លោក សុខ គង់
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនសូគីម៉ិច គ្រុប (Sokimex Group) បានឲ្យដឹងកាលពីម្សិលមិញថា ទីតាំងដីដែលមានទំហំ៥.០០០ម៉ែត្រក្រឡារបស់ក្រុមហ៊ុនពហុជំនួញក្នុងស្រុកនេះដែលស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ ក្បែរវត្តឧណ្ណាលោម និងផ្សារកណ្តាល អាចជាទីតាំងថ្មីមួយសម្រាប់គម្រោងសណ្ឋាគារដែលមានច្រើនជាន់។
លោក សុខ គង់ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនសូគីម៉ិច បានឲ្យដឹងកាលពីម្សិលមិញថា គម្រោងសាងសង់សណ្ឋាគារនៅលើទីតាំងដែលនៅក្បែរសណ្ឋាគារ Amanjaya Pancam និងមានទំហំស្មើនឹងមួយប្លុកនេះ គិតពីផ្លូវ១៥៤ទៅដល់ផ្លូវ១៤៨ ត្រូវបានលើកពេលអនុវត្ត ដោយសារតែស្ថានភាពនយោបាយមិនសូវអំណោយផលនាពេលបច្ចុប្បន្ន។
លោក សុខ គង់ បានមានប្រសាសន៍ថា “ដីនេះជារបស់ខ្ញុំ ហើយយើងមានគម្រោងសង់សណ្ឋាគារមួយ ក៏ប៉ុន្តែយើងបានព្យួរគម្រោងនេះសិន ដោយសារយើងបារម្ភអំពីបាតុកម្ម” ក្រោយថ្ងៃបោះឆ្នោតជាតិកាលពីខែកក្កដា។ លោក សុខ គង់ បានឲ្យដឹងបន្ថែមទៀតថា មុននិងក្រោយពេលបោះឆ្នោត តំណាងក្រុមហ៊ុនកូរ៉េមួយ និងក្រុមហ៊ុនជប៉ុនមួយ បានពិភាក្សាជាមួយលោកអំពីផែនការទិញដីនេះ ដើម្បីសង់សណ្ឋាគារ ក៏ប៉ុន្តែពួកគេមិនបានត្រឡប់មកវិញទេ បន្ទាប់ពីកិច្ចពិភាក្សាលើកដំបូង។
លោកលើកឡើងថា ក្រុមហ៊ុនរបស់លោកបានវាយកម្ទេចចោលហាងលក់គ្រឿងបន្លាស់ទូរស័ព្ទដ៏ធំមួយ ដែលពីមុនស្ថិតនៅលើទីតាំងដីនេះ ហើយបានវាយកម្ទេចហាងតូចៗផ្សេងទៀត ដើម្បីរៀបចំដីនេះសម្រាប់លក់។ លោកបានមានប្រសាសន៍ថា “យើងគ្រាន់តែបានកម្ទេចអគារនេះ និងហាងអាជីវកម្មផ្សេងៗចេញពីដីនេះ ដើម្បីរៀបចំសម្រាប់លក់… ក៏ប៉ុន្តែយើងមិនបានលក់ដីនេះទេ”។
លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញបានឲ្យដឹងថា លោក សុខ គង់ បានលក់ដីនេះទៅឲ្យក្រុមហ៊ុនកូរ៉េ ដែលបាននិងកំពុងមានគម្រោងសាងសង់សណ្ឋាគារ និងការិយាល័យលើទីតាំងនោះ។ លោក សុខ សម្បត្តិ មានប្រសាសន៍ថា “ ដីនេះជារបស់ឧកញ៉ា សុខ គង់ ក៏ប៉ុន្តែគាត់បានលក់វាឲ្យក្រុមហ៊ុនកូរ៉េ កាលពីប៉ុន្មានខែមុនហើយ។ ម្ចាស់ក្រុមហ៊ុននោះកាលពីពេលថ្មីៗនេះបានមកជួបខ្ញុំ និងពិភាក្សាគ្នាអំពីគម្រោងសាងសង់នេះ ដើម្បីសាងសង់សណ្ឋាគារដ៏ខ្ពស់មួយ និងអគារមួយសម្រាប់ធ្វើជាការិយាល័យក្រុមហ៊ុនផ្សេងៗ”។
នៅឯទីតាំងដីនោះកាលពីម្សិលមិញរបងអាលុយមីញ៉ូមបានព័ទ្ធជុំវិញដីនោះ និងស្លាកសញ្ញានៅច្រកចូលសម្រាប់ណែនាំអតិថិជនឲ្យចូលទៅក្នុងទីតាំងហាងលក់ទូរស័ព្ទថ្មី។ អ្នកលក់ដូរនៅតាមផ្លូវកាលពីថ្ងៃច័ន្ទ និងម្សិលមិញបានឲ្យដឹងថា ពួកគាត់បានរើចេញពីទីតាំងដីនោះទៅកន្លែងថ្មើរជើង។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនសូគីម៉ិចបានចាប់ផ្តើមរើអាជីវកម្មផ្សេងៗ ចេញពីទីតាំងដីរបស់ខ្លួន សម្រាប់គម្រោងអភិវឌ្ឍន៍ និងសាងសង់សណ្ឋាគារ១៥ជាន់ ដែលទទួលបានការគាំទ្រពីសមភាគីចិន ហើយនៅក្នុងសណ្ឋាគារនោះ នឹងមានហាងទំនើបៗ និងផ្សារទំនើប៕
No comments:
Post a Comment
yes