សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 16, 2013

លោកកឹមសុខា​៖មហា​បាតុកម្ម​អាច​នឹង​កើតមាន​នៅ​ខែក្រោយ​​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

អនុប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ លោក កឹម សុខា ព្រមាន​​ថា មហា​បាតុ​កម្ម​​មួយ​​អាច​​នឹង​​កើត​មាន​ឡើង​​នៅ​ចុង​ខែ​ក្រោយ ប្រសិនបើ​គណបក្ស​ប្រជា​ជន​​កម្ពុជា​​មិន​ព្រម​បង្កើត​​គណៈកម្មការ​ឯករាជ្យ​​មួយ ​ដោះស្រាយ​ភាពមិនប្រក្រតី ហើយ​បង្កើត​រដ្ឋាភិបាល​ដោយ​​ឯក​បក្ស​នោះ​។​

​ថ្លែង​ក្នុង​វេទិកា​​ផ្លាស់ប្តូរ​មតិ​យោបល់ ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​​ឆ្នោត​នៅ​រសៀល ថ្ងៃ​ទី​​១៥ ​ខែ​សីហា លោក កឹម សុខា ថ្លែងថា ពេល​នេះ​ថ្នាក់​ដឹក​នាំ គណបក្ស​​សង្គ្រោះ​​ជាតិ កំពុង​ចរចា​​បង្កើត​​គណៈ​កម្មកា​រឯក​រាជ្យ​មួយ ​ដែល​មាន​សមាសភាព​​គណ​បក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គ​ការ​​សង្គម​ស៊ីវិល និង​មាន​អង្គការសហប្រជាជាតិ ជា​អ្នក​អង្កេត​ការណ៍ ដើម្បី​​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​។​ តែ​​លោក​​បញ្ជាក់​ថា  រហូត​​ដល់​​ថ្ងៃ​​ទី​​១៥​ ខែ​​សីហា ភាគី​ទាំងពីរ​នៅ​មិនទាន់​ឯកភាព​គ្នា​នៅ​ឡើយ​។

​ភាពជាប់គាំង​នេះ លោក កឹម សុខា ព្រមាន​ថា មហា​​បាតុកម្ម​អាច​នឹង​​កើត​មាន ប្រសិនបើ​ការប្រជុំ​សភា​ដំបូង​ចាប់ផ្តើម​នៅ​ចុង​ខែ​កញ្ញា ខណៈ​បញ្ហា​មិន​ទាន់​​ដោះ​ស្រាយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​​​យក​អាសនៈ​របស់​គណបក្សប្រឆាំង ​ឬ​មាន​ការស្នើ​ពីប្រ​ជា​ពលរដ្ឋ​ឲ្យមាន​មហាតុក​ម្មនោះ​ ៖ "បើ​ប្រជា​ពលរដ្ឋ​ថា យី អត់បាន​ទេ គេយកសិទ្ធិគាត់ហើយ គេប្លន់កៅ​អី​​តំណាងរាស្ដ្រគាត់ហើយ គាត់ត្រូវតែទៅ​យក​មក​វិញ​ បងប្អូនក្រោក​ឈរឡើង ធ្វើមហា​បាតុកម្ម​យើង​ខ្ញុំជាអ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ ត្រូវតែគាំទ្រ​ប្រជាពលរដ្ឋ​" ។


​កន្លងមក ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​​ព្រមាន​​ថា ប្រសិនបើ​មហា​​បា​តុ​​កម្ម របស់​គណបក្សប្រឆាំង​​កើតឡើង​នោះ អ្នកគាំទ្រ​លោក​អាច​នឹង​ធ្វើ​មហា​បាតុ​កម្ម​ទប់ទល់​វិញ​។​
​សម្រាប់​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស និង​ជា​មេធាវី​នៃ​សមាគម​​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ លោក នី ចរិយា មានប្រសាសន៍ថា  អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​មាន​តួនាទី​សម្របសម្រួល​បាតុកម្ម​​កុំឲ្យ​មាន​ហិង្សា ពិសេស​ពេល​មាន​បាតុកម្ម​ពីរ​ប្រឆាំង​គ្នា ត្រូវ​បញ្ជៀ​ស​កុំឲ្យ​ក្រុម​ទាំង​ពីរ​ជួបគ្នា​ ៖ "រក្សា​មិនឲ្យ​មាន​ អំពើ​ហិង្សាកើត​ឡើង ​វាអាចកើតឡើង​ពី ភាព​ខាង​ក្រៅ​មក ដោយ​សារ​​តែ​មាន​​ក្រុម​បាតុករ​ណា​ផ្សេង ដែល​ក្រុមបាតុកម្ម ពីផ្ទុយ​គ្នា​ហើយ​បង្ក​ជាហិង្សាអញ្ចឹ​ងអាជ្ញាធរត្រូវមាន​កាតព្វកិច្ចហ្នឹង ​បើ​សិន​ជាមាន​ក្រុមបាតុកម្មណា​​ទៀត​កើត​ឡើង​ដើម្បីប្រឆាំង ត្រូវ​តែបញ្ជៀសចេញឲ្យ​ឆ្ងាយ​ពីគ្នា នេះតាមច្បាប់បាតុកម្ម​" ។

​មាត្រា​១៧​នៃ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​ ចែងថា ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់​វិធាន​ការការពារ​ដល់​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ធានា​រក្សា​សន្តិ​សុខ សុវត្ថិភាព និង​សណ្តា​ប់​ធ្នាប់​​​សាធារណៈ ឲ្យបាន​ល្អ​ប្រសើរ ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក ដល់​​ការប្រព្រឹត្តទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ​។​

​ទោះយ៉ាងណា លោក កឹម សុខា បញ្ជាក់ថា រូបលោក​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ចង់ឲ្យ​មាន​បាតុកម្ម​ទេ ព្រោះ​អាច​នាំ​កើត​រឿង​សោក​នាដកម្ម​​ដល់​​សង្គម​។ តែ​លោក​ថា ប្រសិនបើ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះ​ឆ្នោត​មិន​មាន​​ដំណោះស្រាយ ហើយ​ពលរដ្ឋ​ផ្ទុះ​បាតុកម្ម​ឡើង​នោះ លោក​នឹង​គាំទ្រ​ពលរដ្ឋ​។ លោក​​បន្ត​ថា មហា​តុ​កម្ម​ដែល​លោក​រៀបចំ​​នឹង​ធ្វើ​ឡើង​សន្តិវិធី​មិនឲ្យ​មាន​ហិង្សា​កើតឡើង​ទេ​ ៖ "យើង​ខ្ញុំនឹងសូម​អំ​ពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​​ទាំង​អស់ ដែលធ្វើមហាបាតុកម្ម​នោះ ដោយ​អហិង្សា អហិង្សា អហិង្សាបាទ បើធ្វើបាតុកម្ម​ក៏យើងធ្វើដោយ​អហិង្សាដែរបាទ​ ហើយ​​យើង​ត្រូវតែធ្វើបើថា សម្រេច​ធ្វើហើយ​ ធ្វើរហូត​ដល់​ជោគ​ជ័យ"។

​ដើម្បី​ជៀសវាង​​​មហា​វិនាសកម្ម ដែល​បង្ក​ការឈឺចាប់​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ​​នោះ លោក ឡៅ ម៉ុង ហៃ ជា​អ្នកវិភាគ​បញ្ហា​សង្គម​មួយរូប អំពាវនាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​បង្ហាញ​ជំហរ​ចរចា​គ្នា ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​។ លោក ឡៅ ម៉ុង ហៃ បញ្ជាក់ថា ប្រសិន​បើ គណបក្ស​​ប្រជាជន​កម្ពុជា បញ្ឈប់​ការដាក់​កម្លាំង​ទ័ព​ពង្រាយ​គំរាម​បក្សប្រឆាំង ហើយ​ចំណែក​គណបក្សប្រឆាំង​បញ្ឈប់​ការ​គំរាម​យក​កម្លាំង​មហា​ជន​​ធ្វើបាតុកម្ម នោះ​ដំណោះស្រាយ​សម​ស្រប​មួយ​នឹង​កើត​ចេញពី​ការចរចា​ ជាមិនខាន៕

No comments:

Post a Comment

yes