស្រដៀងគ្នានឹងនៅទីក្រុងដែរ។
លោកបន្តថា៖ «ខ្ញុំគិតថាគ្រប់កន្លែងណាដែលគាត់ចុះទៅ ប្រជាជននឹងស្តាប់គាត់»។
លោក យឹម សុវណ្ណ ជឿដែរថា ការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃសុក្រនឹងប្រែក្លាយទៅជាការទទួលបានសំឡេងឆ្នោតច្រើននៅភ្នំពេញ។ លោកបន្តថា៖ «ប្រជាជនជាច្រើនចង់ចូលរួមព្រឹត្តិការណ៍នេះ [នៅព្រលានយន្តហោះ] យើងបានសូមឲ្យអ្នកនៅតាមខេត្តបន្តធ្វើយុទ្ធនាការ»។
ប៉ុន្តែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងថា គណបក្សប្រជាជនកម្ពុជាជឿថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺគ្រាន់តែជាការថ្លែងបង្កើតចំណាប់អារម្មណ៍ប៉ុន្តែនឹងមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ។លោកបន្តថា៖ «វត្តមានគាត់គឺគ្មានអ្វីជាការបារម្ភដល់យើងទេ។ នោះជាហេតុផលដែលយើងបានសុំឲ្យគាត់ត្រូវបានរួចទោស។ បើយើងបារម្ភយើងនឹងមិនសុំឲ្យមានការវិលត្រឡប់របស់គាត់វិញទេ»។ លោក ឈាង វុន បន្តថា លោក សម រង្ស៊ី នៅដំណាក់កាលនេះមិនអាចឈរជាបេក្ខជនបានទេតែទំនងអាចវិលទៅសភានៅពេលអនាគតប៉ុន្តែ មិនមែនមុនការបោះឆ្នោតទេ។
អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែរឌី ពីម្សិលមិញបានស្វាគមន៍ការលើកលែងទោសដល់លោក សម រង្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា... រដ្ឋាភិបាលនឹងចាត់វិធានការចាំបាច់ដើម្បីបើកឲ្យលោក សម រង្ស៊ី ដើរតួពេញលេញនៅក្នុងនយោបាយជាតិរបស់កម្ពុជា»៕
No comments:
Post a Comment
yes