លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានអញ្ជើញគណបក្សប្រឆាំងជួបប្រជុំនិងពិភាក្សាអំពីរបៀបដែលគណបក្ស ទាំងពីរអាចបែងចែកអំណាចនិងបង្កើតរដ្ឋាភិបាលរួមគ្នា។ នេះបើតាមលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានថ្លែងអះអាងកាលពីម្សិលមិញ។
ថ្លែងទៅកាន់អ្នកគាំទ្រប្រហែល ៤០០ នាក់នៅវេទិកាអ្នកបោះឆ្នោត នៅទីស្នាក់ការគណបក្សនៅ ទួលគោក លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិ ទោះយ៉ាងណាមិនចាប់អារម្មណ៍នឹងរដ្ឋាភិបាលចម្រុះទេ ហើយក៏មិនចូលរួមរដ្ឋាភិបាលរហូតទាល់តែ «យុត្តិធម៌ត្រូវបានផ្តល់ឲ្យ»។
លោកបន្តថា ៖ «គណបក្សកាន់អំណាចបានអញ្ជើញ [គណបក្សសង្គ្រោះជាតិ] ជួបប្រជុំ ដើម្បីចែកអំណាចនៅក្នុងសភានិងក្នុងរដ្ឋាភិបាល។ ប្រសិនបើយើងចូលរួម យើងនឹងមានវាសនាដូច [អតីតដៃគូរដ្ឋាភិបាលចម្រុះ] គណបក្ស ហ៊្វុនស៊ិនប៉ិច»។
លោកថ្លែងទៀតថា ៖ «យើងត្រូវតែស្វែងរកយុត្តិធម៌ឲ្យអ្នកបោះឆ្នោតជាមុនសិនហើយទាល់តែបន្ទាប់ចំពោះទើបយើងនឹងយក [អាសនៈរបស់យើង] នៅក្នុងរដ្ឋសភានិងបង្កើតរាជរដ្ឋាភិបាល»។
អ្នកនាំពាក្យគណបក្សប្រជាជននិងជាតំណាងរាស្រ្ត លោក ជាម យៀប បានច្រានចោលការអះអាងរបស់លោក កឹម សុខា កាលពីល្ងាចម្សិលមិញ។
លោកថ្លែងថា៖ «គណបក្សរបស់ខ្ញុំមិនបានផ្ញើសារទៅ [គណបក្សសង្គ្រោះជាតិ] ទេ។ ប្រសិនបើគណបក្សនោះមិនចូលរួមជាមួយគណបក្សរបស់ខ្ញុំ [នៅក្នុងរដ្ឋាភិបាល] គណបក្សរបស់ខ្ញុំនឹងធ្វើតែម្នាក់ឯង។ គណបក្សសង្គ្រោះជាតិមិនយល់ព្រមទៅតាមឆន្ទៈរបស់ប្រជាជនដែលបានបោះឆ្នោតឲ្យគាត់ចំនួន ៥៥ អាសនៈនៅក្នុងសភាទេ»។
លោក ជាម យៀប បានចង្អុលបង្ហាញទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ ដែលចែងថា សំឡេងត្រឹមតែ ៥០ បូក ១ នៅក្នុងសភា គឺអាចបង្កើតរាជរដ្ឋាភិបាលបានហើយ។
លោកអះអាងបន្តថា៖ «ច្បាប់ត្រូវការតែ ៦៣ អាសនៈហើយ [យើង] មាន ៦៨ អាសនៈ ដូច្នេះគ្មានបញ្ហាទេ។ មិនមានភាពជាប់គាំងខាងនយោបាយទេ»។
នៅក្នុងសុន្ទរកថា កាលពីម្សិលមិញដែរ លោក កឹម សុខា បានបញ្ជាក់ថា ជាមួយនឹងការស៊ើបអង្កេតហ្មត់ចត់ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត គណបក្សសង្គ្រោះជាតិនឹងស្នើសុំឲ្យមានសម្បទាននយោបាយមួយចំនួន និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខ្លះ ប្រសិនបើគណបក្សលោកនឹងទទួលយកអាសនៈក្នុងសភា។
លោកបានបន្តថា៖ «ការសន្យា [ដែលនិយាយ] ថា មកហើយចូលរួមសិន ហើយបន្ទាប់មក [យើង] នឹងផ្លាស់ប្តូរនេះនិងផ្លាស់ប្តូរនោះ យើងមិនជឿទេ [ចំពោះការសន្យាបែបនេះ]»។
លោកបានអះអាងថា បាតុកម្មទ្រង់ទ្រាយធំ គឺជា «ជម្រើសចុងក្រោយ» ហើយលោកបានបន្ថែមថា ប្រសិនបើកងកម្លាំងដែលស្មោះនឹងរដ្ឋាភិបាលធ្វើការវាយប្រហារ ឬបាញ់ទៅលើក្រុមអ្នកគាំទ្រដែលគ្មានអាវុធក្នុងករណីមានការតវ៉ា នោះតុលាការយុត្តិធម៌អន្តរជាតិនឹង «ចាត់វិធានការ»។
និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ រេន ចាន់រិទ្ធិ អាយុ ២៧ ឆ្នាំ ដែលបានចូលរួមវេទិកានេះថ្លែងថា គាត់ជឿថានិស្សិតភាគច្រើនបំផុតបានត្រៀមខ្លួននឹងតស៊ូឲ្យមានការផ្លាស់ប្តូរប្រកបដោយសន្តិវិធី។
និស្សិតរូបនេះបានបន្តថា៖ «ខ្ញុំប្រាកដណាស់នឹងគាំទ្រការតវ៉ាពីព្រោះប្រជាជនឥឡូវនេះ កំពុងស្រែកទាមទារយុត្តិធម៌សម្រាប់ប្រទេសរបស់យើង អំណាចនៃប្រជាប្រិយភាពនឹងឈ្នះលើភាពផ្តាច់ការនិងយោធា»៕
No comments:
Post a Comment
yes