រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកក្កដានេះ បញ្ជាឲ្យចាប់ខ្លួនជនទាំងឡាយណា ជាអ្នកធ្វើឯកសារក្លែងបន្លំ និងអ្នកប្រើឯកសារក្លែងបន្លំ ទាក់ទងនឹងការចេញផ្សាយលទ្ធផលព្យាករណ៍បោះឆ្នោត ដោយប្រើឈ្មោះ IRI ដែលទស្សទាយថា គណបក្សសង្គ្រោះជាតិនឹងឈ្នះគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិអាណត្តិទី៥នេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ មានជនទុច្ចរិក ជាសកម្មជន និងឃោសនិករបស់គណបក្សមួយ បានផលិតក្លែងបន្លំឯកសារស្ទង់មតិ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិIRI ហើយកំពុងផ្សព្វផ្សាយឯកសារក្លែងក្លាយ ស្តីពីលទ្ធផលនៃការស្ទង់មតិ អំពីការទទួលបានអាសនៈតាមរាជធានី-ខេត្តនីមួយៗ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ឯកសារពិតរបស់IRI បានបង្ហាញថា គណបក្សប្រឆាំងនឹងទទួលបានអាសនៈតែជាង៤០ប៉ុណ្ណោះ។ លោកចាត់ទុកការផ្សព្វផ្សាយលិខិតដែលថា គណបក្សសង្គ្រោះជាតិ នឹងទទួលបានសំឡេងគាំទ្រចំនួន៥៤ភាគរយនោះ គឺខុសច្បាប់ ៖ "រកគុកដាក់គ្មានទេ ប៉ុន្តែអានេះគេថាសុទ្ធតែខុសហើយ បក្សប្រឆាំងបានតែជាង៤០ហ្នឹង នេះរៀបចំអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល"។
ឯកសារដែលត្រូវបានគេបង្ហោះតាមហ្វេសប៊ុក បង្ហាញថាគណបក្សសង្គ្រោះជាតិ នឹងទទួលបានសំឡេងគាំទ្រចំនួន៥៤ភាគរយ ស្មើនឹង៦៤អាសនៈ។ ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលបានតែ៤៦ភាគរយស្មើនឹង៥៩អាសនៈ។
លោក ខៀវ សុភ័គ បញ្ជាក់ថា អ្នកចែកចាយឯកសារតាមហ្វេសប៊ុកនោះ ពិតជាខុសច្បាប់ តែលោកថា បើចាប់កាត់ទោសអ្នកទាំងនោះ នឹងមិនមានគុកដាក់នោះទេ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល អះអាងថា IRI បានផ្ញើសារទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ពីថ្ងៃទី១៥ ខែកក្កដា បញ្ជាក់ថា ឯកសារស្ទង់មតិនោះមិនមែនជារបស់ខ្លួនទេ។
ជនបរទេសម្នាក់ជាមន្ត្រី IRI ដែលសុំមិនប្រាប់ឈ្មោះ បានឲ្យVODដឹងថា អ្នកនាងមិនទាន់ដឹងពីវិធានការរបស់រដ្ឋាភិបាលទេ។ ចំណែកលទ្ធផលពិតនៃការស្ទង់មតិនោះ លោកនឹងប្រាប់តាមក្រោយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការបញ្ជារបស់រដ្ឋាភិបាលជារឿងនយោបាយ ៖ "កុំធ្វើឲ្យកករល្អក់ទៅដល់ដំណើរការនៃការបោះឆ្នោត ឥឡូវយើងកំពុងដំណើរការនៃការបោះឆ្នោត យល់ល្អជៀសវាងទៅ"។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា ការប៉ុនប៉ងចាប់ខ្លួនអ្នកផ្សព្វផ្សាយឯកសារស្ទង់មតិនេះ គឺជារឿងនយោបាយ ដើម្បីបន្ថយប្រជាប្រិយភាពគណបក្សប្រឆាំង។ លោកចាត់ទុកដូចនេះ ដោយលើកយកចំណុចមួយ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលថា នឹងផ្តល់រង្វាន់ដល់អ្នកដែលឡើងសារភាព ចំពោះការរួមគំនិត ផលិតឯកសារក្លែងក្លាយនោះ៕
No comments:
Post a Comment
yes