១៤-វិច្ឆិកា-២០១៣៖ ក្រុមគ្រួសារសពស្ត្រីអ្នកលក់បាយក្បែរស្ពាន
ស្ទឹងមានជ័យ ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងក្នុងព្រឹត្តិការណ៍
បង្ក្រាបកម្មកររោងចក្រ អែស.អិល (SL) កាលពីថ្ងៃទី១២ ខែវិច្ឆិកា
ឆ្នាំ២០១៣ ក្នុងពិធីបូជាសព នាវត្តសំបួរមាស
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺជាថ្ងៃបូជាសពរបស់ស្ត្រីវ័យ ៥០ឆ្នាំម្នាក់ ដែលគាត់ជាអ្នកលក់បាយក្បែរស្ពានស្ទឹងមានជ័យ ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មកររោងចក្រ អែស.អិល (SL)។ កម្មករកម្មការិនីរោងចក្រនេះប្រមាណ ២០០នាក់ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង បានទៅចូលរួមក្នុងពិធីបុណ្យសពនោះ។
ក្រុមគ្រួសារ និងសាច់ញាតិរបស់សព អ្នកស្រី អេង សុខុម បានអំពាវនាវទៅរដ្ឋាភិបាលឲ្យវែកមុខជនដៃដល់ដែលបានបាញ់សម្លាប់ភរិយា និងម្ដាយរបស់ពួកគេ ក្នុងព្រឹត្តិការណ៍បង្ក្រាបកម្មកររោងចក្រ អែស.អិល ដែលប៉ុនប៉ងដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសម្លៀកបំពាក់អាវសដៃវែង និងរុំដោយក្រណាត់សស្លៀកជាសំពត់ លោក ង៉ែត វង្ស អាយុ ៥៦ឆ្នាំ ជាស្វាមី អ្នកស្រី អេង សុខុម រស់នៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានសម្លឹងមើលផ្សែងចេញពីបច្ឆាដែលកំពុងបូជាសពភរិយារបស់លោក។ លោក ង៉ែត វង្ស ដែលមានរាងស្គម ទឹកមុខក្រៀមក្រំ បានថ្លែងថា នៅពេលនេះ គ្មានអ្វីស្ដារជីវិតភរិយារបស់លោកឲ្យរស់វិញបានទេ។ ប៉ុន្តែ លោកគ្រាន់តែចង់ឲ្យភរិយារបស់គាត់បានទទួលយុត្តិធម៌តែប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចរាប់រយនាក់បានប្រើរថយន្តពន្លត់អគ្គិភ័យបាញ់ទឹក ប្រើឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់ និងបាញ់រះកាំភ្លើងគ្រាប់ពិត ដើម្បីបង្ក្រាបកម្មកររោងចក្រ អែស.អិល ដែលបាននាំគ្នាហែក្បួនចេញពីរោងចក្រ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅវិមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យអន្តរាគមន៍ទៅថៅកែរោងចក្រ ឲ្យអនុវត្តតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាកន្លងមក។ កម្មករ និងពលរដ្ឋ បានប្រើដុំថ្មគប់ទៅលើសមត្ថកិច្ច និងបានដុតរថយន្តរបស់ប៉ូលិស ១គ្រឿង ម៉ូតូ ២គ្រឿង។ ហើយនៅពេលប៉ះទង្គិចនោះ បណ្ដាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ ឈ្មោះ អេង សុខុម អាយុ ៤៩ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំដោះស្លាប់ រីឯមនុស្សជិត ១០នាក់ រងរបួសដោយគ្រាប់កាំភ្លើង។ គ្រានោះ ក៏មានការចាប់មនុស្ស និងព្រះសង្ឃ ៣៨នាក់និងអង្គ។
កញ្ញា វង្ស វរលក្ខណ៍ អាយុ ២៣ឆ្នាំ ជាកូនស្រីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ថា នាងមានបងប្អូន ៣នាក់។ នាងបានរៀនចប់មហាវិទ្យាល័យផ្នែកគណនេយ្យ រយៈពេល ២ឆ្នាំហើយ ប៉ុន្តែនាងពុំមានការងារធ្វើទេ ដោយនាងរវល់ជួយលក់បាយ និងបើកតូបលក់កាសែតសៀវភៅនៅក្បែរតូបលក់បាយរបស់ម្ដាយយកប្រាក់មកទប់ទល់ជីវភាពគ្រួសារ។ នាងអះអាងថា ម្ដាយនាងគឺជាជនសាមញ្ញ មិនពាក់ព័ន្ធនឹងការទាមទារ ឬចូលរួមបាតុកម្មនោះទេ។
វរលក្ខណ៍ បន្តថា បញ្ហាបានតាមលងបន្លាចគ្រួសារនាងជាប់ឥតដាច់។ អ្វីដែលនាងទាល់ច្រកនៅពេលនេះ គឺផ្ទះឈើដែលជាជម្រកតែ១គត់របស់នាង ទំហំ ៧ម៉ែត្រគុណនឹង ១១ម៉ែត្រ នឹងត្រូវប្រឈមការរឹបអូសយកពីធនាគារ ដោយសារតែបច្ចុប្បន្នគ្រួសារនាងជំពាក់បំណុលធនាគារជិត ២ម៉ឺនដុល្លារ។ ក្ដីរំពឹងរបស់នាង គឺម្ដាយជាជំហរក្នុងមុខរបរនេះបានលាចាកលោកទៅហើយនោះ។
ចំពោះការស្លាប់ អ្នកស្រី អេង សុខុម ក្រុមគ្រួសារនេះបានឲ្យដឹងថា មន្ត្រីសាលារាជធានីភ្នំពេញ បានជួយឧបត្ថម្ភសម្រាប់ធ្វើបុណ្យចំនួន ៥លានរៀល។ ចំណែកមន្ត្រីខណ្ឌ និងសង្កាត់ ក៏បានចូលបុណ្យជាង ១០ម៉ឺនរៀល និងរំលែកទុក្ខដល់ក្រុមគ្រួសារពួកគេដែរ។ លោក ង៉ែត វង្ស ស្វាមីស្ត្រីរងគ្រោះបានថ្លែងថា ថ្វីត្បិតតែមានការជួយចូលបុណ្យ និងរំលែកទុក្ខយ៉ាងណាក្ដី តែគ្រួសារគាត់នៅពុំទាន់មានភាពកក់ក្ដៅនៅឡើយទេ។
សាច់ញត្តិរបស់ស្ត្រីរងគ្រោះ គឺអ្នកស្រី រឿង ចាន់ថន បានថ្លែងថា ភាពកក់ក្ដៅ គឺយុត្តិធម៌សម្រាប់គ្រួសារនេះ។
អ្នកស្រី នាង ឥដ្ឋ អាយុ ៥៣ឆ្នាំ ជាកម្មកររោងចក្រ អែស.អិល ដែលបានទៅចូលរួមពិធីបូជាសពនោះ ក៏បានសម្ដែងការសោកស្ដាយចំពោះការស្លាប់នេះ។ អ្នកស្រីបានបួងសួងឲ្យរកឃាតកឃើញឆាប់ៗ។
យ៉ាងណាក៏ដោយ បញ្ហានេះត្រូវបានអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចាន់ថារិទ្ធិ បានប្រាប់វិទ្យុអាស៊ីសេរី ថា ការផ្ទុះអាវុធបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ គឺមិនមែនជាសមត្ថកិច្ចជាអ្នកបង្កឡើងទេ គឺអាចមានជនទីបីបាញ់ទៅលើប្រជាពលរដ្ឋនោះ។ តែលោកអះអាងថា គណៈកម្មការស៊ើបអង្កេតនឹងស្វែងរកឃាតកពិតចំពោះករណីបាញ់ប្រហារនេះ។
ប៉ុន្តែ ការអះអាងនេះត្រូវបានសង្គមស៊ីវិលច្រានចោល។ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសនៃអង្គការលីកាដូ (Licadho) ដែលបានឃ្លាំមើលព្រឹត្តិការណ៍នេះ មានមតិថា នេះមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចតែងបដិសេធដូច្នេះ។ លោកថា នេះជាការដោះសាយករួចខ្លួន ដាច់ខាតត្រូវតែមានគណៈកម្មការឯករាជ្យមួយស្វែងរកការពិត រកឲ្យឃើញអ្នកបាញ់ប្រហារ និងអ្នកបញ្ជាឲ្យបាញ់ប្រហារមកលើពលរដ្ឋ ដើម្បីជាគំរូកុំឲ្យប្រើហិង្សារបៀបនេះតទៅទៀត និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ករណីនេះមិនមែនជាលើកទី១ទេ ការប្រើប្រាស់អាវុធរបស់សមត្ថកិច្ចមិនធ្វើឲ្យពលរដ្ឋស្លាប់មានជាអាទិ៍ ការបង្ក្រាបពលរដ្ឋដែលចោទថាបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ បានធ្វើឲ្យក្មេងស្រី ហេង ចន្ថា ស្លាប់។ ការប៉ះទង្គិចនៅលើស្ពានអាកាសក្បាលថ្នល់ នៅថ្ងៃមហាបាតុកម្មរបស់បក្សប្រឆាំង បានធ្វើឲ្យបុរសឈ្មោះ ម៉ៅ សុខចាន់ ស្លាប់ និងកម្មការិនី ៣នាក់ នៅរោងចក្រកៅវ៉េ (Kaoway) នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវគ្រាប់កាំភ្លើងនៅពេលពួកគេធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារ។ ករណីទាំងនេះ នៅមិនទាន់ចាប់ជនដៃដល់យកមកផ្ដន្ទាទោសនៅឡើយទេ៕
No comments:
Post a Comment
yes