លោកស្រី ស៊ី ហៀប ជាអ្នករងរបួសត្រង់ក្បាលដោយសារគ្រាប់ជំពាម
កៅស៊ូក្មេងទំនើង (រូបថតដោយ ជន ស្រីណុច)
ពលរដ្ឋដែលរងគ្រោះនៅតំបន់បឹងកក់ បុរីកីឡា និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស១១រូប បានប្តឹងមន្ត្រីអាជ្ញាធរខណ្ឌដូនពេញ រាជធានីភ្នំពេញចំនួន៤នាក់ពីបទប៉ុនប៉ងមនុស្សឃាត និងហិង្សាដោយចេតនា ដោយទាមទារសំណងម្នាក់ៗដប់លានរៀល។
កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ អ្នកបឹងកក់ចំនួន១០នាក់ និងសកម្មជនសិទ្ធិមនុស្សម្នាក់ជនជាតិញូហ្សេឡែន បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍បង្ក្រាប និងបណ្តេញអ្នកបឹងកក់ចេញពីវត្តភ្នំ ដោយសារពួកគេ ធ្វើកូដកម្មអត់អាហារ។ អ្នកបឹងកក់ បានអះអាងថា ពួកគេ១០នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសារសមត្ថកិច្ចបានប្រើក្មេងទំនើង ឲ្យកប់ដុំថ្ម វាយ និងបាញ់ជំពាមកៅស៊ូមកលើអ្នកធ្វើកូដកម្ម។
ពលរដ្ឋបឹងកក់ កញ្ញា សុង ស្រីលាភ បានរៀបរាប់នៅកន្លែងដាក់ពាក្យបណ្តឹង មុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះថា អ្នករងគ្រោះ សុំដាក់ពាក្យប្តឹងមន្ត្រីនគរបាល ដែលបានដឹកនាំកម្លាំងឲ្យ ប្រើហិង្សាលើក្រុមស្ត្រីសកម្មជនដីធ្លី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ ដែលធ្វើកូដកម្មអត់អាហារ និងសុំឲ្យតុលាការពន្លឿន ដោះលែងអ្នកស្រីយ៉ោម បុប្ផាឲ្យបានឆាប់រហ័ស ៖ “ពលរដ្ឋនៅសហគមន៍បឹងកក់ ក៏ដូចបុរីកីឡា គឺមកដាក់ពាក្យបណ្តឹងនៅតុលាការដំបូង ពីបញ្ហាដែលគេប្រើសប្រាស់អំពើហិង្សា ប៉ុនប៉ងមនុស្សឃាត និងការបង្ករបួសស្នាម ពីអាជ្ញាធរកាលពីថ្ងៃទី២២ នៅវត្តភ្នំ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ និងចាប់ជនដៃដល់ដាក់ពន្ធនាគារតាមច្បាប់ មួយទៀតគឺពួកខ្ញុំផ្តោតទៅលើ រឿងអ្នកស្រីយ៉ោម បុប្ផា ដែល ដោយសារតុលាការមិនឯករាជ្យ ដោយសារតុលាការគាត់បក្ខពួកនិយម បានធ្វើឲ្យអ្នកស្រីយ៉ោម បុប្ផា ជាប់ពន្ធនាគារអស់ជាងបួនរយថ្ងៃហើយ”។
អ្នកស្រី ស៊ី ហៀប ជាម្តាយបង្កើតរបស់អ្នកស្រីទេព វន្នី ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ បានត្អូញត្អែរថា គាត់តែងតែឈឺក្បាលជាប់រហូត ដោយសាររបួសត្រង់គល់ចញ្ចើម របស់គ្រាប់ជំពាម ក្មេងទំនើងដែលសមត្ថកិច្ចប្រើ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា នៅវត្តភ្នំ ។ អ្នកស្រីសំណូមពរឲ្យតុលាការឈរលើគោលការណ៍ឯករាជ្យ ចាប់ជនដៃដល់ មកផ្តន្ទាទោសនិងសងជំងឺចិត្តជួនគាត់ ៖ “ខ្ញុំឆ្លងដើរកាត់ថ្នល់ ឃើញប៉ូលីសមក ប៉ូលីសហើយមួយក្រុមទៀតស្លៀកពាក់ស៊ីវិល ដល់ខ្ញុំឃើញអញ្ជឹង ពេលដើរមកជិត ខ្ញុំក៏ថយ ថយឆ្លងថ្នល់ បានពាក់កណ្តាលថ្នល់ ស្រាប់តែងាកមើលប៉ូលីសមកដល់ត្រឹមណាហើយ អាងខ្ញុំរត់ទៀត ស្រាប់តែងាកមើលប៉ាំងតែម្តង ស្រាប់តែត្រូវតែម្តង ខ្ញុំមើលអ្វីលែងឃើញ ហើយធ្លាក់ឈាមច្រើនពេក ខ្ញុំព្រិលភ្នែកមើលអ្វីលែងឃើញហើយ បានគេគ្រាខ្ញុំរត់”។
តាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ ពួកគេបានប្តឹងអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ លោក គឹម វុត្ថា មន្ត្រីក្រុមប្រឹក្សាសាលាខណ្ឌដូនពេញ លោកស្រី ពេជ្យ សុជាតា និងអធិការរងនគរបាលខណ្ឌដូនពេញ លោក សៅ ណុល រួមទាំងបក្សពួកដែលជាកងកម្លាំងចម្រុះដែលមានឯកសណ្ឋាន និងសំលៀកបំពាក់ស៊ីវិល ពីបទប៉ុនប៉ងមនុស្សឃាត និងហិង្សាដោយចេតនា។
មន្ត្រីផ្នែកច្បាប់នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណន អូនី ដែលតាមដានកណីនេះ យល់ថា អំពើហិង្សារបស់សមត្ថកិច្ច ដោយសារគុំគួននឹងអ្នកភូមិដែលចេញទាមទារយុត្តិធម៌រឿងជម្លោះដីធ្លីកន្លងមក ៖ “ខ្ញុំដល់ពេលនេះ ខ្ញុំដូចជាអត់ទាន់បានឃើញ ការចាត់វិធានការផ្លូវច្បាប់ណាមួយរបស់ខាងសមត្ថកិច្ចទេ ការមិនរវីរវល់ចំពោះភារកិច្ចរបស់ខ្លួននោះហើយ បានជាប្រជាពលរដ្ឋមិនសប្បាយចិត្ត”។
មន្ត្រីផ្នែករដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងនោះ តែក្រុមជនរងគ្រោះបានជំរុញឲ្យពន្លឿនចំណាត់ការនេះ។
ចំណែកអ្នកទទួលស័ព្ទរបស់អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ អះអាងថា ម្ចាស់ទូរស័ព្ទរវល់ប្រជុំ។ រីឯមន្ត្រីមួយចំនួនទៀតរងបណ្តឹងនោះមិនទាន់អាចទាក់ទងបានទេ៕
No comments:
Post a Comment
yes