យ៉ាងហោចអតីតបុរីកីឡាបីនាក់ នៅព្រឹកវេលាម៉ោងជាង១០នេះ សន្លប់នៅខាងមុខសាលារាជធានីភ្នំពេញ បន្ទាប់ពីក្រុមអ្នកតវ៉ា ដែលមានជម្លោះដីធ្លី បានប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច។
នៅវេលាម៉ោងប្រមាណ ៩:៤៥ ព្រឹកថ្ងៃពុធនេះ អ្នកមានជម្លោះដីធ្លីនៅតំបន់បុរីកីឡា បឹងកក់ និងសហគមន៍ផ្សេងទៀត បានសម្រេចបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យអាជ្ញាធរពន្លឿនការចុះវាស់វែងដីធ្លីជូនពួកគាត់ ដូចដែលសាលារាជធានីបានសន្យា។បន្ទាប់ពីបិទផ្លូវមួយសន្ទុះ កម្លាំងសមត្ថកិច្ច ក៏បានប្រតិបត្តិការបំបែកអ្នកតវ៉ា ដើម្បីសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរ។
មុនការបិទផ្លូវ អតីតអ្នកបុរីកីឡា បានដង្ហែជាក្បួនពីតំបន់បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា សំដៅមកសាលារាជធានីភ្នំពេញ។ ពេលដង្ហែមកដល់ខាងមុខវិមានសន្តិភាព ក្បែរទីស្តីការគណៈរដ្ឋមន្ត្រី ពលរដ្ឋ បានប៉ះទង្គិចគ្នាជាមួយកម្លាំងសមត្ថកិច្ច បណ្តាលឲ្យយុវនារីម្នាក់អាយុ១៤ឆ្នាំ សន្លប់ និងអ្នកផ្សេងទៀត រងរបួសស្រាល។
VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុនបានបណ្ដេញចេញកាលពីដើម ឆ្នាំ២០១២៕
No comments:
Post a Comment
yes