
(រូបថតដោយ រតនៈ)
ក្រុមយុវជនស្ម័គ្រចិត្ត នៅថ្ងៃសុក្រនេះ បរាជ័យក្នុងការយកញត្តិទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះនៅលើស្ពានក្បាលថ្នល់ ដោយសារសមត្ថកិច្ចប្រមាណ ១០០នាក់ បំបែកការជួបជុំរបស់ពួកគេនៅវត្តភ្នំ។
នៅវេលាម៉ោង៨ព្រឹកថ្ងៃសុក្រនេះ ក្រុមយុវជនស្ម័គ្រចិត្តរួមមាន ព្រះសង្ឃ និងប្រជាសហគមន៍សរុបជាង១០០នាក់ បានចាប់ផ្តើមសកម្មភាពជួបជុំ ដោយត្រៀមដង្ហែញត្តិ ដែលមានស្នាមមេដៃ៥៣៥ ទៅតុលាការ តាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌ជូន ជនរងគ្រោះនៅស្ពានក្បាលថ្នល់ ដែលបានស្លាប់ និងរងរបួស កាលពីខែកញ្ញា។
ការជួបជុំបានជាង៣០នាទី កម្លាំងសមត្ថកិច្ច ក៏បានប្រតិបត្តិការចុះបំបែកក្រុមយុវជន និងប្រជាសហគមន៍បឹងកក់ ដែលបានចូលរួមជាមួយសកម្មភាពរបស់យុវជនទាំងនោះ។ ក្នុងការប៉ះទង្គិចនោះ ភាគីទាំងសងខាង បានប្រើពាក្យសំដីអសុរសមកលើគ្នា។ ភាពតានតឹងនេះ បានធ្វើឲ្យអ្នកភូមិបឹងកក់ ព្រមយុវជនមួយចំនួន រងរបួសស្រាល។
តំណាងយុវជនស្ម័គ្រចិត្តមួយរូប លោក ផា សុធា ចាត់ទុកការបំបែក និងប្រើអំពើហិង្សារបស់សមត្ថកិច្ចនេះថា ជាការរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងមួយ។ តែទោះជាយ៉ាងណាលោកបញ្ជាក់ថា ក្រុមយុវជនស្ម័គ្រចិត្ត នឹងបន្តធ្វើការជួបជុំគ្នា ដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ ៖ "ពួកខ្ញុំនៅតែបន្ដព្រោះដោយសារតែពួកខ្ញុំទាំងអស់ យល់ឃើញថា ការគ្មានយុត្ដិធម៌នៅក្នុងសង្គមគឺជារឿងដែលពួកយើងត្រូវតែបញ្ឈរមុខនៅក្នុងការដោះស្រាយទាំងអស់គ្នា" ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា បន្ទាប់ពីប្រជុំសម្រេច ដែលមានការចូលរួមពីមន្ត្រីសាលារាជធានីភ្នំពេញ និងតំណាងក្រុមយុវជន កាលពីថ្ងៃពុធ សាលារាជធានីភ្នំពេញ បានស្នើសុំឲ្យក្រុមយុវជនទាំងនោះ លើកថ្ងៃសម្រាប់ការជួបប្រជុំនៅរមណីដ្ឋានវត្តភ្នំ និងដង្ហែញត្តិទៅសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ការសម្រេចដូចនេះ ដោយសារតែការស្នើរបស់ក្រុមយុវជនទាំងនោះ កៀកថ្ងៃដែលធ្វើពិធីពេក ហើយធ្វើនៅរមណីដ្ឋាន ដែលមានភ្ញៀវមកទស្សនាច្រើនទៀតផង។
ប្រធានបច្ចេកទេសផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ ឲ្យដឹងថា ពិតជាមានការប្រើពាក្យអសុរសទៅវិញទៅមកមែន ប៉ុន្តែក្នុងនាមជាសមត្ថកិច្ច មិនគួរមានការប្រើពាក្យបែបនេះឡើយ ៖"នៅពេលដែលមានការជេរ ហើយពិសេសគឺយើងជាបុរសជេរទៅលើស្ដ្រី តាមប្រពៃណីខ្មែរ ហើយប្រើពាក្យអសុរស វាប៉ះពាល់ធ្ងន់ធ្ងរដល់ សម្រាប់កេរ្ដិ៍ឈ្មោះ និងគេហៅថា វប្បធម៌ដ៏ល្អរបស់ប្រទេសកម្ពុជាយើងនោះណាស់ " ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ដែលជាថ្ងៃចាប់ផ្តើមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ រួមមានកងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នានៅក្បែរស្ពានក្បាលថ្នល់ ដោយបណ្តាលឲ្យមានការផ្ទុះអាវុធទៀតផង។ ក្នុងការប៉ះទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមទាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមួយចំនួន បានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន៕
No comments:
Post a Comment
yes