សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

បក្ស​ប្រឆាំង​គំរាម​មិន​ចូល​សភា​និង​ធ្វើ​មហា​បាតុកម្ម

130807_01
ប្រជាពលរដ្ឋ​ ជាច្រើន ចូល​រួម​នៅ​ឯសួន​សេរី​ភាព​កាលពី​​ម្សិលមិញ​ នៅ​ពេល​​លោក​ សម រង្ស៊ី​ 
ប្រធា​ន​បក្ស​សង្គ្រោះជាតិ​ ​ថ្លែង​អំណរ​គុណ​​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​បក្ស​លោក​
នៅ​ក្នុង​សុន្ទរកថា ដ៏​ខ្លាំង​ក្លា​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ​បាន​ប្តេជ្ញា​ថា គណបក្ស​លោក​នឹង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដំបូង​ទេ ប្រសិន​បើ​គ្មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ហើយ​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​មហា​បាតុកម្ម​តវ៉ា ប្រសិន​បើ​លទ្ធផល​បឋម​មិន​ត្រូវ​កែ​តម្រូវ​ដើម្បី​បង្ហាញ​អំពី​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី បាន​ថ្លែង​ទាំង​សំឡេង​ស្អកៗ នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក​ឡើង​យន្តហោះ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​ពិធី​មង្គលការ​កូន​ស្រី​លោក​ថា៖ «យើង​ប្តេជ្ញា​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​លួច​ជ័យជម្នះ​របស់​ប្រជាជន​ខ្មែរ​ទេ»។ «កុំ​គំរាម​កំហែង​យើង។ យើង​មិន​ខ្លាច​ទេ យើង​នឹង​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ»។
កាល​ពី​ថ្ងៃ​សៅរ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ច្រាន​ចោល​ជា​ផ្លូវ​ការ អំពី​ការ​ចូល​រួម​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ចម្រុះ ដោយ​ថ្លែង​ថា វា​នឹង​ជា​ការ​ខុស​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ក្រៅ​ពី គ.ជ.ប និង​គណបក្ស​នយោបាយ​ចូល​រួម។ បើ​ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា ការ​ចូល​រួម​របស់​អ្នក​តាម​ដាន​បរទេស​និង​ក្នុង​ស្រុក​ក្នុង​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​ជា​ការ​គ្រប់​គ្រាន់​ក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ឲ្យ​ពួក​គេ​ចូល​រួម​នៅ​ក្នុង​កម្រិត​បច្ចេកទេស។

កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ដដែល​អំពី​ចំណុច​នោះ​ថា ការ​ស៊ើប​អង្កេត​ដែល​មាន​អ្នក​ខាង​ក្រៅ​ចូល​រួម គឺជា​អ្វី​ដែល​គណបក្ស​លោក​ចង់​បាន។
លោក​បន្ត​ថា៖ «យើង​មិន​ចង់​ធ្វើ​ការ​តវ៉ា​ទេ។ ប្រសិន [គណបក្ស​ប្រជាជន​កម្ពុជា] ចង់​បញ្ចៀស​ការ​ធ្វើ​បាតុកម្ម ខ្លួន​ត្រូវ​តែ​ដោះស្រាយ [បញ្ហា​នេះ] ឲ្យ​បាន​ត្រឹម​ត្រូវ»។
ខណៈ​តួលេខ​លទ្ធផល​បឋម ប្រកាស​ដោយ គ.ជ.ប ត្រូវ​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អះអាង​ថា បាន​ឈ្នះ ៦៨ អាសនៈ ទល់​នឹង ៥៥ អាសនៈ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​គណបក្ស​ប្រឆាំង​បាន​អះអាង​តាំង​ពី​ដំបូង​ថា ចំនួន​អាសនៈ ដែល​ពួក​គេ​ឈ្នះ គឺ​មាន​ចំនួន​ច្រើន​ជាង​នេះ​។ កាល​ពី​សប្តាហ៍​មុន គណបក្ស​នេះ​ប្រកាស​ថា ខ្លួន​បាន​ឈ្នះ​យ៉ាង​ហោច​ណាស់ ៦៣ អាសនៈ នៃ​អាសនៈ ១២៣ របស់​សភា ដោយ​ផ្អែក​ទៅ​លើ​តួលេខ​ដែល​ប្រមូល​បាន​ពី​អ្នក​សង្កេតការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត។
កាល​ពី​ម្សិលមិញ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រកាស​ថា តួលេខ​នោះ​គឺ​រឹត​តែ​ខ្ពស់​ជាង​មុន​ទៀត ហើយ​អះអាង​ថា រដ្ឋាភិបាល​កាន់​អំណាច​បាន​ដឹង​យ៉ាង​ច្បាស់។
លោក​ថ្លែង​ថា៖ «នៅ​ម៉ោង ៥ ល្ងាច [ថ្ងៃ​បោះឆ្នោត] លទ្ធផល​ត្រូវ​បាន​ផ្តល់​មក​ឲ្យ​ខ្ញុំ។ យើង​បាន​ឈ្នះ ៧០ ភាគរយ​។ នៅ​ពេល​ពួក​គេ​ឮ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ៧០ ភាគរយ ពួក​គេ​បាន​ប្រាប់​ឲ្យ​នរណា​ម្នាក់​ចេញ​លទ្ធផល ថា ៦៨ ទល់​នឹង ៥៥ អាសនៈ ហើយ​ពួក​គេ​បញ្ជា​ឲ្យ​នរណា​ម្នាក់​ប្រាប់​ទៅ គ.ជ.ប ឲ្យ​ប្រកាស​តាម​លទ្ធផល​នេះ​»។ លោក​បន្ថែម​ថា ជាង ៧០ ភាគរយ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​មន្រ្តី​រាជការ គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។
លោក សម រង្ស៊ី ក៏​បាន​យក​ការ​ឈឺចាប់​នេះ​លើក​ឡើង​អំពី​ការ​អះអាង​ដដែលៗ​របស់ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មន្រ្តី​រដ្ឋាភិបាល​កំពូល​ដទៃៗ​ទៀត ដោយ​បាន​ថ្លែង​ថា ប្រសិន​បើ​គណបក្ស​ធ្វើ​ពហិការ រដ្ឋាភិបាល​នឹង​ចាត់​ទុក​តាម​ច្បាប់​ថា អាសនៈ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បោះបង់​ចោល ហើយ​នឹង​បែង​ចែក​ឡើង​វិញ។ នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​លើក​ឡើង​អំពី​ទិដ្ឋភាព​ច្បាប់ និង​ក៏​ព្រមាន​ថា ការ​ធ្វើ​ពហិការ​ជា «ការ​ធ្វើ​ផ្ទុយ​ពី​ព្រះ​មហាក្សត្រ»។
លោក សម រង្ស៊ី បាន​តប​វិញ​ថា តាម​ពិត​ព្រះ​មហាក្សត្រ​មិន​យល់​ព្រម​នឹង​សភា​មួយ​ដែល​សមាជិក​ជាច្រើន​បាន​ធ្វើ​ពិហការ​នោះ​ទេ។
លោក​ថ្លែង​ថា៖ «កុំ​និយាយ​កុហក។ គ្មាន​នរណា​ម្នាក់​ជឿ​ទេ»។ «ព្រះ​មហាក្សត្រ គឺជា​ព្រះ​មហាក្សត្រ​ខ្មែរ ហើយ​បើ​ព្រះអង្គ​ប្រថាប់​ត្រា [លើ​សភា] ព្រះអង្គ​នឹង​ជា​ព្រះ​មហាក្សត្រ​របស់​គណបក្ស»។
លោក សុន ឆ័យ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា បើ​ទោះ​មាន​ការ​គំរាម​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន វា​មិន​ទំនង​ជា​គណបក្ស​នោះ​នឹង​យក​អាសនៈ​របស់​បក្ស​សង្គ្រោះ​ជាតិ ហើយ​ឲ្យ​ព្រះ​មហាក្សត្រ​ផ្តល់​សច្ចាប័ន​នោះ​ទេ​។ លោក​បន្ត​ថា៖ «វា​គ្រាន់​តែ​ជា​ការ​គំរាម​។ អ្នក​ឯង​មិន​អាច​មាន​សភា​មាន​សមាសភាព​តែ​គណបក្ស​ប្រជាជន​ទេ។ មិន​អាច​ទៅ​រួច​ទេ កុំ​ស្រមៃ​ថា សភា​កម្ពុជា​មាន​អាសនៈ ១២៣ សុទ្ធ​តែ​សមាជិក​គណបក្ស​ប្រជាជន វា​មិន​អាច​ទៅ​រួច​ទេ»។
បើ​ទោះ​ជា​ការ​ជួប​ជុំ​នេះ​មិន​ដល់​មួយ​ម៉ោង​ក៏​ដោយ ក៏​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ស្រែក​ពេញ​សួន​សេរីភាព និង​តាម​ដង​ផ្លូវ​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​ស្រែក​ថា «ប្តូរ» និង «ឈ្នះ»។
ក្រុម​អ្នក​គាំទ្រ នៅ​ក្នុង​លក្ខណ​សន្តិវិធី​និង​រីករាយ តែ​ភាគ​ច្រើន​ហាក់​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចេញ​តវ៉ា​នៅ​តាម​ផ្លូវ​បើ​សិន​លោក សម រង្ស៊ី ឲ្យ​សញ្ញា។
អ្នក​ស្រី មាស ចាន់ថាវី អាយុ ៦០ ឆ្នាំ ដែល​មក​ពី តាខ្មៅ ដើម្បី​ចូល​រួម​ការ​ជួប​ជុំ​នេះ​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ចោរ​លួច​និង​ប្លន់​។ ពួក​គេ​មិន​ត្រឹម​តែ​លួច​ពី​ខ្ញុំ​ទេ ប៉ុន្តែ​បាន​លួច​ពី​ប្រជាជន​ជា​ច្រើន​។ ខ្ញុំ​មិន​បារម្ភ [អំពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​ថា នឹង​មាន​ភាព​អស្ថិរភាព] ទេ ពី​ព្រោះ ខ្ញុំ​មាន​បទ​ពិសោធ​ពី​ឆ្នាំ ១៩៩៨។ ខ្ញុំ​នឹង​មក​ហើយ​ធ្វើ​បាតុកម្ម បើ​សិន​ចាំ​បាច់​ខ្ញុំ​ត្រូវ​មក ខ្ញុំ​មិន​ខ្លាច​នោះ​ទេ»។
រដ្ឋាភិបាល​បាន​រិះគន់​ការ​អះអាង​របស់​លោក សម រង្ស៊ី ដោយ​កត់​សម្គាល់​ថា គណបក្ស​នេះ​បាន​ប្រកាស​អំពី​ចេតនា​មិន​គោរព​លទ្ធផល​តាំង​ពី​មុន​ការ​បោះឆ្នោត។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា៖ «មិន​ថា​លទ្ធផល​យ៉ាង​ម៉េច​ទេ ពួកគេ​នឹង​មិន​គោរព​ឡើយ»។ លោក​សង្កត់​ធ្ងន់​ថា ការ​ចូល​រួម​របស់​អង្គការ​សហ​ប្រជាជាតិ​គឺជា​ការ​បំពាន​លើ​គោល​នយោបាយ​ផ្ទាល់​របស់ គ.ជ.ប។
លោក​បន្ត​ថា៖ «វា​ធ្វើ​ឡើង​ដោយ​ចំហ​និង​តម្លាភាព​ណាស់​កាល​ពេល​ពិនិត្យ​សន្លឹក​ឆ្នោត លោក សម រង្ស៊ី ក៏​នៅ​ទី​នោះ អង្គការខុម ហ្វ្រែល ក៏​នៅ​ទី​នោះ ពួក​គេ​មិន​បាន​រក​ឃើញ​កំហុស​ណា​មួយ​ទេ»៕ 

No comments:

Post a Comment

yes