សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

ស៊ីសុវត្ថិធម្មិកោ៖បើតាម​ខ្ញុំ​ដឹងសម្តេចឪគឺជា​ក្សត្រ​ក្រីក្រ​ជាងគេ​នៅលើ​លោក​នេះ


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ត្រូវជា​ក្មួយ និង​ជា​អតីត​លេខា​ផ្ទាល់​របស់​ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានផ្តល់​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​ក្រុមការងា​រ​ចងក្រង​សៀវភៅ​ដែលមាន​ចំណងជើង​ថា «ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ជា​ឥស្សរជន​អមតៈ»។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានចាត់ទុក​សម្តេចឪ​ជា​តួអង្គ​សាមញ្ញ​ផង និង​អស្ចារ្យ​ផង​ក្នុងនាម​ជា​ក្សត្រ​មួយអង្គ​របស់​នគរ​ខ្មែរ ហើយ​អ្វីដែល​ព្រះអង្គ​ស្ញប់ស្ញែង​បំផុត​គឺ​កេរដំណែល​នយោបាយ​រប​ស់​សម្តេចឪ។

សំណួរ៖ ព្រះអង្គ​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ជាមួយ សម្តេចឪ​ក្នុងនាម​ជា​លេខា​ផ្ទាល់។ បើតាម​ព្រះតម្រិះ​របស់ ព្រះអង្គ តើ​អ្វីខ្លះ​ជា​ស្នា​ព្រះហស្តធំៗមិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះមហាវីរក្សត្រ​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ?
ចម្លើយ៖(គិត​បន្តិច) សម្រាប់​ខ្ញុំ​ជា​បញ្ញវន្ត​មួយរូប កេរដំណែល​ជា​អគារ​រាប់ពាន់​របស់​សង្គមរាស្ត្រនិយម​ជា​រឿង មួយ។ ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ​គឺ​កេរដំណែល​នយោបាយ​រប​ស់​ព្រះករុណា។ កេរ​មរតក​នយោបាយ​របស់​ព្រះអង្គ​មាន ច្រើនណាស់ ដូចជា​ការទាមទារ​ឯក​រាជ្យ​ពី​បារាំង​នៅ​ឆ្នាំ១៩៥៣ដោយ​មិន​បង្ហូរឈាម ខ្មែរ​ក៏​មិន​បង្ហូរឈាម បារាំង​ក៏​មិន​បង្ហូរ ឈាម។ នេះ​ជា​សមិទ្ធផល​សំខាន់បំផុត​ពីព្រោះ​សព្វថ្ងៃនេះ យើង​មាន​សេរីភាព មាន​ឯករាជភាព មាន​អធិបតេយ្យភាព​គឺ បានមកពី​ស្នា​ព្រះហស្ត​របស់​ព្រះ​រាជបិតា។ សមិទ្ធផល​ទី​ពីរ គឺ​សន្តិភាព។ ព្រះអង្គ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​សុខសន្តិភាព​ជូន មាតុប្រទេស និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ 


សំណួរ៖ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចឪ នរោត្តម សីហនុ មិនមែន​ល្បីល្បាញ​តែ​ក្នុងប្រទេស​ទេ តែ​ព្រះអង្គ​ក៏​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។ តើ​អ្នកដឹកនាំ​ប្រទេស ផ្សេងៗទៀត​បាន​វាយតម្លៃ​ព្រះអង្គ​យ៉ាងដូចម្តេច​ដែរ ចំពោះ​នយោបាយ​របស់​ព្រះអង្គ?
ចម្លើយ៖ និយាយ​ដោយស្មោះ ខ្ញុំ​មិនដែល​បានឮ​ដោយ ផ្ទាល់​នឹង​ត្រចៀក​ខ្លួនឯង​ទេ ពីព្រោះ​ខ្ញុំ​នៅ​ក្មេង​ពេក។ ប៉ុន្តែ​តាមរយៈ​ការអាន​ឯកសារ​នានា ដូចជា​សៀវភៅ​ជាដើម មេដឹកនាំ​ជាច្រើន​ដែល​ស្គាល់​ព្រះអង្គ​បាន​កោតសរសើរ អង្គ​សម្តេចឪ​ថា​ជា​ក្សត្រ​ឆ្លាត ស្អាតស្អំ ស្មោះត្រង់ និង​ស្នេហា ជាតិ​ជាពិសេស មេដឹកនាំ​បារាំង​តែម្តង​ដែល​បាន​សរសើរ ព្រះអង្គ​យ៉ាង​ដូច្នេះ។ 

សំណួរ៖ មានការ​លើកឡើង​ជាច្រើន​ថា សម្តេចឪ នរោត្តម សីហនុ ជា​ក្សត្រ​ដែល​គ្មាន​ព្រះរាជ​ទ្រព្យ​អ្វី​ទេ។ តើ​បច្ចុប្បន្ននេះ ព្រះអង្គ​មាន​ព្រះរាជ​ទ្រព្យ​ជាក់ស្តែង​អ្វីខ្លះ​ដែរ?
ចម្លើយ៖ បើតាម​អ្វីដែល​ខ្ញុំ​ដឹង ព្រះវររាជបិតា​សម្តេច​ព្រះ នរោត្តម សីហនុ មាន​ព្រះរាជ​ទ្រព្យ​បី។ ព្រះរាជ​ទ្រព្យ​ទី១គឺជា​ប្រាក់​អឺរ៉ូ​ចំនួន ២ ម៉ឺន​អឺរ៉ូ នៅក្នុង​ធនាគារ​បារាំង។ ព្រះរាជ​ទ្រព្យ ទី២ គឺ​ព្រះរាជដំណាក់​នៅក្បែរ​គេហដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សព្វថ្ងៃនេះ​ជា​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត
ប្រជាធិបតេយ្យ​កូរ៉េ (កូរ៉េខាងជើង)។ ព្រះអង្គ​ធ្លាប់បាន​មាន ព្រះរាជបន្ទូល​នៅក្នុង​គេហទំព័រ​របស់​ព្រះអង្គ​ថា ពេល​ចប់ អាណត្តិ២០ឆ្នាំ​ជាមួយ​ស្ថានទូត​កូរ៉េខាងជើង​នៅ​ឆ្នាំ២០១៣ ខាងមុខនេះ ព្រះអង្គ​នឹងត្រូវ​ប្រគល់​ដំណាក់​នេះ​ជូន​រាជរដ្ឋាភិបាល កម្ពុជា​វិញ។ ប៉ុន្តែ​ព្រះអង្គ​មាន​លក្ខខណ្ឌ​មួយ គឺ​ព្រះអង្គ​សូម​ឲ្យ រដ្ឋាភិបាល​រក្សា​ព្រះ​ដំណាក់​នេះ​ជា​សារមន្ទីរ​ជាតិ។ ចំណែក​ព្រះរាជ​ទ្រព្យ​ទី៣គឺ​ព្រះរាជដំណាក់​នៅ​ទីក្រុង​កែប។ ព្រះរាជដំណាក់ ទី​បី​នេះ​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ព្រះបរមរាជវាំង។ 

សំណួរ៖ ដូច្នេះ​តើ​សម្តេចឪ នរោត្តម សីហនុ ជា​ក្សត្រ ដែល​ក្រ​ជាងគេ​នៅក្នុង​លោក​មែន​ដែរឬទេ?
ចម្លើយ៖ តាម​ការប៉ាន់ស្មាន និង​ការយល់ដឹង​របស់ខ្ញុំ​គឺ​វា ច្បាស់​ណាស់​ហើយ​ដែលថា​ព្រះអង្គ​គឺជា​ក្សត្រ​ក្រីក្រ​ជាងគេ​នៅលើ​លោក​នេះ។ គ្មាន​ក្សត្រ​សោយរាជ្យ​ណា​នៅលើ​ពិភពលោក​ក្រ​ដូច​ព្រះអង្គ​ទេ។ ក្សត្រ​ដទៃទៀត​សុទ្ធតែ​មានទ្រព្យ​សម្បត្តិ ច្រើនជាង​ព្រះអង្គ​ឆ្ងាយ​ណាស់។ 

សំណួរ៖ តើ​ហេតុអ្វី​បានជា​សម្តេចឪ​គ្មាន​ព្រះរាជ​ទ្រព្យ ច្រើន​ដូច​គេ?
ចម្លើយ៖ មាន​មូលហេតុ​ពីរ៖ទី១ គឺ​ដោយសារ​ព្រះ​អង្គជា​ពុទ្ធសាសនិកជន​ជ្រាលជ្រៅ​មួយ​ព្រះអង្គ។ ព្រះអង្គ​ថ្វាយបង្គំ ព្រះ​ជា​រៀងរាល់ថ្ងៃ។ ព្រះអង្គ​សោយ​ព្រះ​ស្ងោ​យ​បួស​នៅ​ថ្ងៃសីល និង​ទី២ គឺ​ដោយសារ​ព្រះអង្គ​មានកំណើត​នៅក្នុង​វង្ស​ត្រកូល​ក្សត្រ ដូច្នេះ ព្រះអង្គ​មាន​ព្រះរាជ​ទ្រព្យ​ខ្លះ​ដែល​ទទួលបាន​ពី​ព្រះ​មាតា​និង​បិតា។ ព្រះអង្គ​មិនដែល​មាន​ព្រះរាជបន្ទូល​ថា ទ្រង់មាន​ព្រះរាជបំណង​ចង់បាន​នេះ​ឬ​នោះទេ។ 

សំណួរ៖ តើ​អតីតព្រះមហាក្សត្រ​សម្តេច​ឪ នរោត្តម សីហនុ ចេះ​ភាសាបរទេស​ចំនួន​ប៉ុន្មាន​ដែរ? 
ចម្លើយ៖ ព្រះអង្គ​រៀន​ភាសា​ក្រិ​ក ភាសាឡាតាំង។ ភាសា​ពីរ​នេះ​ជា​ឫសគល់​នៃ​ភាសា​បារាំង។ និយាយ​ជារួម ព្រះអង្គ​ចេះ​និយាយ​ភាសា​បារាំង អង់គ្លេស ចិន
និង​ភាសា​រុស្ស៊ី​ខ្លះ​ដែរ។ 

សំណួរ៖ ព្រះអង្គ​ចេះ​ភាសា​ច្រើន ចុះ​ហេតុអ្វី​បានជា ព្រះអង្គ​ចូលចិត្ត​ប្រើ​ភាសា​បារាំង​ច្រើនជាងគេ? 
ចម្លើយ៖ ព្រះករុណា​សព្វព្រះរាជហឫទ័យ​ភាសា​បារាំង​ច្រើនជាង​ភាសាបរទេស​ផ្សេងទៀត ពីព្រោះ​លោក​ប្រសូត និង​រៀនសូត្រ​ក្នុងខណៈ​ពេលដែល​ប្រទេស​ខ្មែរ​ស្ថិតនៅក្រោម អាណានិគមនិយម​បារាំង។ កាលណោះ ប្រទេស​ខ្មែរ​មាន ភាសាផ្លូវការ​ពីរ​គឺ​ភាសា​ខ្មែរ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង ចំណោម​ប្រជា​រ្រា​ស្ត​ខ្មែរ​ទូទៅ និង​ភាសា​បារាំង។ ភាសា​បារាំង​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​កិច្ចការរដ្ឋបាល​នា​សម័យ​នោះ។ 

សំណួរ៖ក្នុងចំណោម​ក្សត្រ​ខ្មែរ​ទាំងអស់ តើ​សម្តេចឪ នរោត្តម សីហនុ ចេះ​ភាសា​បារាំង​ច្បាស់​ជាងគេ​មែន​ឬទេ?
ចម្លើយ៖ ភាសា​បារាំង​របស់​ព្រះអង្គ​ពូកែ​ខ្លាំងណាស់។ ពូកែ​ទាំង​របៀប​សរសេរ និង​ទាំង​របៀប​ប្រើប្រាស់​អត្ថន័យ អត្ថា​បដិរូប(ន័យធៀប)។ ទាក់ទង​ទៅនឹង​បញ្ហា​ភាសា​នេះ ខ្ញុំ​សូម​រំឭក​រឿង​មួយ​ដើម្បី​ឲ្យ​ប្រជា​រ្រា​ស្ត​ខ្មែរ​យើង​ស្គាល់​សម្តេចឪ ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត។ ព្រះករុណា​ឧស្សាហ៍​មាន ព្រះរាជបន្ទូល​ថា ព្រះអង្គ​មិនដែល​សព្វព្រះរាជហឫទ័យ​ចង់​សោយរាជ្យ​ទេ។ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ចង់​ក្លាយទៅជា​គ្រូបង្រៀន​ផ្នែក​អក្សរសាស្ត្រ។ មុន​ពេលដែល​ព្រះអង្គ​យាង សោយ​ទិវង្គត ព្រះអង្គ​ធ្លាប់មាន​បន្ទូល​ម្តង​ទៀតថា ជាតិ​ក្រោយ​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ក្លាយទៅជា​គ្រូអក្សរ​សាស្ត្រ ដដែល។ 

សំណួរ៖សម្តេចឪ សម្តេច​តា សព្វព្រះរាជហឫទ័យ​ច្រើន វិស័យ​មានដូចជា អក្សរសាស្ត្រ សិល្បៈ កីឡា ភាពយន្ត។ល។ តើ​វិស័យ​មួយណា​ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ខ្លាំង ជាងគេ? 
ចម្លើយ៖ ខ្ញុំ​គិតថា វា​អាស្រ័យ​ទៅតាម​ពេលវេលា​ទេ។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយ ខ្ញុំ​គិតថា ព្រះករុណា សម្តេច​តា​សព្វព្រះរាជហឫទ័យ​លើ​ការសរសេរ​ខ្លាំងជាងគេ។ សរសេរ​គ្រប់​រឿងរ៉ាវ​ទាំងអស់។ បន្ទាប់មក​វិស័យ​ភ្លេង និង បន្ទាប់មកទៀត គឺ​វិស័យ​ភាពយន្ត។ 

សំណួរ៖ចុះ​ក្នុង​វិស័យ​កីឡា​វិញ តើ​សម្តេច​តា​ចូលចិត្ត​កីឡា​អ្វីខ្លះ​ដែរ? 
ចម្លើយ៖ សម្តេច​តា​សព្វព្រះរាជហឫទ័យ​ខ្លាំង​លើ​កីឡា ជិះសេះ បន្ទាប់មក​កីឡាបាល់ទាត់។ ព្រះអង្គ​ស្គាល់​ក្រុមកីឡា បារាំង អង់គ្លេស​និង​អាល្លឺម៉ង់​ច្បាស់​តែម្តង។ ក្រៅពី​កីឡា ជិះសេះ និង​កីឡាបាល់ទាត់ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​លើ កីឡា​វាយ​សី។ 

សំណួរ៖ចំពោះ​ម្ហូបអាហារ​វិញ តើ​សម្តេច​តា​សព្វ ព្រះរាជហឫទ័យ​ម្ហូប​អ្វី​ដែរ? 
ចម្លើយ៖(និយាយ​ជា​ភាសា​បារាំង​បន្តិច​មុននឹង​ឆ្លើយ)។ បើ​និយាយ​តាម​ពាក្យ​បារាំង​មានន័យថា លោក​សព្វ​ព្រះរាជ ហឫទ័យ​ខ្លាំង​តែ​ម្ហូប​ណា​ដែល​ឆ្ងាញ់ មិន​ថា​ម្ហូប​ខ្មែរ​ឬ​ម្ហូប បារាំង​ទេ។ នៅ​ទីក្រុង​ប៉េកាំង ព្រះករុណា​សោយ​ម្ហូប​បី​មុខ។ ម្ហូប​ខ្មែរ ចិន និង​ម្ហូប​បារាំង។ ម្ហូប​ខ្មែរ​ធ្វើ​ដោយ​ចុងភៅ​ខ្មែរ។ ម្ហូប​បារាំង និង​ម្ហូប​ចិន​រៀបចំ​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​ចិន។ លើសពីនេះទៅទៀត នៅមាន​រឿង​ពិសេស​មួយ​ដែល​មិនសូវ ត្រូវបាន​គេ​ផ្សព្វផ្សាយ​គឺ​ព្រះករុណា​ចេះ​ធ្វើ​ម្ហូបអាហារ​ផ្ទាល់ ព្រះអង្គ​តែម្តង។ ពេលខ្លះ​ក្នុង​ឆ្នាំ១៩៧០ ព្រះអង្គ​ថែមទាំង បង្រៀន​ចុងភៅ​ជនជាតិ​ចិន​ពី​របៀប​ធ្វើ​ម្ហូប​បារាំង​ថែមទៀត​ផង។ 

សំណួរ ៖ តើ​សម្តេច​តា​ចេះ​ធ្វើ​ម្ហូប​ខ្មែរ​ឬទេ? 
ចម្លើយ៖ (សើច​ញឹម) និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មិនដែល​ឃើញ​ព្រះអង្គ​ធ្វើ​ម្ហូប​ខ្មែរ​ទេ។ 

សំណួរ ៖ តើ​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ សព្វព្រះរាជហឫទ័យ​ធ្វើការ​នៅពេលណា​ដែរ ពេលព្រឹក ពេលយប់ ឬ​ពេល​ថ្ងៃ? 
ចម្លើយ៖ កាលពី​ជំនាន់​សង្គមរាស្ត្រនិយម ព្រះករុណា ចូលចិត្ត​ទ្រង់​ការ(ធ្វើការ) ពេលព្រឹក​ព្រលឹម និង​ពេលយប់ ជ្រៅ។ ពេលខ្លះទៀត ព្រះករុណា​ទ្រង់​ទត​ភាពយន្ត​ផង និង ធ្វើការ​ផង។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១០មក ព្រះករុណា ទ្រង់​ការ​តិចជាង​មុន​ដោយសារ​ព្រះអង្គ​មាន​ព្រះជន្ម​ច្រើន​ហើយ។ 

សំណួរ ៖ តើ​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ ជា ក្សត្រ​ដែលមាន​បុគ្គលិកលក្ខណៈ​យ៉ាងដូចម្តេច​ដែរ ស្លូត កាច តឹងរ៉ឹង? 
ចម្លើយ៖ ខ្ញុំ​គិតថា ព្រះករុណា​ជា​អង្គ​ក្សត្រ​ទន់ភ្លន់ ប៉ុន្តែ​មិនមែន​មានន័យថា​ស្លូត​ទេ។ ក្នុង​ការងារ ព្រះអង្គ​តឹងរ៉ឹង និង​ហ្មត់ចត់​ខ្លាំងណាស់។ រឿង​មួយទៀត​ដែល​ព្រះករុណា តឹងរ៉ឹង​បំផុត​គឺ​ការគោរព​ពេលវេលា។ ព្រះអង្គ​តែងតែ​មក​ចាំ​គេ ១ម៉ោង​មុន ប្រសិនបើ​មាន​ភ្ញៀវ​ចង់​ចូលមក​គាល់​ព្រះអង្គ។ ព្រះករុណា​គោរព​ឃ្លា​ជា​ភាសា​បារាំង​មួយ​ដែល​និយាយថា ភាព​ទៀង​ពេលវេលា​ឬ​ការគោរព​ពេលវេលា​គឺជា​ការគួរសម​របស់​ព្រះមហាក្សត្រ(La ponctualité est la politesse du Roi)។ ព្រះករុណា​តែងតែ​យក​ឃ្លា​នេះ​មក​ធ្វើជា​ច្បាប់​របស់​ព្រះអង្គ។ 

សំណួរ ៖ តើ​ព្រះអង្គ​ផ្ទាល់​មាន​មោទនភាព​ដែរឬទេ ដែល​បានធ្វើការ​ជាមួយ​សម្តេចឪ​អស់​រយៈពេល​ជាង៣០ឆ្នាំ មកនេះ? 
ចម្លើយ៖ ដូច​លោក​បានដឹងហើយថា ព្រះករុណា​ជា​អង្គ ក្សត្រ​មួយអង្គ​ដែលមាន​ភាពល្បីល្បាញ​មិន​ត្រឹមតែ​ក្នុងប្រទេស​ទេ តែ​ជា​លក្ខណៈ​អន្តរជាតិ​ថែមទៀត​ផង។ ដូច្នេះ ក្នុងនាម​ខ្ញុំ​ដែល​បាន​បម្រើ​ក្សត្រ​ល្បីល្បាញ​មួយអង្គ ស្ថិតនៅ​កៀក និង យូរ​យ៉ាង​ដូច្នេះ ខ្ញុំ​គិតថា​គឺជា​កិត្តិយស​ដ៏​ធំ​របស់ខ្ញុំ​មិនអាច​បំភ្លេច បាន។ ខ្ញុំ​គិតថា គ្មានអ្វី​អាច​ប្រៀបធៀប​នឹង​កិត្តិយស​នេះ​បានឡើយ៕

No comments:

Post a Comment

yes