សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​តាម​ជនបទ​នឹង​បួង​សួង​សុំ​សន្តិភាព​នៅ​ថ្ងៃ​៧​កញ្ញា

សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់​នៅ​ខេត្ត​ប៉ែក​និរតី បាន​សម្រេច​ចិត្ត​ថា​នឹង​ចូល​រួម​ក្នុង​មហា​បាតុកម្ម​អហិង្សា​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ប៉ុន្តែ អ្នក​ដែល​រស់​នៅ​តាម​ស្រុក​ឆ្ងាយៗ​ក្នុង​ខេត្ត​តាកែវ គឺ​ពុំ​មាន​លទ្ធភាព​នឹង​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​នៅ​រាជធានី​ភ្នំពេញ​ទេ។

អ្នក​ដែល​មិន​បាន​ចូល​រួម​បាតុកម្ម​អហិង្សា​ទាំង​នោះ បាន​ជ្រើស​រើស​យក​ការ​ជួប​ប្រជុំ​គ្នា​រៀប​ចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ហើយ​បួង​សួង​នៅ​តាម​វត្ត​អារាម ក្នុង​គោល​បំណង​រួម​ទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
ក្រុម​ប្រឹក្សា​ស្រុក និង​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​តាកែវ អះអាង​ថា ពួក​គេ​មិន​បាន​ទៅ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី៧ កញ្ញា ទេ ព្រោះ​ចំ​រដូវ​ធ្វើ​ស្រែ។ ទន្ទឹម​នោះ ពួក​គេ​បាន​ទទួល​ព័ត៌មាន​ថា មាន​សមត្ថកិច្ច​រាយ​បណ្ដាក់​គ្នា​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​ស្ទើរ​គ្រប់​ស្រុក ឃាត់​អ្នក​ដំណើរ​ដែល​មាន​បំណង​ចូល​ទៅ​ភ្នំពេញ។ ប៉ុន្តែ ពួក​គេ​នឹង​ចូល​រួម​ទាមទារ​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត តាម​ការ​ធ្វើ​ពិធី​តាម​បែប​សាសនា​ពី​មូលដ្ឋាន​ដែល​ពួក​គេ​រស់​នៅ។
ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​អង្គរបុរី លោក អ៊ុំ គាវ ថ្លែង​ថា មនុស្ស​ប្រមាណ ២០០ ទៅ ៣០០​នាក់ នឹង​ចូល​រួម​បួង​សួង​នៅ​វត្ត​ភ្នំដា សុំ​សន្តិភាព​ផង សុំ​ឲ្យ​សន្លឹក​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​គេ​បំបាត់​បាន៖ «យើង​ចង់​បួង​សួង​ឲ្យ​បារមី​អតីត​ព្រះមហាក្សត្រ ដែល​កកើត​ទឹក​ដី​នគរ​កម្ពុជា យើង​នៅ​កន្លែង​ខ្ញុំ​ហ្នឹង ដើម្បី​សុំ​ឲ្យ​មាន​សន្តិភាព ហើយ​សុំ​ឲ្យ​មាន​ភាព​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ យើង​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ទទួល​បាន​ជោគជ័យ​ហ្នឹង ឲ្យ​វា​ពិត​ជា​បាន​ជោគជ័យ ព្រោះ​ថា ប្រជាជន​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ គ្រប់​ទី​កន្លែង​ទាំងអស់ ហើយ​បែរ​ជា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​មិន​ត្រឹមត្រូវ»
ជំទប់​ទី២ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី លោក ផែង សំអាត ថ្លែង​បន្ត​ថា ដើម្បី​រួម​ចំណែក​ក្នុង​ការ​ចូល​រួម​មហា​បាតុកម្ម​ដោយ​ប្រយោល​ពី​ស្រុក​អង្គរបុរី ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​វត្ត​ភ្នំដា ព្រោះ​គាត់​ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ទូទាំង​ប្រទេស៖ «ក្រោយ​ពី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ហើយ ក៏​ឡើង​ទៅ​លើ​ប្រាសាទ​ភ្នំដា ដើម្បី​ធ្វើ​ពិធី​បន់​ស្រន់​រក​សន្តិភាព កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ចំពោះ​បញ្ហា​ខ្មែរ និង​ខ្មែរ​ទៀត ហើយ​ឲ្យ​មាន​ដំណោះ​ស្រាយ​សន្លឹក​ឆ្នោត​ហ្នឹង ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ»
ក្រុម​ប្រឹក្សា​ស្រុក​គិរីវង់ លោក ចក់ ហុន និង​លោក គន់ សេង ក្រុម​ប្រឹក្សា​ស្រុក​បូរីជលសារ ថ្លែង​ដូច​គ្នា​ថា មិន​នាំ​គ្នា​ចូល​រួម​មហា​បាតុកម្ម​នៅ​ភ្នំពេញ​ទេ តែ​នាំ​គ្នា​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​សមាធិ​សុំ​សន្តិភាព​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​រួប​រួម​គ្នា ដើម្បី​ប្រទេស​កម្ពុជា គ្មាន​សង្គ្រាម។
ព្រះចៅ​អធិការ​វត្ត​ភ្នំដា ព្រះនាម វ៉ែន រុន មាន​ថេរ​ដីកា​ថា ការ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ គឺ​ជា​សកម្មភាព​ល្អ ដើម្បី​ជម្រះ​ចិត្ត​រើសអើង​គ្នា​រវាង​អ្នក​កាន់​គណបក្ស​នយោបាយ​ខុស​គ្នា ហើយ​ក៏​ដើម្បី​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិន​ត្រូវ​ការ​សង្គ្រាម ឬ​ការ​គុំកួន​ឈ្នានីស​កាប់​សម្លាប់​គ្នា៖ «ឲ្យ​តែ​មាន​សភាព​មួយ​ដែល​ធ្វើ​ដោយ​សច្ចវាចា ហើយ​ធ្វើ​ដោយ​សេចក្តី​គោរព នឹក​រលឹក​ដល់​ពពួក​ទេវតា ដែល​ជា​អ្នក​រក្សា​ស្រុក​ទេស និង​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម ដែល​ជា​អ្នក​ថែ​រក្សា​ប្រទេស​ជាតិ ជា​អ្នក​ស្មោះត្រង់​ស្រឡាញ់​ជាតិ​នោះ ទេវតា​ទាំងអស់​នឹង​ជួយ​ថែ​រក្សា​នូវ​ប្រជាពលរដ្ឋ​ណា​ដែល​មាន​ចិត្ត​ស្មោះ​នឹង​ប្រទេស​ជាតិ។ ធ្វើ​អីចឹង​ជា​ការ​ល្អ​មួយ​ដែរ»
គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មួយ​ព្រឹក នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ដើម្បី​ទាមទារ​ឲ្យ គ.ជ.ប ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត។ ចំណែក​ពលរដ្ឋ​នៅ​ភាគ​និរតី​ជាច្រើន ដែល​មាន​លទ្ធភាព​ចូល​រួម​មហា​បាតុកម្ម កំពុង​ធ្វើ​ដំណើរ ខ្លះ​ជា​ក្រុម ខ្លះ​ជា​ឯកជន ចូល​ទៅ​កាន់​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment

yes