សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 6, 2013

ពលរដ្ឋ​តាម​ខេត្ត​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ភ្នំពេញ

ប្រជាពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ខេត្ត​មួយ​ចំនួន កំពុង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ខាង​មុខ​នេះ។ ពួក​គាត់​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​រូបភាព​ផ្សេងៗ​គ្នា ដើម្បី​លាក់​បំបាំង​ពី​ការ​ហាម​ឃាត់​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច ដែល​គេ​ដាក់​កម្លាំង​ត្រៀម​ការពារ​នៅ​តាម​ចំណុច​គោលដៅ​សំខាន់ៗ​ជា​ច្រើន​នៅ​ឯ​ទីក្រុង​ភ្នំពេញ។

សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ពាន់​នាក់ អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ភ្នំពេញ ហើយ​និង​អ្នក​ខ្លះ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​តាម​ក្រោយ ក្នុង​គោលដៅ​រួប​រួម​គ្នា​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីក្រុង​ភ្នំពេញ ដែល​មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ប្រជាពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ពួក​គាត់​មាន​ឆន្ទៈ និង​គោលដៅ​ដូច​គ្នា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​គណបក្ស​ប្រឆាំង។ ពួក​គាត់​យល់​ថា លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន៖ «ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ គ.ជ.ប ដែល​អត់​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នេះ ព្រោះ​អី គ.ជ.ប មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដោយសារ​ការ​បើក​កញ្ចប់ "ក" ជា​ច្រើន​កន្លែង ឃើញ​ថា មាន​ចំហ ហើយ គ.ជ.ប នេះ គាត់​បាន​លួច​បន្លំ​គ្រប់​រូបភាព​តាំង​ពី​មុន​បោះ​ឆ្នោត និង​បោះ​ឆ្នោត ហើយ​លួច​បន្លំ​ទៀត​អ៊ីចឹង ពួក​យើង​ជា​ប្រជាពលរដ្ឋ នឹង​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ទាំងអស់​គ្នា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ភ្នំពេញ»

គណបក្ស​សង្គ្រោះ​ជាតិ កន្លង​ទៅ​នេះ បាន​ប្រកាស​ដឹក​នាំ​ក្បួន​ធ្វើ​មហា​បាតុកម្ម​អហិង្សា ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ក្រុម​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ក្នុង​រូបភាព​ផ្សេង​ពី​គ្នា​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា។
ប្រជាពលរដ្ឋ​ឈ្មោះ សុខ សុខា ថ្លែង​ថា នៅ​ក្រុង​ប៉ោយប៉ែត ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។ ភាព​មិន​ប្រក្រតី និង​ភាព​លម្អៀង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ ដែល​ញ៉ាំង​ឲ្យ​ពួក​គាត់​មាន​ទឹក​ចិត្ត​រួម​គ្នា​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​មក​វិញ៖ «ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ឃើញ​ថា ប្រជាជន​មាន​ការ​ពុះ​កញ្ជ្រោល​ទាំង​ក្មេង​ទាំង​ចាស់ ទាំង​ប្រុស​ទាំង​ស្រី​ហ្នឹង គាត់​ចង់​ទៅ​ណាស់ ទោះ​បី​ជា​ចំណាយ​លុយ​ខ្លួន​ឯង​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​ចង់​ទៅ​ដែរ គោលដៅ​របស់​គាត់​ចង់​បាន​ភាព​យុត្តិធម៌ ចង់​បាន​លទ្ធផល​របស់​គាត់​ដែល​គាត់​ខំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ហើយ​បែរ​ជា គ.ជ.ប ហ្នឹង​ប្រកាស​ថា​ចាញ់​ទៅ​វិញ អ៊ីចឹង​គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត គាត់​ចង់​បាន​យុត្តិធម៌​ឲ្យ​សមស្រប​តាម​ឆន្ទៈ​របស់​ពួក​គាត់»
អ្នក​ចូល​រួម​ទាំង​នោះ​សុទ្ធតែ​អះអាង​ថា ពួក​គាត់​ស្ម័គ្រ​ចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​មួយ​គណបក្ស​ប្រឆាំង។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក គង់ វណ្ណា ថ្លែង​ថា អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម មាន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត គោល​បំណង​សំខាន់​របស់​គេ គឺ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​កន្លង​ទៅ។ លោក​បន្ត​ថា លទ្ធផល​បោះ​ឆ្នោត​កន្លង​ទៅ​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ឡើង។ ជាក់​ស្ដែង ដូច​ជា​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៖ «បង​ប្អូន​មួយ​ចំនួន អ្នក​ខ្លះ​មាន​ឈ្មោះ​នៅ​កាស៊ីណូ មក​បោះ​នៅ​វិទ្យាល័យ​អូរជ្រៅ រួច​ការ​ធ្វើ​ដំណើរ​ពី​កាស៊ីណូ មក​វិទ្យាល័យ​អូរជ្រៅ ឆ្ងាយ​ដែរ ដ៏​អ៊ីចឹង គាត់​រក​ឈ្មោះ​នៅ​កាស៊ីណូ អត់​ឃើញ មក​ឃើញ​នៅ​វិទ្យាល័យ​អូរជ្រៅ»
លោក គង់ វណ្ណា បន្ត​ថា នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​ដែល​កើត​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ក្រោម​ហេតុ​ផល​ពុំ​ពេញ​ចិត្ត​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ឯ​ទីក្រុង​ភ្នំពេញ៖ «ជា​រួម នៅ​ក្រុង​ប៉ោយប៉ែត សមាជិក​សង្គ្រោះ​ជាតិ មាន​ការ​ផុសផុល មាន​ឆន្ទៈ​ចូល​រួម​ធ្វើ​បាតុកម្ម គាត់​បាន​ទៅ​មួយ​ចំនួន​ធំ ហើយ​ដែល​គាត់​បាន​ជិះ​ឡាន​ខ្លួន​គាត់ ខ្លះ​ទៅ​តាម​ឡាន​ឈ្នួល ខ្លះ​រូបភាព​ផ្សេង​ពី​គ្នា មិន​មែន​ជា​ក្រុម​ទេ បំបែក តែ​ទៅ​ក្នុង​គោលដៅ​តែ​មួយ។ គាត់​មាន​ការ​ភ្ញាក់​រឭក​គិត​ដល់​រឿង​ប្រទេស​ជាតិ ស្រុក​យើង​មាន​អន្តោប្រវេសន៍​ចូល​ច្រើន​មក គាត់​មាន​ការ​បារម្ភ​ដូច​ជា​ការ​បោះ​ឆ្នោត​អ៊ីចឹង​ដែរ ការ​បោះ​ឆ្នោត​នេះ មួយ​ចំនួន​មាន​ឈ្មោះ​បោះ​អ៊ីចឹង គាត់​ក៏​បោះ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត​សុទ្ធតែ​ប្រជាពលរដ្ឋ និង​សមាជិក​គាំទ្រ»
នៅ​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ទិដ្ឋភាព​ទូទៅ​គេ​សង្កេត​ឃើញ​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ រួម​ទាំង​មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក និង​នាំ​គ្នា​តាម​ដាន​មើល​ព្រឹត្តិការណ៍​នានា​ដែល​កំពុង​កើត​មាន​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ រីឯ​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ខេត្ត​ទាំង​បី​នេះ ក៏​មិន​ឃើញ​មាន​សកម្មភាព ឬ​មាន​វិធាន​ការ​ធំ​ដុំ​ណា​មួយ ក្នុង​ការ​រារាំង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ឯ​ទីក្រុង​ភ្នំពេញ នោះ​ឡើយ ហើយ​រូបភាព​នេះ​ខុស​ប្លែក​ពី​សកម្មភាព​នៅ​ឯ​ទីក្រុង​ភ្នំពេញ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ដាក់​កង​កម្លាំង​មាន​សមត្ថកិច្ច​ការពារ​យ៉ាង​តឹងរ៉ឹង៕

No comments:

Post a Comment

yes