មន្ត្រីគ.ជ.ប.ធ្វើសន្និសីទសារព័ត៌មាននៅស្នាក់ការគណៈកម្មាធិការនេះ
ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យបានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឯកសារមួយចំនួនដើម្បីពិនិត្យមើលភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។ ក៏ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ថ្លែងថា ខ្លួនពុំអាចផ្តល់ឯកសារពាក់ព័ន្ធក្នុងការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតដែលកំពុងមានបញ្ហាចម្រូងចម្រាសទេ។ លោក សុខ ខេមរា នៃ វីអូអេបានរាយការណ៍ថា មន្ត្រីគ.ជ.ប.បានអះអាងថា ពេលនេះជាពេលដែលគ.ជ.ប.ជាប់រវល់ខ្លាំង។
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីរកការណ៍ពិតទាក់ទិននឹងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យបានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ផ្តល់ឯកសារមួយចំនួនដែលគេអាចរកឃើញការណ៍ពិតនៃការបោះឆ្នោតទាក់ទងនឹងភាពមិនប្រក្រតី ការបន្លំឈ្មោះ លទ្ធផលឆ្នោតមិនត្រឹមត្រូវ ការចេញលិខិតដល់អ្នកបោះឆ្នោតមិនត្រឹមត្រូវ។ ក៏ប៉ុន្តែគ.ជ.ប.បានពន្យល់ថា ខ្លួនរវល់ក្នុងការដោះស្រាយពាក្យបណ្តឹងនានាដើម្បីពន្លឿនការប្រកាសផ្សាយលទ្ធផលបោះឆ្នោតជាផ្លូវការដំបូងនៅថ្ងៃទី១០ខែសីហាដោយមិនអាចសហការជាមួយសង្គមស៊ីវិលបានទេពេលនេះ។
ក្រុមសង្គមស៊ីវិល ដែលទំនងជាមិនអាចទទួលបានឯកសារមុនការប្រកាសលទ្ធផលបោះឆ្នោតជាបឋមនោះ បានស្នើសុំជាផ្លូវការកាលពីដើមខែសីហា ដើម្បីឲ្យគ.ជ.ប.ប្រគល់ជូនឯកសារយ៉ាងតិចបីប្រភេទដល់ពួកគេគឺបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានបោះរួច។ ឯកសារទាក់ទងនឹងការចេញលិខិតបញ្ជាក់អត្តសញ្ញាណ ហើយនឹងទម្រង់១១០២ និង១១០៤ ដែលទាក់ទងនឹងការកត់ត្រាលទ្ធផលបោះឆ្នោតតាមការិយាល័យនីមួយៗ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប.មិនទាន់បានមើលឯកសារដែលសង្គមស៊ីវិលដែលជាអ្នកសង្កេតការណ៍បោះឆ្នោតបានស្នើសុំនៅឡើយទេ។
លោកនិយាយថា៖ «អញ្ចឹងទេ អ្វីដែលសង្គមស៊ីវិលសុំនោះ វាគ្រាន់តែជារឿងក្រៅមួយទេ ព្រោះថា សង្គមស៊ីវិលគាត់មានភារកិច្ចសង្កេតមើលការបោះឆ្នោត ហើយគាត់ឃើញអី គាត់និយាយរឿងហ្នឹងទៅ។ ហើយការស្រាវជ្រាវរបស់គាត់ហ្នឹងគ្រាន់តែជាចំណែកមួយដែលគាត់ចង់បំពេញឯកសាររបស់គាត់។ អញ្ចឹងទេ គ.ជ.ប.អត់ទាន់បានឆ្លើយតបបញ្ហានេះនៅឡើយទេ»។
លោកទេព នីថាបានបញ្ជាក់ពីអទិភាពរបស់គ.ជ.ប.ថា ពេលនេះគ.ជ.ប.កំពុងបន្តដោះស្រាយបណ្តឹងចំនួន១២៨ឲ្យហើយដើម្បីឲ្យទាន់ប្រតិទិនដែលត្រូវប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដំបូងនៅថ្ងៃ១០ខែសីហា។
លោកនិយាយថា៖ «អញ្ចឹងទេ មិនមែនយើងបដិសេធទេ តែពេលវេលាមិនអនុគ្រោះឲ្យយើងធ្វើអញ្ចឹងទេ ព្រោះការងារត្រូវចំណាយពេលច្រើន។ ហើយម៉្យាងទៀត តាមនីតិវិធីនៃការបោះឆ្នោតហ្នឹង ឯកសារទាំអស់នោះយើងដាក់នៅក្នុងកញ្ចប់មួយ ហើយនីតិវិធីទាល់តែមានបណ្តឹង ហើយនឹងករណីចាំបាច់បានអាចបើកកញ្ចប់អស់នោះ។ ហើយឥឡូវស្រាប់តែអត់មានបណ្តឹងអីសោះ អត់មានបណ្តឹងអីពាក់ព័ន្ធក្នុងរឿងហ្នឹងសោះ ស្រាប់តែសំណើរបស់សង្គមស៊ីវិលមួយសុំទៅបើកអាហ្នឹង។ តើធ្វើបានទេ? ហើយបើអង្គការសង្កេតការណ៍ជាង៣០អង្គការសុំបើកទាំងអស់ ការបោះឆ្នោតហ្នឹងជាយ៉ាងម៉េច នៅពេលអ្នកអត់មានសមត្ថកិច្ចពាក់ព័ន្ធរឿងហ្នឹងស្នើសុំបើកបាន?»
គណបក្សធំៗពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានអះអាងពីជ័យជំន្នះរៀងៗខ្លួន ហើយរំពឹងថា អាចនឹងបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់ អំណាច៣០ឆ្នាំ បានអះអាងថា ខ្លួនទទួលបានអាសនៈ៦៨ក្នុងចំណោមអាសនៈសរុប១២៣ក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិទទួលបានតែ៥៥អាសនៈប៉ុណ្ណោះក្នុងការបោះឆ្នោតជាតិនិតិកាលទី៥កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨។ តែគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាអះអាងថា ខ្លួនទេជាអ្នកឈ្នះការបោះឆ្នោត ដោយបានអះអាងថា ទទួលបានអាសនៈ៦៣ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានតែ៦០អាសនៈប៉ុណ្ណោះ។
គណបក្សជំទាស់មិនទទួលយកលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនឈ្នះទេ ហើយបានចោទប្រកាន់ថា មានភាពមិនប្រកតីច្រើនដែលទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើសំឡេងឆ្នោត និងភាពមិនប្រក្រតី ដូចជាអ្នកបោះឆ្នោត១លាន២សែននាក់មិនបានបោះឆ្នោត ទឹកថ្នាំអាចលាងជ្រះ ហើយត្រូវគេអះអាងថា ជាការបង្កលក្ខណៈងាយស្រួលដល់អ្នកឆ្លៀតឱកាសបោះឆ្នោតពីរទៅបីដង និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណប្រមាញ១លាននាក់ដែលគេរកឃើញថា មានភាពមិនប្រក្រតីជាដើមផងនោះ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះនិចហ្វិក បានអះអាងថា ការធ្វើសវនកម្មលើឯកសារទាំងបីនេះជារឿងសំខាន់ដែលអាចផ្តល់ឲ្យមានទំនុកចិត្តលើការបោះឆ្នោត ថាតើមានភាពមិនប្រក្រតី ឬគ្មាន ហើយតើវាប៉ះពាល់ដល់ការបោះឆ្នោតឬទេ។
លោកនិយាយថា៖ «បញ្ជីឈ្មោះដែលបានបោះឆ្នោតហើយ សង្គមស៊ីវិលត្រូវការគឺចង់ផ្ទៀងផ្ទាត់ ថាតើអ្នកបានបោះឆ្នោតហ្នឹងប៉ុន្មាននាក់ជាក់លាក់ ហើយតើមានការបោះឆ្នោតស្ទួនឬទេ? ហើយប្រភេទឯកសារទីពីរដែលសង្គមស៊ីវិលត្រូវការគឺទំរង់១១០២ និង១១០៤ គឺចង់បញ្ជាក់អំពីលទ្ធផលរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ។ តើផ្ទៀងផ្ទាត់ទៅត្រូវនឹងការបូកសរុបនៅថ្នាក់ឃុំ និងថ្នាក់ខេត្តដែរឬអត់?»
លោកពុទ្ធា ហង្សបានបន្ថែមពីឯកសារទី៣យ៉ាងដូច្នេះថា៖ «ហើយប្រភេទឯកសារមួយទៀតពាក់ព័ន្ធគ្នាដែរគឺក្បាលបញ្ជីនៃការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ពីព្រោះឯកសារបញ្ជាក់អត្ត សញ្ញាណហ្នឹង យើងធ្លាប់រកឃើញថា មានភាពមិនប្រក្រតីក្នុងការចេញឬផ្តល់ឲ្យអ្នកបោះឆ្នោត។ អញ្ចឹងយើងត្រូវការឯកសារទាំងបីដើម្បីផ្ទៀងផ្ទាត់គ្នា ប្រសិនជាមានឈ្មោះហើយ ប៉ុន្តែខ្វះឯកសារហ្នឹង ឬមួយធ្វើឯកសារហ្នឹងបំពេញដើម្បីយកទៅបោះឆ្នោត។ នោះយើងមានមូលដ្នានច្បាស់លាស់ក្នុងការផ្ទៀងផ្ទាត់។ អញ្ចឹងយើងអាចនឹងរកឃើញ ថាតើការចោទប្រកាន់របស់គណបក្សណាៗនោះតើជាការណ៍ពិតឬមិនពិត»។
លោកគល់ បញ្ញា នាយកប្រតិបត្តនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានអះអាងថា ការបោះឆ្នោតនេះពិបាករកឃើញថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ បើគ្មានការបង្ហាញឯកសារដើម្បីជាទុននៃការស៊ើបអង្កេតដោយតម្លាភាពទេនោះ។
លោកនិយាយថា៖ «ប្រសិនបើយើងបានធ្វើរឿងហ្នឹងត្រឹមត្រូវ វាជួយដល់ការដោះស្រាយទំនាស់បោះឆ្នោតក្តី រឿងលទ្ធផលបោះឆ្នោតក្តី ធ្វើឲ្យភាគីទាំងអស់ហ្នឹងមានទំនុកចិត្ត ហើយអ្នកបោះឆ្នោតក៏មានទំនុកចិត្ត។ អញ្ចឹងមានតែតម្លាភាពនៃការអង្កេតទេ ដែលបង្កើនទំនុកចិត្តឡើងវិញ ហើយទាំងអស់គ្នាប្រាកដជាមិនងាកទៅប្រើកម្លាំងនយោបាយអីទេ»។
លោកគល់ បញ្ញាអះអាងទៀតថា ទោះបីជាសេចក្តីថ្លែងការណ៍ទាំងអស់របស់អន្តរជាតិធំៗ ស.រ.អា. អ.ស.ប. សហគមន៍អឺរ៉ុបនិងប្រទេសមួយចំនួនបានកោតសរសើអំពីបរិយាកាសបោះឆ្នោតមែន តែក៏បានទទូចសុំឲ្យគណបក្សនយោបាយកម្ពុជា និងអាជ្ញាធរដោះស្រាយ ឬស៊ើបអង្កេតបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនេះឲ្យបានត្រឹមត្រូវ។
លោកនិយាយថា៖ «ប៉ុន្តែឥឡូវយើងមិនអាចវិនិច្ឆ័យបានទេ ថាស្អីទៅភាពមិនប្រក្រតីដែលធ្ងន់ធ្ងរ ប៉ះពាល់ដល់លទ្ធផលបោះឆ្នោតហ្នឹង ព្រោះទាំងអស់ហ្នឹងវាត្រូវការឲ្យមានការអង្កេតមួយឲ្យបានត្រឹមត្រូវ ហើយមានតម្លាភាព»។
លោកគល់ បញ្ញាថ្លែងដូច្នេះដោយយោងថា តាមច្បាប់បោះឆ្នោត គេអាចឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បោះឆ្នោតឡើងវិញ បើមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ តែដោយសារគ្មានការអនុញ្ញាតឲ្យធ្វើសវនកម្មឯកសារនានាគឺមិនអាចវាយតម្លៃការបោះឆ្នោតបានទេ។
គ.ជ.ប.បានបដិសេធការបង្កើតគណៈកម្មាធិការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតី ដែលគណបក្សជំទាស់ចង់បានអ.ស.ប.និងសង្គមស៊ីវិលឯករាជ្យចូលរួម ដោយចាត់ទុកថា មិនមែនជាសមត្ថកិច្ចរបស់ខ្លួន។
គណបក្សជំទាស់បានគំរាមធ្វើមហាបាតុកម្មអហិង្សា ទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតី ហើយបិទផ្លូវចរចាស្វែងរកដំណោះស្រាយ៕
No comments:
Post a Comment
yes