សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

គណបក្ស​សង្គ្រោះជាតិ​​ប្រាប់​គ.ជ.ប.​ថាខ្លួន​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត

លោក​សម រង្ស៊ី ប្រធាន​​គណបក្ស​​​សង្គ្រោះជាតិ​​​​ជួប​អ្នក​គាំទ្រ​​ ក្រោយ​​ការ​បោះឆ្នោត។​​​
លោក​សម រង្ស៊ី ប្រធាន​​គណបក្ស​​​សង្គ្រោះជាតិ​​​​ជួប​អ្នក​គាំទ្រ​​ ក្រោយ​​ការ​បោះឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​ដោយ​សំអាង​លើ​ភាព​មិន​ប្រក្រតី​ជា​ច្រើន ​ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​និង​បោះ​ឆ្នោត​ឡើង​វិញ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន។​

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដប់​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥។​

នៅ​ក្នុង​លិខិត​កម្រាស់​ពីរ​ទំព័រ​ផ្ញើ​ជូន​លោក​អ៊ឹម​ សួស្តី​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​លោក​សម​ រង្ស៊ី​បាន​គូស​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន ​ដូច​ជា​ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​ ឈ្មោះ​ស្ទួន​ ការ​ធ្វើ​ឲ្យ​ខុស​ឈ្មោះ​ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ មាន​ឈ្មោះ​អ្នក​ដែល​មិន​មាន​អាស័យ​ដ្ឋា​ន​នៅ​ក្នុង​ភូមិ​ ឃុំ។​

លោក​សម​ រង្ស៊ី​លើក​ឡើង​ក្នុង​លិខិត​ដដែល​នោះ​ថា​ អ្នក​បោះឆ្នោត​មួយ​ចំនួន​មិន​បាន​បំពេញ​ព័ត៌មាន​អ្វី​ទាំងអស់​ ឬ​មាន​ព័ត៌មាន​មិន​គ្រប់​គ្រាន់​ គ្មាន​រូប​ថត​ ខ្លះ​មាន​ស្នាម​មេដៃ​បី​ តែ​គឺ​ជា​មនុស្ស​តែ​ម្នាក់​ គ្មាន​ត្រា​សង្កាត់​ ឬ​ ឃុំ​ រីឯ​អ្នកខ្លះ​ទៀត​មិន​បាន​បំពេញ​ឯកសារ​អ្វី​ទាំង​អស់​ ប៉ុន្តែ​មាន​ការ​បោះត្រា​និង​ហត្ថលេខា​ពី​មេឃុំ​ ឬ​ចៅ​សង្កាត់​រួច​ទៅ​ហើយ។​

មួយ​វិញ​ទៀត​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បន្ថែម​ថា​ នៅ​ចំ​ថ្ងៃ​បោះ​ឆ្នោត ​ទឹក​ថ្នាំ​ដែល​ជ្រលក់​ម្រាមដៃ​អ្នក​បោះឆ្នោត​អាច​លុប​ចេញ​វិញ​បាន​ មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្បែរ​មណ្ឌល​បោះឆ្នោត​ មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​គេ​បោះ​ឆ្នោត​ជំនួស​ ប្រជា​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ឬ​មាន​ឈ្មោះ​ខុស​មិន​អាច​បោះ​ឆ្នោត​បាន​ ​មាន​ពលរដ្ឋ​រស់​នៅ​ក្រៅ​តំបន់​បោះ​ឆ្នោត​អាច​បោះ​ឆ្នោត​បាន​ មាន​ការ​ដឹក​ជញ្ជូន​កងទ័ព​មក​បោះ​ឆ្នោត​ មាន​ការ​បិទ​បង្អួច​រាប់​សន្លឹក​ឆ្នោត​ ​ភ្នាក់ងារ​សង្កេត​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​បណ្តេញ​ចេញ​ពេល​រាប់​សន្លឹក​ឆ្នោត​ មាន​ការ​ខុស​តួលេខ​ក្នុង​ហិប​ឆ្នោត​តែ​មួយ​រវាង​សន្លឹក​ឆ្នោត​បាន​ការ​សន្លឹក​ឆ្នោត​ខូច​ សន្លឹក​ឆ្នោត​មិន​បានការ​ ជាដើម។​

លោក​សម​ រង្ស៊ី​បាន​ប្រកាសប្រាប់​លោក​អ៊ឹម​ សួស្តីថា​ យោង​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ ថា៖​«គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​បាន​ទេ»។​

ជាមួយ​គ្នា​នេះ​ លោក​សម​ រង្ស៊ី​បាន​ទទួច​ឲ្យ​គ.ជ.ប.បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដែល​ចូលរួម​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ អង្គការ​សង្គម​ស៊ីវិល​ អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរជាតិ​ ចូលរួម​ដោយ​គ.ជ.ប.​និង​ដោយ​មាន​អង្គការ​សហ​ប្រជាជាតិ​ជា​អាជ្ញា​កណ្តាល។​

ហើយ​គណៈកម្មការ​នេះ​មាន​តួនាទី​ និង​ភារកិច្ច​ស៊ើប​អង្កេត​ វាយ​តម្លៃ​ផល​ប៉ះពាល់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។​

ក្នុង​នោះ​ដែរ​ លោក​សម​ រង្ស៊ី​បាន​ស្នើ​ឲ្យ​គ.ជ.ប.ចុះ​ឈ្មោះ​ឡើង​វិញ​សម្រាប់​អ្នក​បោះឆ្នោត​ដែលបាត់​ឈ្មោះ កែ​តម្រូវ​ឈ្មោះ​ខុស​ឡើង​វិញ​ បោះ​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន​ឡើង​វិញ​ រាប់​សន្លឹក​ឆ្នោត ​និង​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន​ព្រម​ទាំង​កែ​តម្រូវ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គ.ជ.ប.មាន​ប្រសាសន៍​ថា​ គ.ជ.ប.​បាន​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ​ ដោយ​ចាត់​ទុក​ថា​ ការ​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​ជំទាស់។​ ហើយ​មួយ​វិញទៀត ​គ.ជ.ប.​មិន​អាច​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​ការ​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នោះ​ទេ។​

លោក​និយាយថា៖​ «គ.ជ.ប.​មានការ​សោកស្តាយ​ដែល​មិន​អាច​បង្កើត​គណៈ​កម្មការ​តាម​សំណើ​សុំ​របស់​គាត់។ ​ទោះ​យ៉ាងណា​ គ.ជ.ប.​នឹង​ខិតខំ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត​នេះ​តាម​យន្ត​ការ​ច្បាប់​ បទ​បញ្ជា​ និតិ​វិធី​ដែល​មាន​ស្រាប់​ រួម​ទាំង​ការ​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បី​ត្រួត​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដែល​គេ​ដាក់​របាយ​ការណ៍​មក»។​

លោក​ឈាង​ វុន​ សមាជិក​សភា​ និង​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​គ.ជ.ប.​នៅ​ថ្ងៃ​នេះ​ដែរ។​

លោក​និយាយថា៖​ «ខ្ញុំ​នៅ​មិន​យល់​ទេ​ គឺ​មិន​យល់​ថា​ ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​៥៥​កៅអី​ហើយ​នេះ​ លើក​ពី​រឿង​នេះ​ទៀត​គឺ​អស្ចារ្យ​មែន​ទែន។​ ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គាត់​ដើម្បី​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ។​ ខ្ញុំ​ថា ​គួរ​ដល់​ពេល​វេលា​ជួប​គ្នា​ជជែក​ដោះស្រាយ​ទៅ​ ត្រូវការ​អី​ជជែក​គ្នា​ទៅ។​ កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​តទៅ​ទៀត»។​

លោក​ឈាង​ វុន​បន្ថែម​ថា​ ពុំ​មានច្បាប់​ដែល​ចែង​ពី​ការ​ចូលរួម​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ដោះស្រាយ​វិបត្តិ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​
ប៉ុន្តែ​លោក​គុល​ បញ្ញា​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) ​អះអាង​ថា ​ប្រសិន​បើ​ប្រការ​នេះ​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់​គឺ​មាន​ន័យ​ថា​ ច្បាប់​មិន​បាន​ហាមឃាត់​លទ្ធ​ភាព​សម្រាប់​ធ្វើ​នោះ​ទេ​ ដោយ​យោង​តាម​ប្រព័ន្ធ​ប្រទេស​ប្រជា​ធិបតេយ្យ។​


លោក​និយាយថា៖​ «យើង​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស​ និង​ភស្តុ​តាង​ឲ្យ​ត្រឹម​ត្រូវ​ទៅ។​ ហើយ​ទាំងអស់​គ្នា​ត្រូវ​យក​ចិត្តទុក​ដាក់​ដោះស្រាយ ​ដោយ​មាន​ការ​អង្កេត​មួយ​ដែល​ភាគី​នៅ​ក្នុង​ជម្លោះ​នេះ​ទទួល​យក​បាន​ ហើយ​គាត់​ស្រុះ​ស្រួល​គ្នា​ថា​ យន្តការ​នេះ​អាច​ជឿ​ទុក​ចិត្ត​បាន។​ ហើយ​គ.ជ.ប.​អ្នក​ពិនិត្យ​និង​សម្រប​សម្រួល​ក្នុង​រឿង​នេះ»។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ជា​បឋម​នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ។​

​ក្នុង​ពេល​នេះ​ គណបក្ស​ប្រជាជន​ប្រកាស​ថា​ ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​រដ្ឋសភា។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥​អាសនៈ។​

​ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​ ខ្លួន​ឈ្នះ​បាន​៦៣​អាសនៈ​គឺ​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​បី​អាសនៈ​ក្នុង​រដ្ឋសភា ​ដែល​មាន​១២៣​កៅអី៕

No comments:

Post a Comment

yes