
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ ប្រកាសទៅអ្នកគាំទ្រទាំងសុទិដ្ឋិនិយមថា នឹងមានការចរចាបង្កើតឲ្យមានគណៈកម្មការស៊ើបអង្កេតមួយ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសារសហគមន៍អន្តរជាតិមួយចំនួន និងប្រជាជន ជឿជាក់ថា គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
លោក សម រង្ស៊ី ប្រកាសបែបនេះ ខណៈលោកបានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងជាង៩ និង១៥នាទីព្រឹកនេះ ដោយមានអ្នកគាំទ្រ អមដំណើររាប់រយនាក់។
លោក សម រង្ស៊ី បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាភាសាអង់គ្លេស ដោយមានទំនុកចិត្តថា ការចរចាបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នឹងដំណើរការជោគជ័យ។
លោក សម រង្ស៊ី អះអាងដោយជឿជាក់ ពាក់ព័ន្ធនឹងកិច្ចចរចាផ្នែកនយោបាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងយល់ព្រមបង្កើតឲ្យមានគណៈកម្មាការស៊ើបអង្កេតឯករាជ្យ ដើម្បីដោះស្រាយបញ្ហា និងភាពជាប់គាំងផ្នែកនយោបាយនៅពេលនេះ ដោយហេតុថា ប្រជាពលរដ្ឋខ្មែរ និងសហគមន៍បរទេស មិនទទួលយកលទ្ធផលបោះឆ្នោត នៅពេលនេះឡើយ។

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យគណបក្សនយោបាយនៅកម្ពុជា ចូលទៅរកតុចរចា ដោះស្រាយបញ្ហាភាពខុសគ្នា ដោយសន្តិវិធី បន្ទាប់ពីការប្រកាសលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក ជំរុញឲ្យភាគីទាំងអស់ ធ្វើការជាមួយគ្នាសម្រាប់លទ្ធផល ដែលនឹងជាផលប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជា។ លោកស្រីក៏បានអំពាវនាវឲ្យគ្រប់ភាគី ធ្វើការងារដោយសន្តិវិធី និងស្វែងរកដំណោះស្រាយក្នុងជម្លោះបោះឆ្នោត តាមរយៈការចរចា ជាជាងជាគំរាម បំភិតបំភ័យ ការគាបសង្កត់ និងបញ្ហាចលាចលជាហិង្សា។
លោកស្រី Jen Psaki មានបន្ថែមថា អាមេរិកបារម្ភពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងគាំទ្រការស៊ើបអង្កេតពេញលេញ និងមានតម្លាភាព។ នេះជាលើកទីពីរហើយ ដែលសហរដ្ឋអាមេរិកជំរុញឲ្យមានការចរចាគ្នាដោយសន្តិវិធី និងអំពាវនាវឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះការបោះឆ្នោត ។
លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន របស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រចំនួន៣.២លាននាក់ ចំណែកគណបក្សសង្គ្រោះជាតិ មានចំនួន២.៩លាននាក់។ លទ្ធផលនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានក្រុមសមាជិករដ្ឋសភា នៃគណបក្សប្រជាជនកម្ពុជា បដិសេធបន្តកិច្ចប្រជុំជាថ្មីម្តងទៀត ចំពោះការស្នើសុំរបស់ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជុំវិញការជ្រើសរើសក្រុមជំនាញឯករាជ្យ អង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក សម រង្ស៊ី បានបន្តឲ្យដឹងពីគម្រោងបន្ទាប់ ក្រោយពីមកដល់កម្ពុជានៅថ្ងៃនេះថា លោក នឹងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្រ តាមបណ្តាខេត្តនានា ទូទៅប្រទេសកម្ពុជា៕
No comments:
Post a Comment
yes