
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក
(រូបថតដោយ John Cushion)
សាលារាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ សម្រេចច្រានចោល សំណើរសុំធ្វើមហាបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ ទាមទាររកយុត្តិធម៌ លទ្ធផលបោះឆ្នោត ដោយអះអាងថា បារម្ភពីសន្តិសុខជាតិ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើមហាបាតុកម្មលើកទី៣ របស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៥ ខែតុលា។ សេចក្តីជូនដំណឹងបញ្ជាក់ថា មហាបាតុកម្មនោះមាន សម្តែងមតិ ប្រគំតន្ត្រី និងការដើរហែក្បួន យកញត្តិដែលមានស្នាមមេដៃអ្នកគាំទ្រច្រើនលាននាក់ ដាក់ទៅ អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា និងដាក់នៅស្ថានទូតបរទេសមួយចំនួនទៀត ដូចជា ស្ថានទូតអាមេរិក បារាំង ជប៉ុន និងស្ថានទូតចិន ជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVOD ដឹងថា ក្រោយជួបពិភាក្សា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រទី១៨ ខែតុលានេះ សាលារាជធានី ចាត់ទុកថា គម្រោងធ្វើបាតុកម្មនោះ ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែស្ថាប័ននេះ បានសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃដើម្បីសម្រេច។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា លោកកំពុងពិភាក្សាករណីនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ការធ្វើមហាបាតុកម្មនេះ ជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ ត្រូវតែគោរព។ លោកថា ការរារាំងធ្វើបាតុកម្មអហិង្សានេះ ជាចេតនា នយោបាយ ដែលចង់លាក់បាំងការលួចបន្លំសន្លឹកឆ្នោត ៖ "អត់មានធ្វើអ្វីខុសច្បាប់ អត់មានយកលេសសព្វគ្រប់បែបយ៉ាង របៀបនេះ នេះជាលេស ដែលមិនសមហេតុផល ជាលេសនយោបាយ ដែលមិនហ៊ាន ប្រឈមមុខនឹងការពិត ហើយមិនដោះស្រាយបញ្ហា"។
ការធ្វើមហាបាតុកម្មចំនួនពីរលើកកន្លងមក របស់គណបក្សសង្គ្រោះជាតិ ពុំមានការហែក្បួននោះទេ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើល អះអាងថា ហិង្សាបានកើតដោយសារតែសមត្ថកិច្ចព្យាយាមបិទផ្លូវ មិនឲ្យអ្នកធ្វើឆ្លងកាត់តាមផ្លូវសំខាន់ៗ បណ្តាលឲ្យមានការបាញ់សម្លាប់ពលរដ្ឋម្នាក់នៅជិតស្ពានក្បាលថ្នល់ កាលពីខែកញ្ញា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes