យុវជនជាប់ចោទទាំង២នាក់
ទីបំផុតទៅ យុវជនវ័យក្មេងពីរនាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារព្រៃស ពីបទបង្កហិង្សា វាយកម្ទេច និងដុតបំផ្លាញឡានប៉ូលិស នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិច រវាងកម្មករកាត់ដេរ SL និងក្រុមប៉ូលិសប៉េអឹម នៅមុខវត្តស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១២វិច្ឆិកា។ ជាអំពើហិង្សា ដែលប៉ូលិសប៉េអឹម ប្រើវិធានការបង្ក្រាប ដោយមានទាំងបាញ់កាំភ្លើង នាំឲ្យស្ត្រីម្នាក់ស្លាប់ និងរបួសជាច្រើននាក់។
យុវជនអាយុ១៤ ឆ្នាំ ជាកម្មករលក់ខ្សាច់ និងយុវជន១៧ ឆ្នាំ ជាក្មេងវត្ត ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី១៤វិច្ឆិកាម្សិលមិញ។ តុលាការបានចោទប្រកាន់យុវជនវ័យក្មេងទាំងពីរ ចំនួន ៤បទល្មើស។
ទី១-ប្រើអំពើហិង្សា ទី២-បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ទី៣-បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងទី៤-ប្រឆាំងនឹងអ្នករាជការសាធារណៈ។
លោក អំ សំអាត ប្រធានផ្នែកបច្ចកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានតាមដានករណីប៉ះទង្គិចដោយហិង្សារវាងកម្មកររោងចក្រ SL និងប៉ូលិសប៉េអឹម នៅស្ទឹងមានជ័យ បានសម្តែងការសោកស្តាយចំពោះចំចាត់ការលើយុវជនវ័យក្មេងទាំងពីរ យកទៅដាក់ពន្ធនាគារ រីឯអ្នកបាញ់ឲ្យស្លាប់ស្ត្រីម្នាក់ និងរបួសជាច្រើននាក់ ហាក់ដូចជា មិនមានចំណាត់ការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះសោះ។
សកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត ក៏មិនជឿថា យុវជនវ័យក្មេង ដែលមានសតិមិនប្រក្រតីទាំងពីរ ជាអ្នកដុតឡានប៉ូលិស ដូចការចោទប្រកាន់ទេ។ ផ្ទុយទៅវិញ សមត្ថកិច្ចបានព្យាយាមគេចវេសពីការទទួលខុសត្រូវលើការស្លាប់ស្ត្រីម្នាក់ ក្នុងពេលប្រតិបត្តិការបង្ក្រាបលើកម្មករ ដោយថា រឿងហេតុនោះបង្កឡើងដោយជនទី៣ ទៅវិញ។
លោក អំ សំអាត ក៏បានជំរុញឲ្យអាជ្ញាធរសមត្ថកិច្ច បង្ហាញរបាយការណ៍ស៊ើបអង្កេត ពីហេតុការណ៍ដែលនាំឲ្យស្លាប់មនុស្ស ដោយគ្រាប់កាំភ្លើង ក្នុងប្រតិបត្តិការបង្ក្រាបអ្នកតវ៉ា ដូចករណីនៅក្បាលថ្នល់ កាលពីថ្ងៃទី១៥កញ្ញា ហើយមកដល់ពេលនេះ មិនមានលទ្ធផលនៃការស៊ើបអង្កេតនោះនៅឡើយទេ។
ប៉ុន្តែលោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានបដិសេធថា មកដល់ពេលនេះ មិនទាន់រកឃើញថា មានប៉ូលិសណាម្នាក់ជាអ្នកបាញ់សម្លាប់ស្ត្រីម្នាក់ ក្នុងឧបទ្ទវហេតុ នៅថ្ងៃទី១២វិច្ឆិកា នៅឡើយទេ។
ចំណែកករណីរោងចក្រកាត់ដេរ SL មកដល់ព្រឹកថ្ងៃទី១៥វិច្ឆិកានេះ ក្រុមកម្មករបន្តធ្វើកូដកម្ម បិទផ្លូវ មុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រ ទទួលយកតំណាងកម្មករ ១៩នាក់ ឲ្យចូលធ្វើការឡើងវិញ។
កាលពីថ្ងៃទី១៣វិច្ឆិកា ភាគីសហជីពនិងនិយោជករោងចក្រ SL បានព្រមព្រៀងគ្នា ចំនួន ៦ចំនុច ក្នុងរឿងដកលោក មាស សត្ថា ចេញពីរោងចក្រ និងការព្រមទទួលយកប្រាក់ខែ ៥០ភាគរយ ក្នុងរយៈពេលកម្មករ ធ្វើកូដកម្មជាង ៣ ខែមកនេះ ជាដើម។ ក៏ប៉ុន្តែ ថៅកែរោងចក្រមិនព្រមទទួលយកតំណាងកម្មករ ១៩នាក់ អោយចូលធ្វើការឡើងវិញទេ៕

No comments:
Post a Comment
yes