សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 11, 2013

ដោះលែង​យុវជន៦នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់

131011_10
យុវជន​ ពេល​ត្រូវ​បាន​​នាំ​ខ្លួន​មក​សាក​សួរ​នៅ​សាលាដំបូង​រាជធានី​​​
 បុរស ៤ នាក់​ក្នុង​ចំណោម ៦ នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​កាល​ពី​ពាក់​កណ្ដាល ខែ កញ្ញា ទាក់​ទិន​នឹង​ករណី​បង្ក​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ត្រូវ​បាន​ដោះលែង​បណ្តោះ​អាសន្ន​ពី​ពន្ធនាគារ ព្រៃ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រោម​ការ​ធានា​ពី​ក្រុម​គ្រួសារ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ថា នេះ​ជា​ការ​ដោះលែង​យ៉ាង​តក់​ក្រហល់ ដោយ​មិន​បាន​ផ្តល់​ដំណឹង​ដល់​មេធាវី​ការពារ​ក្តី។
លោក អំ សំអាត មន្ត្រី​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ដែល​ថា​អង្គការ​លោក​បាន​ផ្តល់​មេធាវី​សម្រាប់​ការពារ​ជន​ទាំង ៦ នាក់ មិន​បាន​ដឹង​ជា​មុន​ពី​ការ​ដោះលែង​នេះ​ទេ។
បុរស​ចំនួន​បួន​នាក់​រួម​មាន ឈ្មោះ សុង និស្ស័យ អាយុ ២១ ឆ្នាំ តាំង ជុងស៊ាង អាយុ ១៨ឆ្នាំ ឡាញ់ សាមឿម អាយុ ៣៣ ឆ្នាំ និង​ឈ្មោះ វ៉ា ណុន អាយុ ៤០ ឆ្នាំ ត្រូវ​បាន​សាលា​ដំបូង​រាជធានី ភ្នំពេញ សម្រេច​ដោះលែង​កាល​ពី​ម្សិលមិញ​នេះ ចំណែក​ឯ​ឈ្មោះ ង្វៀង ធីឌឹក អាយុ ២០ ឆ្នាំ ជា​ជនជាតិ វៀតណាម និង​ឈ្មោះ ឯក ចាន់នូ អាយុ ១៧ ឆ្នាំ នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​យឺត​ជាង​គេ​មួយ​ថ្ងៃ ដោយ​សារ​រត់​ឯកសារ​មិន​ទាន់។

លោក​បាន​ឲ្យ ដឹង​ទៀត​ថា៖ «យើង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ដោះលែង ព្រោះ​មេធាវី​ក៏​មិន​បាន​ដឹង ទោះ​គាត់​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ​ក៏​ដោយ តែ​យើង​ស្វាគមន៍​ការ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ និង​សុំ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង ៦ តែ​ម្តង»។
លោក បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ទាំង ៦ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា ២១៨ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​មាត្រា ៤១០ និង ៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ ទី១៥ ខែ កញ្ញា ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​និង​ផ្ទុះ​អាវុធ​ពី​សំណាក់​សមត្ថកិច្ច ដើម្បី​បង្ក្រាប​បាតុករ ដែល​ព្យាយាម​បំបែក​រនាំង​បន្លា​លួស បិទ​ផ្លូវ​ក្នុង​ថ្ងៃ​ដែល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បាន​បន្ថែម​ថា៖ «មេធាវី​របស់​អ្នក​ទាំង ៦ នឹង​ធ្វើ​ការ​បន្ត​ទៀត ដើម្បី​ឲ្យ​គេ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នានា​តាម​ផ្លូវ​តុលាការ»។
លោក សួស សំអាត ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្តី​នេះ មិន​អាច​ធ្វើ​ការ​ទាក់​ទង​បាន​ទេ​ពី​ម្សិលមិញ។
គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ដាក់​លិខិត​មួយ​ផ្ញើ​ជូន​ចៅក្រម សួស សំអាត សុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង ៦ នាក់​នេះ នៅ​ថ្ងៃ ទី១១ តុលា​នេះ ដោយ​សារ​តាំង​ពី​ជាប់​ឃុំ អាណាព្យាបាល​របស់​ពួក​គេ​មិន​ត្រូវ​បាន​ឲ្យ​ចូល​ជួប​ឡើយ។
លោក ហូរ វ៉ាន់ បេក្ខជន​ជាប់​ឆ្នោត​មណ្ឌល ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​លោក បាន​សម្រេច​លុប​ចោល​កម្មវិធី​សួរ​សុខ​ទុក្ខ​នេះ។ លោក​ថ្លែង​ថា៖ «យើង​ត្រេកអរ​ជំនួស​ម្តាយ​ឱពុក​គាត់ ព្រោះពួក​គេ​ជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ តែ​មាន​ខ្លះ​ជា​បាតុករ​ត្រឡប់​ទៅ​ផ្ទះ​វិញ បែរ​ជា​ត្រូវ​គេ​ចាប់​ខ្លួន​។ ការ​ចោទ​ពួកគេ ជា​អំពើ​ធ្ងន់​ធ្ងរ អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ»។
អ្នក​ស្រី តាំង នី អាយុ ៤២ ឆ្នាំ ម្តាយ​របស់​យុវជន តាំង ជុងស៊ាង ដែល​ទើប​ដោះលែង​ម្សិលមិញ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នក​ស្រី ត្រេកអរ និង​សំខាន់​ឲ្យ​តែ​កូន​បាន​នៅ​មាន​សេរីភាព​សិន ព្រោះ​កូន​មិន​បាន​ទាក់​ទិន​នឹង​រឿង​ធ្វើ​បាតុកម្ម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ អ្នក​ស្រី​និយាយ​ថា៖ «កូន​ខ្ញុំ​នឹង​បាន​ចូល​រៀន​ថ្នាក់ ទី៨ សាលា​ចិន និង​ថ្នាក់ ទី១១ សាលា​ខ្មែរ​វិញ។ ខ្ញុំ​រំភើប​ណាស់ ពេល​វា​ចេញ​មក​វិញ។ តាម​ពិត​វា​អត់​ធ្វើ​បាតុកម្ម​អី​ទេ តែ​យប់​នោះ​ខ្ញុំ​ជាប់​នៅ​គល់​ស្ពាន ហើយ​កូន​ក៏​ដើរ​ពី​ផ្ទះ​មក​រក​ខ្ញុំ ក៏​មាន​រឿង​ចាប់​ខ្លួន​តែ​ម្តង»។
អ្នក​ស្រី​បន្ត​ថា អ្នក​ស្រី​នឹង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​កូន​អ្នក​ស្រី៕

No comments:

Post a Comment

yes