លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃពុធនេះ អះអាងថា ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា បច្ចុប្បន្នមិនបានរឹតបណ្តឹង និងអនុវត្តទៅលើជនអន្តោប្រវេសន៍ ដែលជាជនជាតិវៀតណាមឡើយ។
ការអះអាងនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រ ឆ្នាំ២០១៣ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ(NDI) ដោយមានការចូលរួមពីគណបក្សនយោបាយចំនួនបី គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក កឹម សុខា មានប្រសាសន៍ថា លំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម ស្របច្បាប់ និងខុសច្បាប់មកកម្ពុជា ជិត៣០ឆ្នាំមកនេះ នៅតែបន្តកើនឡើង ដោយមិនមានច្បាប់គ្រប់គ្រងឡើយ ហើយកម្ពុជាអនុវត្តច្បាប់នេះ តែចំពោះប្រទេសផ្សេងប៉ុណ្ណោះ ៖ "មិនដែលឃើញរដ្ឋាភិបាលយកច្បាប់អន្តោប្រវេសន៍យកទៅអនុវត្ត ដើម្បីបញ្ជូនជនជាតិវៀតណាមណាម្នាក់ ទៅស្រុកវិញ ឬក៏យកទៅផ្តន្ទាទោសតាមច្បាប់ណាឡើយ ហើយយើងដឹងច្បាស់ហើយថា បច្ចុប្បន្ននេះ ការដែលហូរចូលមកនេះ គឺដោយសារអី ដោយសាររដ្ឋាភិបាលអត់អនុវត្តច្បាប់ បើសិនជាអនុវត្តច្បាប់ គឺច្បាស់ជាហូរចូលមិនបានទេ"។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បដិសេធឆ្លើយតបនឹងការអះអាងនេះ ដោយមិនចង់ឲ្យមានការចោទប្រកាន់ទៅវិញទៅមក ដែលនាំឲ្យប៉ះពាល់ដល់សាធារណជន មុនពេលបោះឆ្នោត ៖ "ខ្ញុំអត់ចង់ឆ្លើយ ទុកឲ្យគាត់និយាយឲ្យអស់ចិត្តទៅ ព្រោះជិតដល់ពេលបោះឆ្នោតហើយ បើមិនអញ្ចឹងទេ មិនមែនគាត់ចង្អុលខ្មែរក្នុងស្រុកផង ដូរគណបក្សមួយថាជាយួនទាំងអស់ទេ អញ្ចឹងស្រេចតែគាត់ថាទេ វាពិបាកនិយាយគ្នាណាស់"។
អ្នកចូលរួមស្តាប់កម្មវិធីឃោសនានយោបាយម្នាក់ យុវជន មឿន គុណ ឲ្យដឹងថា លោកខកចិត្តចំពោះការលើកឡើងរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងលំហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម ដែលថាមិនមានសិទ្ធិក្នុងការឃាត់គេ ៖ "ហើយជាក់ស្តែងនោះទៀត ខ្ញុំឃើញប្រសាសន៍ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះ គាត់ថា គេចូលមក គាត់មិនអាចហាមឃាត់គេបានទេ អញ្ចឹងមានន័យថា គាត់ដឹកនាំទៅតាមគេមកចូល គាត់គ្មានសិទ្ធិអនុវត្តមែនឬ? អញ្ចឹងហេតុអី ក្នុងនាមយើងជាថ្នាក់ដឹកនាំ យើងត្រូវតែយកច្បាប់មកអនុវត្ត គឺច្បាប់អន្តោប្រវេសន៍"។
និស្សិតសកលវិទ្យាល័យម្នាក់ កញ្ញា ស្រីនាង អះអាងតាមការសង្កេតឃើញកន្លងមកឃើញថា ជនជាតិវៀតណាម ដែលមកកម្ពុជាមួយចំនួន មានសិទ្ធិលើសពីពលរដ្ឋកម្ពុជាទៅទៀត ដោយខ្លះអាចមានអត្តសញ្ញាណប័ណ្ណដល់ទៅបី ៖ "ភាគច្រើនគឺ សូមនិយាយតាមត្រង់ទៅគឺភាគច្រើនគឺយួនតែម្តង ដោយសារតែខ្ញុំបានឃើញជាក់ស្តែង សម្រាប់ជនជាតិយួនដែលចូលមកស្រុកខ្មែរ គឺគាត់អាចដូចថា ធ្វើអត្តសញ្ញាណប័ណ្ណរហូតដល់បីបួននៅក្នុងការបោះឆ្នោត ហើយមានចំណុចផ្សេងៗទៀត ដែលខ្ញុំមិនអាចនិយាយបាន"។
កាលពីថ្ងៃទី២០ ខែមិថុនា ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹងទៅ សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោកនាយករដ្ឋមន្ត្រី ពីបទក្លែងបន្លំឯកសារសាធារណៈ និងជាអ្នកផ្តើមគំនិតរួមដៃ ជាមួយបក្ខពួករបស់ខ្លួន បណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់។
គួរបញ្ជាក់ថា កន្លងទៅ លោកនាយករដ្ឋមន្ត្រី បានច្រានចោលរបាយការណ៍ និងការលើកឡើងមួយចំនួនរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ដែលអះអាងថា ជនជាតិវៀតណាមនៅកម្ពុជា មានចំនួនជាង៤លាននាក់។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជនជាតិវៀតណាមនៅកម្ពុជា មានចំនួនតែជាង១០ម៉ឺននាក់តែប៉ុណ្ណោះ៕
No comments:
Post a Comment
yes