រៀងរាល់ពេលនៃការបោះឆ្នោត ប្រជាពលរដ្ឋប្រកាន់គណបក្សនយោបាយក្រៅពីគណបក្សកាន់អំណាច ត្រូវបានមនុស្សមួយចំនួនក្នុងតំបន់រស់នៅជាមួយព្យាបាទ។ កាលពីបោះឆ្នោតមុនៗ សកម្មជន និងអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងបក្ស សម រង្ស៊ី ដែលជាគូប្រកួតដ៏ខ្លាំងក្លាជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានគេលួចធ្វើឃាត ឬចោទបានប្រព្រឹត្តបទល្មើសផ្សេងៗ ហើយចាប់ដាក់គុកជាដើម។
ប៉ុន្តែ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ នេះ សកម្មជនគណបក្សសង្គ្រោះជាតិ បានប្រកួតដណ្ដើមសន្លឹកឆ្នោតជាមួយគណបក្សកាន់អំណាចនៅខេត្តកំពង់ចាម និងខេត្តកំពត បានរងនូវការគំរាមដុតផ្ទះ។
សមត្ថកិច្ចប៉ូលិសសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ បានស៊ើបអង្កេតករណីភ្លើងឆេះផ្ទះស្លឹកមួយក្នុងភូមិកំពង់រលីង។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម លោក សឹង្ហ ចាន់អូន ថ្លែងថា ករណីភ្លើងឆេះផ្ទះក្នុងភូមិកំពង់រលីង សមត្ថកិច្ចសន្និដ្ឋានដំបូងជាការលួចដុត៖ «ការចុះទៅត្រួតពិនិត្យឃើញថា មានគេដុតមែន ប៉ុន្តែយើងកំពុងតែធ្វើការស្រាវជ្រាវរកនៅឡើយ»។
ម្ចាស់ផ្ទះឆេះ លោក លួន ហុន អាយុ ៤៣ឆ្នាំ ថ្លែងថា ក្រោយពីគាត់បានគាំទ្រគណបក្សសង្គ្រោះជាតិ និងបានចេញមុខហែក្បួន និងចូលរួមឃោសនាជាមួយគណបក្សសង្គ្រោះជាតិ មក ក្រុមគ្រួសារគាត់ក៏រងនូវការគំរាមកំហែង។ ស្រាប់តែនៅថ្ងៃទី៧ ខែសីហា ម៉ោងជាង ៧ព្រឹក ពេលក្រុមគ្រួសារគាត់ចេញទៅស៊ីឈ្នួលដកស្ទូងនៅឆ្ងាយពីភូមិ ស្រាប់តែផ្ទះគាត់ត្រូវភ្លើងឆេះ។ លោកថា ភ្លើងបានឆេះពីកន្លែងលាងចានឆ្នាំង មិនបានឆេះពីកន្លែងចង្ក្រានបាយដែលនៅទិសខុសគ្នាទេ។ ប៉ុន្តែ ការឆេះនោះមិនទាន់ឆេះទាំងស្រុងទេ ដោយសារអ្នកភូមិ និងកូនប្រុសគាត់រត់មកពន្លត់ទាន់។
លោក លួន ហុន បន្តថា ផ្ទះគាត់ក្រីក្រមិនមានឥវ៉ាន់ធំដុំទេ។ តែកង់បានឆេះ និងឆេះដំបូលផ្ទះ ហើយឥវ៉ាន់តិចតួចបានឆេះដែរ។ លោកសុំឲ្យសមត្ថកិច្ចជួយរកមុខជនដៃដល់៖ «២ខែ ៣ខែមុន គេគំរាមដែរ ប៉ុន្តែគំរាមហ្នឹង គឺអត់ទាន់ចំមុខ។ វាគ្រាន់តែគំរាមតាមរយៈកូនខ្ញុំ និងប្រពន្ធខ្ញុំមកនិយាយប្រាប់»។
លោក ហុន ហុង អាយុ ២២ឆ្នាំ ជាកូន លោក លួន ហុន ថ្លែងថា គាត់កំពុងជួយដកសំណាបចម្ងាយជាង ១០០ម៉ែត្រ ពីខាងក្រោយផ្ទះឪពុក។ នៅម៉ោងជាង ៧ព្រឹក អ្នកភ្ជួរស្រែស្រែកថា មានផ្សែងហុយនៅម្តុំផ្ទះឪពុកគាត់។ គាត់រត់ឡើងមក ក៏ឃើញភ្លើងឆេះពីខាងកើតផ្ទះផ្នែកខាងក្រោយចម្ងាយជាង ៤ម៉ែត្រ ពីចង្ក្រានបាយដែលនៅពីទិសខាងលិច។ លោកថា នៅពេលគាត់ពន្លត់ លោកធុំក្លិនប្រេងជះមកលើផ្ទះស្លឹកនោះ៖ «ពេលឆេះហ្នឹង ខ្ញុំទៅពន្លត់អត់មានឃើញមនុស្សអីទេ ឃើញតែភ្លើងឆេះហ្មង ពេលពន្លត់ហ្នឹងមានធុំប្រេងធុំអីទៀត»។
អ្នកនៅជិតផ្ទះ លោក លួន ហុន ឈ្មោះ ខាត់ អឿន ថ្លែងថា ផ្ទះ លោក លួន ហុន មានអ្នកលួចដុត ព្រោះ លោក លួន ហុន ត្រូវគេគំរាមភរិយាគាត់កុំឲ្យចូលរួមចលនាជាមួយគណបក្សសង្គ្រោះជាតិ កន្លងមក។
ចៅសង្កាត់រងសង្កាត់សំបួរមាស លោក សៀរ សេងសុខុន ថ្លែងថា លោក លួន ហុន ជាគ្រួសារក្រីក្រមិនដែលបង្កជម្លោះជាមួយអ្នករស់នៅក្បែរទេ។ លោកមិនទាន់សន្និដ្ឋានថា ផ្ទះ លោក លួន ហុន ឆេះនេះបណ្ដាលមកពីការលួចដុតដោយប្រកាន់និន្នាការនយោបាយ ឬយ៉ាងណាទេ។ លោកថា ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតបញ្ហាឆេះផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ នោះហើយ៖ «ក្នុងរឿងឆេះផ្ទះហ្នឹងគួបផ្សំរឿងសម្ពាធនយោបាយកន្លងមកនោះមានគេទៅព្រមាន គាត់ថាគាត់ក្ររហេមរហាមម៉េចក៏ចាំបាច់ទៅចូលអីគណបក្សហ្នឹង តាំងចិត្តយកអីទៀត បានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀត»។
ដូចគ្នាដែរ ផ្ទះ លោក ជិន អឿន ជាអតីតអធិការស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នជាអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្ត ត្រូវបានគេលួចដុតដូចគ្នា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ម៉ោងជាង ១០យប់។ ភ្លើងឆេះអស់រោងផ្ទុកចំបើងចម្ងាយ ៥ម៉ែត្រពីផ្ទះ មិនទាន់រាលដាលដល់ផ្ទះឈើធំទេ។ លោក ជិន អឿន អះអាងថា ក្នុង ៧ឃុំនៃស្រុកជុំគីរី គណបក្សសង្គ្រោះជាតិ ឈ្នះ ៦ឃុំ ស្រាប់តែយប់ថ្ងៃ៣១ ខែកក្កដា រោងចំបើងគាត់ឆេះអស់ទាំងស្រុង ព្រោះតែគាត់មិនព្រមប្ដូរគណបក្សតាមការអូសទាញរបស់មន្ត្រីគណបក្សកាន់អំណាចដែលព្យាយាមពន្យល់គាត់ និងសន្យាផ្តល់តំណែងឲ្យគាត់នោះ៕
No comments:
Post a Comment
yes