សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

ពលរដ្ឋ​ជិត១០០គ្រួសារ​នៅ​ខេត្តកោះកុងទទួល​ដំណឹង​ពី​ការ​បណ្តេញ​ចេញ

ពលរដ្ឋ​ជិត ១០០ គ្រួសារ​រស់នៅ​ក្នុង​ស្រុក គិរីសាគរ​និង បទុម​សាគរ ខេត្ត កោះកុង ត្រូវ​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ ទី២០ កញ្ញា ក្នុង​ការ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​និង​ស្រែ​ចម្ការ​របស់​ខ្លួន តាម​សេចក្តី​ជូន​ដំណឹង​របស់​អន្តរ​ក្រសួង ដើម្បី​ទុក​ដី​ឲ្យ​ក្រុមហ៊ុន Union Development ធ្វើ​ការ​អភិវឌ្ឍ ក្នុង​គម្រោង​ដែល​ផ្តល់​ដោយ​រាជ​រដ្ឋាភិបាល។
យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​លោក អៀង ឡៃ ប្រធាន​ក្រុម​ការងារ​ចម្រុះ​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី០១ ខែ តុលា ឆ្នាំ​នេះ ក្រុមហ៊ុន យូញៀន នឹង​យក​គ្រឿង​ចក្រ​ទៅ ឈូស​ឆាយ​រៀបចំ​ដី​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។
ក្នុង​នោះ​ដែរ ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​ស្រុក បទុម​សាគរ និង គិរីសាគរ​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ធ្វើ​ការ​រុះរើ​ផ្ទះ​តង់​ឬ​ខ្ចម​ដែល​ធ្វើ​នៅ​លើ​ដី​ក្រុមហ៊ុន និង​ចាក​ចេញ​ទៅ​កាន់​ភូមិ​ថ្មី ឲ្យ​បាន​មុន​ថ្ងៃ​ទី២០​ខែ កញ្ញា​នេះ​ជា​កំហិត។
សេចក្តី​ជូន​ដំណឹង នេះ​ព្រមាន​ថា៖ «បើ​បង​ប្អូន​មិន​ព្រម​រុះ​រើ​ចេញ​ពី​ដី​ក្រុមហ៊ុន​ទេ ពេល​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ប៉ះពាល់​ខូច​ខាត​របស់​របរ​នោះ​ក្រុម​ការងារ​ចម្រុះ​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​មិន​ទទួល​ខុស​ត្រូវ​ឡើយ»។
ពលរដ្ឋ​ឈ្មោះ ផាន់ អេង​អាយុ ៥៧ ឆ្នាំ​រស់​នៅ​ស្រុក បទុម​សាគរ​ប្រាប់​ថា អាជ្ញាធរ​បាន​បិទ​សេចក្តី​ជូន​ដំណឹង​នេះ​តាម​តូប​លក់​ដូរ​និង​តាម​ផ្ទះ ពលរដ្ឋ ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម​ចាក​ចេញ​នោះ​ទេ បើ​គ្មាន​សំណង​ណា​មួយ​ពី​ក្រុមហ៊ុន។ គាត់​បន្ត​ថា៖ «អាជ្ញាធរ​បាន​រៀបចំ​ភូមិ​ថ្មី​នៅ​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ​ពី​ភូមិ​ចាស់ ជា​ទីតាំង​នៅ​ក្នុង​ព្រៃ មិន​អាច​រស់​នៅ​បាន»។ គាត់​ថា៖ «ឲ្យ​យើង​ទៅ​រស់​នៅ​ម៉េច​កើត បើ​សុទ្ធ​តែ​ព្រៃ​នៅ​ទី​នេះ​យើង​មាន​ដី​ស្រែ​ចម្ការ​តាំង​ពី​ឆ្នាំ ១៩៩៩»។
អ្នក​ស្រី ឡៃ គៀន អាយុ ៥៣ ឆ្នាំ​ជា​អ្នក​ភូមិ​ម្នាក់​ទៀត​ប្រាប់​ថា ដី​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​នេះ​ក្រុម​និស្សិត​មិន​វាស់​វែង​នោះ​ទេ​។ គាត់​ថា៖ «ខ្ញុំ​មិន​ចេញ​ដាច់​ខាត បើ​គ្មាន​សំណង​ព្រោះ​ខ្ញុំ​មាន​ដី​ជិត ១០ ហិកតា​ធ្វើ​ស្រូវ​ចិញ្ចឹម​ជីវិត»។
លោក អ៊ន ភារៈ អភិបាល​ស្រុក បទុមសាគរ​ថ្លែង​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ព្រម​ផ្លាស់​ទីលំនៅ​ទៅ​រស់​នៅ​ភូមិ​ថ្មី​ហើយ។ លោក​ថា​៖ «​អ្នក​នៅ​សល់​ពួក​គាត់​គួរ​តែ​ចាក​ចេញ​ទៅ​ភូមិ​ថ្មី​នោះ​ដូច​គ្នា»។
ពលរដ្ឋ​ដែល​មិន​បាន​សំណង​បាន​ដាក់​ពាក្យ​ប្តឹង​មក​សមាគម​សិទ្ធិ​មនុស្ស លីកាដូ និង អាដហុក ចាប់​តាំង​ពី​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ឆ្នាំ ២០១០​ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​និង​បាន​សំណង​ពី​ក្រុមហ៊ុន៕

No comments:

Post a Comment

yes