ប្រជាពលរដ្ឋមួយចំនួន និងសមត្ថកិច្ចប្រចាំខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ពួកគេបានប្រទះឃើញការចល័តរថពាសដែក និងទាហាន ប្រមាណជាង២០គ្រឿង ឆ្លងតាមខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន កំពុងព្រួយបារម្ភពីសុវត្ថិភាព ក្រោយការបោះឆ្នោត។
ពលរដ្ឋមួយរូបដែលបានឃើញការចល័តរថពាសដែកនេះ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា គាត់បានឃើញរថពាសដែក និងរថយន្តដឹកទាហានប្រមាណជាង២០គ្រឿង ធ្វើដំណើរទៅរាជធានីភ្នំពេញ ពេលលោកធ្វើដំណើរកាត់តាមស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នៅលើគេហទំព័រហ្វេសប៊ុក មានការបង្ហោះរូបភាពនៃរថពាសដែក ដែលប្រជាពលរដ្ឋថតបានពេលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាម។ នៅថ្ងៃទី០៨ខែសីហានេះ នៅផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ពលរដ្ឋថតបានរថពាសដែកជាជួរ បរឆ្លងកាត់។
អធិការរងនគរបាលស្រុកជើងព្រៃ ដែលសុំមិនប្រាប់ឈ្មោះបានបញ្ជាក់ថា ពិតជាមានការចលាតទ័ពពិតមែន។ តែអធិការនគរបាលស្រុកជើងព្រៃ លោក ហេង វុទ្ធី បានបដិសេធឆ្លើយតប ថាលោកមិនដឹង។
ចំណែកនៅខេត្តកណ្តាល មានសេចក្តីរាយការណ៍ថា កងកម្លាំងនគរបាលខេត្ត ប្រមាណជាង៥០០នាក់ បានប្រមូលផ្ដុំគ្នា នៅស្នងការដ្ឋាននគរបាលកាលពីព្រឹកថ្ងៃទី៨ ខែសីហា ដើម្បីត្រៀមធ្វើការទប់ស្កាត់ និងអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលនឹងជួបបញ្ហាគ្រោះទឹកជំនន់ នាពេលខាងមុខនេះ។ អ្នកវិភាគបញ្ហាសង្គម លោកអ៊ូ វីរៈ មើលឃើញថា មានការចល័តកម្លាំងមែន ប៉ុន្តែការចល័តកម្លាំងនេះ មិនមែនសម្រាប់ធ្វើសង្គ្រាមអ្វីនោះទេ ៖ “ប្រសិនជាយើងមើលទៅ រៀបចំដើម្បីទប់ស្កាត់ ឬមួយក៏ថែរក្សាសណ្តាប់ធ្នាប់នៅពេលមានការបាតុកម្មធំ នេះគឺមានមែន មានការប្រែប្រួលច្រើន បើតាមខ្ញុំមើល មិនមែនជាការទប់កម្លាំង ទៅធ្វើសង្គ្រាមទេ”។
មន្ត្រីការពារសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក ចាន់ សុវ៉េត បង្ហាញពីការព្រួយបារម្ភថា ការដាក់កម្លាំងទ័ព និងអាវុធ អាចធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងអាចឲ្យមានចលាចល ប្រសិនបើរដ្ឋាភិបាលមិនចេញមុខបកស្រាយលើបញ្ហានេះទេ។ អ្នកវិភាគមួយចំនួន លើកឡើងថា រដ្ឋាភិបាល កំពុងតែបង្ហាញរូបភាពបំភិតបំភ័យពលរដ្ឋ កុំឲ្យចូលរួមបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលដឹកនាំដោយលោក សម រង្ស៊ី។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ប្រាប់កាលពីថ្ងៃពុធថា ចាប់ពីមុនបោះឆ្នោតរហូតមកដល់ពេលនេះ កងកម្លាំងប៉ូលិស មិនមានចល័តទ័ពខុសប្រក្រតីនោះទេ គឺចល័តតាមភារកិច្ចរៀងៗខ្លួនធម្មតា មិនមានអ្វីប្រែប្រួលខុសប្រក្រតីនោះទេ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងជឿទុកចិត្តលើសមត្ថកិច្ច ៖ “មកទល់ម៉ោងនេះ សភាពការណ៍អត់មានអ្វីគួរឲ្យព្រួយបារម្ភអ្វីទេ នេះជម្រាបជូនប្រជាពលរដ្ឋ សភាពការណ៍យើងធម្មតាទេ អត់មានអីត្រូវជម្លៀសខ្លួនទៅណាអីទេ”។
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា ពេលនេះមិនមានការចល័តកងកម្លាំងប្រដាប់អាវុធអ្វីនោះទេ ពោលសភាពការណ៍ មានលក្ខណៈធម្មតា។ ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភនឹងសន្តិសុខ និងសុវត្ថិភាពនៅពេលនេះ និងទៅថ្ងៃខាងមុខ នៅពេលការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។
អ្នកខ្លះត្រៀមជាស្បៀងអាហារបម្រុងទុក អ្នកខ្លះសម្រុកដកលុយ និងអ្នកខ្លះទៀត ចុះទៅតាមបណ្តាខេត្ត ដើម្បីសុវត្ថិភាព។ ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនេះ ដោយសារតែគណបក្សកាន់អំណាច ផ្សាយព័ត៌មានពីភាពអវិជ្ជមាន បន្ទាប់ការបោះឆ្នោតរួច។
ទោះជាយ៉ាងណា លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ព្រោះលោកគិតថាមិនមានអ្វីកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋនោះទេ ៖ “គណបក្សកាន់អំណាច ត្រូវតែប្រយ័ត្នប្រយែង នៅក្នុងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដែលចេះតែផ្សព្វផ្សាយ អំពីភាពអវិជ្ជមានក្នុងសង្គម អញ្ចឹងហើយបានជាប្រជាពលរដ្ឋ ចេះតែមានការភ័យខ្លាច ដោយសារគាត់មានការបាក់ស្បាត តាំងពីមុខមក តាំងពីសង្គ្រាមស៊ីវិល ប៉ុន្មានសិបឆ្នាំមកហើយនោះ”៕
No comments:
Post a Comment
yes