
ជនពិការបោះឆ្នោតនៅការិយាល័យនៅឃុំមនោរម្យ ខែត្រមណ្ឌលគិរី
កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣
គណៈកម្មការឃុំរៀបចំការបោះឆ្នោតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង រងការចោទប្រកាន់ថា បានកាត់ប្រាក់ឈ្នួលការងារពីមន្ត្រីក្រោមឱវាទរបស់ខ្លួន ខណៈដែលពួកគេបានបម្រើការងារក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។ អតីតបុគ្គលិកគណៈកម្មការឃុំរៀបចំការបោះឆ្នោត បានលើកឡើងថា បុគ្គលិកបម្រើការងារក្នុងការិយាល័យបោះឆ្នោត ត្រូវបានគេកាត់ប្រាក់ឈ្នួលទៅតាមឋានានុក្រម គឺទាបបំផុត ៥ពាន់រៀល។
ការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមន្ត្រីគណៈកម្មការឃុំរៀបចំការបោះឆ្នោតកាត់ប្រាក់ឈ្នួលទាំងនោះ ស្ថិតក្នុងឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អតីតបុគ្គលិកគណៈកម្មការឃុំរៀបចំការបោះឆ្នោត បានអះអាងថា ការកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកបម្រើការបោះឆ្នោត ពុំមានហេតុផលត្រឹមត្រូវឡើយ។ លោកថា អ្នកដែលកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកទាំងនោះ ជាមន្ត្រីដែលមានអំណាចក្នុងគណៈកម្មការឃុំរៀបចំការបោះឆ្នោត។
អតីតជំនួយការបោះឆ្នោតម្នាក់ គឺលោក លូង ហឿន បម្រើការនៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សា ឈ្នះជ័យលើ ឃុំរាធរ មានប្រសាសន៍នៅថ្ងៃទី១៤ សីហា ថា គេកាត់ប្រាក់ឈ្នួលភាគច្រើនចាប់ពីបុគ្គលិកបម្រើការងារក្នុងតំណែងប្រធានការិយាល័យបោះឆ្នោតចុះក្រោម៖ «ក្នុងម្នាក់កាត់ប៉ុន្មានបង? កាត់តាមតួនាទី គឺប្រធានកាត់ ៨ពាន់រៀល អនុប្រធានកាត់ ៧ពាន់ លេខាកាត់ ៦ពាន់ ជំនួយការទី១ ជំនួយការទី២ កាត់ ៥ពាន់ ហើយសណ្ដាប់ធ្នាប់ក៏កាត់ ៥ពាន់រៀលដែរ។ មានដឹងថាគាត់កាត់ចំនួនលុយហ្នឹងយកទៅធ្វើអីដែរបង? បាទ! ខ្ញុំអត់ដឹងផង អត់ដឹងថាគាត់យកទៅធ្វើអីទេ។ ហើយការដែលកាត់ហ្នឹង កាត់គ្រប់កន្លែងតែម្ដង ឬក៏កាត់តែចំពោះកន្លែងបងទេ? បាទ! ខ្ញុំនិយាយនេះ ខ្ញុំស្ដាប់បានតែ ២កន្លែងទេ គេកាត់ហ្នឹង។ ប៉ុន្តែ បើតាមនេះទៅ គេកាត់ទាំងអស់ហ្មង ខ្ញុំស្ដាប់បាននេះគេកាត់ទាំងអស់ មិនថាមណ្ឌលខ្ញុំ ឬមណ្ឌលផ្សេងៗទេ កាត់ទាំងអស់គ្រប់តែគ្នា»។
ឆ្លើយតបទៅនឹងបញ្ហានេះ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំរាធរ ថ្លែងថា លោកពុំបានដឹងជុំវិញបញ្ហាការកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកបោះឆ្នោតនេះឡើយ៖ «ខ្ញុំអត់ដឹងទេបង ខ្ញុំអត់ដឹងផង ខ្ញុំអត់បានផង ខ្ញុំអត់ដឹងផង សួរមេសួរមេបង»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង លោក ហួត ផាន បង្ហាញថា លោកពុំមានគោលការណ៍ចំពោះការកាត់ប្រាក់ឈ្នួលរបស់បុគ្គលិកតាមមណ្ឌលបោះឆ្នោតនោះឡើយ៖ «អត់ទេៗ ហាមដាច់ខាតពាក់ព័ន្ធពីរឿងលុយកាក់ហ្នឹង អត់មានឲ្យនរណាកាត់របស់គេទេ អត់ទេបាទ។ ហើយចាំមើលខ្ញុំស្រាវជ្រាវមើល បើសិនជាមានមែន គឺថាខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកណាដែលគេប្រព្រឹត្តខុសហ្នឹង ខ្ញុំមិនអនុញ្ញាតឲ្យធ្វើរបៀបហ្នឹងទេ»។
តែយ៉ាងណាក៏ដោយ អតីតបុគ្គលិកបម្រើការងារបោះឆ្នោត បានអះអាងថា ការបោះឆ្នោតឃុំសង្កាត់កន្លងមក ក៏មានការកាត់ប្រាក់ឈ្នួលពីមន្ត្រីបម្រើការបោះឆ្នោតនៅតាមមណ្ឌលការិយាល័យបោះឆ្នោតដូចគ្នានេះដែរ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ក្នុងការបោះឆ្នោតនេះនៅឃុំរាធរ មានការិយាល័យបោះឆ្នោតទាំងអស់ចំនួន ១៣ការិយាល័យ និងមានមន្ត្រីបម្រើការងារបោះឆ្នោតរបស់ខ្លួនចំនួន ៧៣នាក់៕
No comments:
Post a Comment
yes