សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

អ្នក​គាំទ្រCNRPម្នាក់​ត្រូវ​អ្នកគាំទ្រCPPម្នាក់​វាយ​សម្លាប់

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជន​ល្មើស​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ម្នាក់​វាយ​នឹង​ដំបង​ស្លាប់​ក្នុង​វង់​ផឹក​ស៊ី ពី​ល្ងាច​ថ្ងៃ​ទី៥ សីហា​នៅ​ឃុំ សំរោងធំ ស្រុក កៀនស្វាយ។
ទាំង​បង​ប្អូន​ជន​រងគ្រោះ​និង​សមត្ថកិច្ច មិន​សន្និដ្ឋាន​ថា ការ​ស្លាប់​នេះ​ពាក់ព័ន្ធ​នឹង​ជម្លោះ​និន្នាការ​នយោបាយ​ឡើយ​។ តែ​មន្ត្រី​សមាគម អាដហុក ដែល​ចុះ​ធ្វើការ​អង្កេត​ពី​ថ្ងៃ​អង្គារ​បាន សន្និដ្ឋាន​ថា ទោះ​ការ​ផឹក​ស៊ី​មិន​ជជែក​គ្នា​រឿង​នយោបាយ តែ​បុរស​ជា​ជន​ល្មើស​ធ្លាប់​គំរាម​កំហែង​អ្នក​ភូមិ​ផ្សេងៗ មិន​ឲ្យ​លើក​ស្លាក​បក្ស​ប្រឆាំង។
ជន​រងគ្រោះ​ដែល​ត្រូវ​គេ​វាយ​ស្លាប់​មុខ​ផ្ទះ​ខ្លួន មាន​ឈ្មោះ ជិន វ៉ាន់ដន អាយុ ២៥ ឆ្នាំ រីឯ​ជន​ល្មើស​ត្រូវ​ជា​ឪពុក​ធំ​សាច់​ថ្លៃ​ឈ្មោះ ចិន ឡុញ អាយុ ៤២ឆ្នាំ ជា​សន្តិសុខ​ប្រជា​ការពារ​ភូមិ ព្រែកត្រែង ៣។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ព្រះ​តេជគុណ ជិន វ៉ាន់ឌី ព្រះជន្ម ២៣ វស្សា ជា​ប្អូន​របស់​ជន​រងគ្រោះ កាល​ពី​ម្សិលមិញ។
ព្រះ​តេជគុណ មាន​សង្ឃដីកា​ពី​ផ្ទះ​បុណ្យ​បូជា​សព​ជន​រងគ្រោះ​ថា ៖ «សព​បង​ប្រុស​អាត្មា ត្រូវ​ជន​ល្មើស​វាយ​ចំ​កញ្ចឹង​ក ២ ដំបង ឯ​អ្នក​ដទៃ​ពេល​ឃើញ​ជន​ល្មើស​រត់​ដេញ​វ៉ៃ​គាត់ ស្មាន​តែ​ជា​ការ​លេង​សើច​ផឹក​ស៊ី មាន​ដឹង​ថា វាយ​ខ្លាំង​រហូត​ដល់​ស្លាប់​ឯណា ព្រោះ​គាត់​ធ្លាប់​លេង​សើច​ជាមួយ​គ្នា​បែប​នេះ​ពី​មុន​មក»។
លោក លី លីន ជំទប់ ទី១ ឃុំ សំរោងធំ ឲ្យ​ដឹង​ថា ជន​ល្មើស​រត់​គេច​ខ្លួន​បាត់​តាំង ១៥ នាទី​ក្រោយ​ជន​រងគ្រោះ​ស្លាប់ មិន​ដឹង​ថា គេ​ទៅ​លាក់​ខ្លួន​នៅ​ទី​ណា​ទេ​។ លោក​ថា វង់​ផឹក​ស៊ី​មាន​គ្នា ៥ នាក់ ជន​រងគ្រោះ​និង​ជន​ល្មើស​ភ្នាល់​គ្នា​ឲ្យ​ផឹក​ស្រា​ស​ម្នាក់ ១៥ លីត្រ​តែ​ជន​រងគ្រោះ​មិន​ព្រម និង​មាន​ការ​ជជែក​តឹង​សរសៃ​ក​ដាក់​គ្នា។
លោក​ថា ៖ «គ្មាន​នរណា​ប្រាប់​ថា គេ​ជជែក​គ្នា​ពី​រឿង​គណបក្ស​ឡើយ គ្រាន់​តែ​ថា​ជន​រងគ្រោះ​នេះ​គ្មាន​តំណែង​អ្វី​ក្នុង​បក្ស​ប្រឆាំង​ទេ តែ​វា​គាំទ្រ​ខ្លាំង​ក្លា​ហើយ​ដើរ​ហែ​ក្បួន​គ្រប់​ពេល​ក្នុង​យុទ្ធនាការ​ឃោសនា។ ឯ​ជនល្មើស មិន​ចូល​ចិត្ត​អ្នក​ចេញ​មុខ​គាំទ្រ​បក្ស​ប្រឆាំង រហូត​ដល់​ធ្លាប់​មាន​ដើរ​បញ្ជា​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ដោះ​ស្លាក​ចេញ​ពី​មុខ​ផ្ទះ​ទៀត​ផង»។
ប៉ុន្តែ នគរបាល​មូលដ្ឋាន​បដិសេធ​ថា នេះ​មិន​មែន​ជា​ករណី​នយោបាយ​អ្វី​ឡើយ និង​ថា​គ្រាន់​តែ​ជា​ករណី​បង្ក​ហិង្សា​ដល់​ស្លាប់ រវាង​បង​ប្អូន​ឯង​ក្នុង​ជម្លោះ​ផឹក​ស៊ី​តែ​ប៉ុណ្ណោះ។
លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក កៀនស្វាយ ឲ្យ​ដឹង​ថា ៖«យើង​កំពុង​តាម​រក​ជន​ល្មើស​ដែល​មាន​អត្តសញ្ញាណ​ហើយ​នេះ។ យើង​គិត​ថា នេះ​មិន​មែន​ជា​រឿង​នយោបាយ​អី​ឡើយ ទោះ​បង​ប្អូន​បក្ស​ផ្សេង​គ្នា​ក៏​ដោយ»។
ប៉ុន្តែ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស អាដហុក បញ្ជាក់​ថា ករណី​នេះ​ត្រូវ អាដហុក ចាត់​ទុក​ថា ដោយ​សារ​អ្នក​ទាំង​ពីរ​មាន​និន្នាការ​ផ្សេង​គ្នា អាច​ធ្លាប់​មាន​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ រហូត​ដល់​មាន​ការ​ផឹកស៊ី​និង​មាន​ការ​ប្រើ​ហិង្សា​ដល់​ស្លាប់។
លោក ចរិយា បន្ត​ថា ៖ «យើង​មិន​ចោទ​ថា មាន​ការ​រៀប​ចំ​ពី​ថ្នាក់​លើ​ជា​ប្រព័ន្ធ​ឲ្យ​មាន​ការ​សម្លាប់​អ្វី​ទេ តែ​ខ្ញុំ​យល់​ថា មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​លក្ខណៈ​បុគ្គល​ដែល​មាន​និន្នាការ​ខុស​គ្នា ហើយ​មាន​ការ​គុំ​គ្នា​ក្នុង​ចិត្ត»។


ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ធ្វើ​ការ​កត់​ត្រា​បាន​ករណី​ប្រមាណ ៥ ជា​ករណី​គំរាម​កំហែង បំបាក់​ស្មារតី​ដល់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក្នុង​នោះ​ជនល្មើស​ច្រើន​តែ​ជា​អាជ្ញាធរ​មូលដ្ឋាន៕

No comments:

Post a Comment

yes