ទិដ្ឋភាពអ្នកចូលរួមធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ គ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា ដោយមានមនុស្សចូលរួមជាច្រើនម៉ឺននាក់។ ប៉ុន្តែ នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ មានការហាមឃាត់ជាបណ្ដើរៗពីសំណាក់អាជ្ញាធរភូមិ ដោយមិនចង់ឱ្យប្រជាពលរដ្ឋទាំងនោះមកចូលរួមមហាបាតុកម្ម ដោយអះអាងថា ជាការបង្កភាពចលាចលដល់សង្គម។
សកម្មភាពនេះ ត្រូវបានប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្ស យល់ថា ជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងឆន្ទៈរបស់ពួកគាត់។
អាជ្ញាធរភូមិនៅស្រុកតំបែរ ខេត្តកំពង់ចាម បានប្រកាសជាសាធារណៈ មិនឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលខ្លួនរស់នៅ ទៅចូលរួមធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ តុលា នោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំទឹកជ្រៅ ស្រុកតំបែរ លោក ឃុត ខា បានឱ្យដឹងថា កាលពីថ្ងៃទី២០ តុលា មេភូមិផ្អាវ បានថ្លែងនៅក្នុងពិធីបុណ្យសពមួយនៅក្នុងភូមិ មិនឱ្យប្រជាពលរដ្ឋណាទៅចូលរួមធ្វើមហាបាតុកម្ម និងមិនឱ្យផ្ដិតមេដៃគាំទ្រគណបក្សសង្គ្រោះជាតិ នោះឡើយ។
លោក ឃុត ខា៖ «បាទ! គាត់បានធ្វើសកម្មភាពហ្នឹងហើយ គាត់របៀបឃោសនា ហើយគាត់មានប្រើពាក្យអសុរោះផ្សេងៗទៅដល់ប្រធាន សម រង្ស៊ី មេបក្សប្រឆាំង គាត់ថាប្រធាន សម រង្ស៊ី ហ្នឹង ក្បត់ជាតិ អាហ្នឹងទីមួយ។ ហើយទីពីរទៀត គាត់បានប្រាប់ប្រជាពលរដ្ឋមិនឱ្យទៅផ្ដិតមេដៃជូនគណបក្សសង្គ្រោះជាតិ ទេ ហើយមិនឱ្យទៅចូលរួមធ្វើមហាបាតុកម្ម ហើយចំណែកអ្នកមានឡាន ក៏កុំទៅដឹកមនុស្សធ្វើបាតុកម្មប្រយ័ត្នប៉ូលិសចាប់យកឡាន»។
លោកបន្តទៀតថា ទង្វើរបស់មេភូមិនេះជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនឱ្យមានសកម្មភាពក្នុងរឿងនយោបាយ។ លោកបន្ថែមទៀតថា អ្វីដែលលោកមើលឃើញថា ការធ្លាក់ចុះនៃសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នោះ ក៏ដោយសារតែមានអាជ្ញាធរតាមមូលដ្ឋាន ដែលមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនោះ៖ «ប្រសិនណាតែគ្មានការផ្លាស់ប្ដូរ គ្មានការណែនាំទេ មេភូមិអស់ហ្នឹងធ្វើឱ្យសំឡេងគណបក្សប្រជាជន ធ្លាក់កាន់តែខ្លាំងឡើងៗហើយបាទ! អស់មួយចំហៀងប្រទេសហើយដែលប្រជាជនបោះឆ្នោតទម្លាក់គណបក្សប្រជាជន ហើយបាទ! ហើយគាត់នៅតែស្រែកធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច មានការចាប់អារម្មណ៍ខ្លាំង ចំពោះអាបញ្ហាដែលធ្វើនយោបាយហ្នឹងបាទ! គាត់និយាយគំរាមប្រជាពលរដ្ឋអ៊ីចឹងហ្មងបាទ!»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់សកម្មជនគណបក្សសង្គ្រោះជាតិ ថាមេភូមិបំបិទសេរីភាពប្រជាពលរដ្ឋនោះ មេភូមិផ្អាវ លោក ធូ ចាន់ថន បានបដិសេធថា លោកមិនបានបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលចង់ចូលរួមក្នុងសកម្មភាពនយោបាយនោះឡើយ។ ប៉ុន្តែ លោកគ្រាន់តែណែនាំប្រជាពលរដ្ឋថា ត្រូវធ្វើអ្វីដែលមានប្រយោជន៍ ហើយកុំធ្វើរឿងណាដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខក្នុងសង្គម។ លោកបន្តថា អ្វីដែលលោកបានប្រកាសនោះ មិនបានធ្វើឱ្យប្រជាពលរដ្ឋខ្លាចរអានោះទេ ប៉ុន្តែមានតែក្រុមបក្សប្រឆាំងតែប៉ុណ្ណោះ ដែលចេះតែមានការបារម្ភ។
លោក ធូ ចាន់ថន៖ «ប្រជាពលរដ្ឋមួយណា? ព្រោះខ្ញុំប្រកាសៗទូទៅ មានប្រជាពលរដ្ឋខ្លះពួកក្រុមប្រឆាំងទេដែលវាភ័យ។ បើសិនគេដែលត្រឹមត្រូវ គ្មានសតិអារម្មណ៍ភ័យអីទេ! នេះជាការផ្សាយជូនដំណឹងឱ្យប្រជាពលរដ្ឋបានដឹងពីផលប្រយោជន៍នៃការចូលរួមធ្វើបាតុកម្ម តើវាផ្តល់ផលប្រយោជន៍បានប៉ុន្មាន? និយាយពីការបោះឆ្នោត យើងបានចប់សព្វគ្រប់អស់ហើយ»។
ចំណែកឯរឿងដើរផ្ដិតមេដៃរបស់បក្សសង្គ្រោះជាតិ នោះ មេភូមិផ្អាវ ក៏បានចាត់ទុកថាជារឿងខុសច្បាប់ទាំងស្រុង៖ «អាហ្នឹងថាកើតឡើងពិតដូចខ្ញុំជម្រាបលោកគ្រូអ៊ីចឹង! វាអត់មានដែលគេហៅថា ប្រកាសជាសាធារណៈ ខ្ញុំប្រាប់ប៉ុន្មានសាហើយ ថាបើចង់ធ្វើអី! ប្រជាពលរដ្ឋខ្ញុំៗពីដើមមក ប្រកាសហើយថាការងារដែលមានមុខខ្ញុំៗដើរធ្វើអាហ្នឹង ជាការងារស្របច្បាប់។ បើថាខុសពីមុខមេភូមិ ខុសអាជ្ញាធរភូមិ វាជារឿងខុសច្បាប់ ហើយមិនដឹងថារដ្ឋអំណាចចាត់តាំងពីច្រកណាទេ?»។
ប្រសិនផ្អែកទៅលើមូលដ្ឋានច្បាប់វិញ ប្រធានផ្នែកស៊ើបអង្កេតខាងសិទ្ធិមនុស្សរបស់សមាគមអាដហុក (ADHOC) លោក នី ចរិយា បានមានប្រសាសន៍ថា សកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលរួមមហាបាតុកម្មដោយគ្មានការបង្ខិតបង្ខំ ដើម្បីសម្ដែងមតិរបស់ខ្លួននោះ មិនមានអ្វីខុសច្បាប់នោះឡើយ។ លោកបន្តថា រីឯការផ្ដិតមេដៃទៀតសោត ប្រសិនបើសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយគ្មានការបង្ខិតបង្ខំប្រជាពលរដ្ឋ ពោលគឺប្រជាពលរដ្ឋស្ម័គ្រចិត្តនោះ ក៏មិនមានអ្វីខុសច្បាប់នោះដែរ ប៉ុន្តែអ្នកដែលខុសច្បាប់វិញ គឺអាជ្ញាធរដែលចេះតែរារាំង ចេះតែគំរាមកំហែងពួកគាត់។
លោក នី ចរិយា បញ្ជាក់ទម្ងន់ទោសនៃការរារាំង និងគំរាមកំហែងប្រជាពលរដ្ឋ មិនឱ្យសម្ដែងមតិនោះ ជាបទល្មើសផ្នែកព្រហ្មទណ្ឌ។ លោកក៏បានបញ្ជាក់ទៀតថា គ្មានច្បាប់ណាមួយចែងថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ត្រូវមានការចូលរួមពីសំណាក់អាជ្ញាធរនោះដែរ។ ហើយអ្វីដែលអាជ្ញាធរលើកឡើងថា សកម្មភាពណាដែលស្របច្បាប់ ទាល់តែមានការចូលរួមពីសំណាក់អាជ្ញាធរនោះ គឺអាជ្ញាធរទាំងនោះមិនបានឈរនៅលើគោលការណ៍ច្បាប់នោះឡើយ ប៉ុន្តែបែរជាឈរលើគោលការណ៍ទម្លាប់ដឹកនាំតាមរបប ប៉ុល ពត តែប៉ុណ្ណោះ៕
No comments:
Post a Comment
yes