
បាតុកររាប់ម៉ឺននាក់ចូលរួមហែរក្បួនជាមួយCNRP
ការព្រមានរបស់មេដឹកនាំសង្គមស៊ីវិល គឺលោក ធន់ សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក និងលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅថា និចហ្វិក បានធ្វើឡើងនៅខណៈពួកគាត់បានពិនិត្យមើលថា ទំហំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ដែលមានមនុស្សចូលរួម ជិតកន្លះលាននាក់នេះ គឺសញ្ញាអាសន្នមួយថាពេលវេលានៃការរំលាយភាពទាល់ច្រកខាងនយោបាយ ត្រូវតែកើតមាន ចាប់ពីពេលនេះទៅ។
លោកធន់ សារាយ បានប្រាប់វីអូឌីថា គណបក្សប្រជាជនកម្ពុជា គួរតែប្ដូរជំហរ ហើយជួបចរចារជាបន្ទាន់ជាមួយគណបក្សសង្គ្រោះជាតិ ករណីអ្វីដែល បក្សប្រឆាំងបានទាមទារ ។ លោកព្រមានថា ពេលាគឺសមល្មមហើយ ៖
ថ្លែងនៅចំពោះមុខហ្វូងបាតុកររាប់សែននាក់ កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែធ្នូ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថាលក្ខខណ្ឌបីចំណុច ដែលលោកដាក់ចុះនៅពេលនេះ គឺត្រូវផ្ទៀតផ្ទាត់សន្លឹកឆ្នោតឡើងវិញ តាមរយៈគណៈកម្មការឯករាជ្យពីរ ប្រសិនបើចំណុចលក្ខខណ្ឌទីមួយមិនអាចទៅរួចទេ ត្រូវតែបោះឆ្នោតឡើងវិញហើយបើលក្ខខណ្ឌទីពីរ ទៅមិនរួចទៀត គឺត្រូវទម្លាក់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ៖
នៅក្នុងពេលដែលលោកសម រង្ស៊ី កំពុងថ្លែងដាក់លក្ខខណ្ឌបែបនេះ សំឡេងប្រជាពលរដ្ឋបានពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗ។ អ្នកស្រែកតាមឧបករណ៍បំពងសំឡេងម្នាក់ បានស្រែកថា "លោក ហ៊ុន សែន អើយ! ចុះចេញទៅ" ព្រោះលោកមិនមែនជាមេដឹកនាំរដ្ឋាភិបាលស្របច្បាប់ឡើយ។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅថា និចហ្វិច ពិនិត្យឃើញថា តាមសន្ទុះរបស់ប្រជាជន ដែលចូលរួមបាតុកម្ម ដែលមានចំនួនច្រើននឹងស្មានមិនដឹងនេះ ហើយមានទឹកចិត្តស្វាហាប់ដូចៗគ្នាចង់ឲ្យមានការដោះដូរ គឺបញ្ជាក់ថា ម្ចាស់ឆ្នោតទំនងជាចង់បានអ្វីដែលតវ៉ានៅពេលឆាប់ៗនេះ ហើយបើមិនមានដំណោះស្រាយ អាចនាំស្រុកទេសគ្រោះថ្នាក់ ៖
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បដិសេធធ្វើអត្ថាធិប្យាយជុំវិញការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយលោក បញ្ជាក់ថា មិនឈឺក្បាលអ្វីទេ។
បើទោះជាយ៉ាងនេះក្ដី លោកសម រង្ស៊ី បានសម្ដែងសេចក្ដីសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា ចាប់ពីសប្ដាហ៍នេះតទៅ ច្បាស់ជាធ្វើការពិចារណាអំពីការទាមទាររបស់ប្រជាពលរដ្ឋ ដែលមកប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យដ៏ច្រើនរាប់ម៉ឺនសែននាក់នេះ។
សូមជម្រាបថា បាតុកម្មនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ កាលពីម្សិលមិញនេះ មានការហែក្បួននៅតាមមហាវិថីព្រះមុនីវង្ស និងមហាវិថីមៅសេទុង ហើយបត់មកផ្លូវនេរោត្តមឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យវិញ ដោយធ្វើឲ្យស្ទះចរាចរណ៍ប្រមាណជា៧ម៉ោង ព្រោះតែមនុស្សដែលចូលរួមហែក្បួនមានចំនួនប្រហែលជាង១០ម៉ឺននាក់៕
No comments:
Post a Comment
yes