សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 19, 2013

បទ​យកការណ៍​៖អ្នក​មាន​មិនសូវ​ហ៊ាន​ចេញ​ឈ្មោះ​ពេល​ឧបត្ថម្ភ​បាតុករខណៈ​អ្នកក្រ​ចំហ​មុខ​ចង់​បាន​ការផ្លាស់ប្តូរ​​

ពលរដ្ឋយកថវិការជូនលោក សម រង្ស៊ី ដើម្បីទ្រទ្រង់មហាបាតុ
កម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ

ជា​រៀងរាល់​លើក ពេល​បាតុកម្ម មាន​សប្បុរជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មួយចំនួន បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដល់​ក្រុមបាតុករ​រាប់ពាននាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ទាំង​ថ្ងៃ​ទាំងយប់ ដើម្បី​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ ដើម្បី​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​។​
​ទោះជា​យ៉ាងណា អ្នក​មានមួយ​ចំនួន​មិន​ហ៊ាន​បង្ហាញ​ឈ្មោះ​បើកចំហ នៅពេលដែល​ពួកគេ​យក​សំភារៈ ឬ​ថវិកា ទៅ​ឧបត្ថម្ភ​ដល់​បាតុករ​ដែល​ធ្វើបាតុកម្ម​នោះ​ទេ ខណៈ​អ្នកក្រ​ហ៊ាន​ចេញ​ឈ្មោះ និង​ចេញមុខ​ដោយ​ចំហ ឧបត្ថម្ភ​ថវិកា​ ឬ​សំភារៈ​ផ្ទាល់ខ្លួន​តិចតួច​ទៅតាម​លទ្ធភាព​។
​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បើករថយន្ត​ដឹក​សម្ភារៈ មក​ឧបត្ថម្ភ​ក្រុមបាតុករ តែ​ហាក់​មិន​ចង់​ផ្តល់​បទ​ម្ភា​សន៍​ជាមួយ​អ្នកយក​ព័ត៌មាន VOD​ទេ​។ ទោះជា​យ៉ាងណា​លោក​គ្រាន់​បង្ហើប​ឲ្យដឹងថា គាត់​ធ្វើ​ការងារ​រដ្ឋ និង​ជា​អាជីវករ​ម្នាក់​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ដដែល​ឲ្យដឹងថា ដោយសារ​អាកាសធាតុ​ត្រជាក់​ខុសពី​ធម្មតា ទើប​គាត់​សម្រេចចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​សម្ភារៈ​មួយចំនួន ជួយ​ក្រុម​បាតុករ​ដែល​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ៖ “​តាម​រូបភាព​ហ្វេ​សប៊ុក​ដែល​បាន​បង្ហោះ​ឡើង យើង​ឃើញថា វីរៈ​បាតុករ​យើង គាត់​សម្រាន​អត់​មាន​ភួយ​ដណ្ដប់​អីចឹង​អត់​បាន​គ្រប់គ្រាន់ ចឹង​ខ្ញុំ​បានយ​កភួយ​ចំនួន​១០០ ហើយក៏​មាន​ទឹក ហើយ​នឹង​នំ​បាំង មី​កំប៉ុង​ចំនួន​១០០​ៗ គ្រប់​មុខ​ទាំង​អស់ សម្រាប់​ខ្ញុំ​គិតថា យើងទាំងអស់គ្នា​ទាល់តែ​រួបរួម​គ្នា​ទ​បើ​បាន​ទៅ​មុខ បើសិនជា​ជួយ​តែ​ម្នាក់ឯង​ក៏​អត់​គ្រប់​ដែរ ទាល់តែ​ជួយ​ទាំងអស់គ្នា ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​បាទ​” ។​

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា បាតុកម្ម​លើក​នេះ​នឹង​បន្ត​រយៈពេល​៣​ខែ ទាល់តែ​មាន​ការបោះឆ្នោត​ឡើងវិញ​នៅក្នុង​អាណត្តិ ហើយ​លោក ហ៊ុន សែន ​ចុះ​ចេញពី​តំណែង​។ នៅ​ពេល​​មេដឹកនាំ​បាតុកម្ម ប្រកាស​អំពាវនាវ​រក​ជំនួយ ឃើញថា ពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មាន​ជីវភាព​មធ្យម បាន​ឧបត្ថម្ភ​ថវិកា ចន្លោះ​ពី​៥០០០​រៀល ដល់​៥០០​ដុល្លារ ដើម្បី​ដំណើរការ​បាតុ​កម្ម​​នេះ​។​
​ក្រុម​អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ និង​អាជីវករ​មួយចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ អះអាងថា ពួកគេ​ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​សម្ភារៈ ជួយ​លើកទឹកចិត្ត​ក្រុម​បាតុករ​ដែល​ស្នាក់​នៅ​​ទីលាន​ប្រជាធិបយ្តេយ​នេះដែរ ​៖ “​ខ្ញុំ​លះបង់​ពេលវេលា​ដោយ​ខ្លួនឯង​ផ្ទាល់ ចំណាយ​ពេលវេលា​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួយ​ឲ្យ​ជាតិ​យើង​រស់ ដើម្បី​ឲ្យ​ជាតិ​យើង​សំបូរ​សប្បាយ​ដូច​ជំនាន់​សម្ដេច​តា​ចឹង​ណា​។ ខ្ញុំ​ពេញចិត្ដ​មកជួយ​ទាំង​កម្លាំងចិត្ដ​កម្លាំងកាយ​ហើយ​ខ្ញុំ​ឧបត្ថម្ភ​ថែមទៀត ព្រមទាំង​ចំណាយ​សាំង​ម៉ូតូ ចំណាយ​សម្ភារៈ​អី ហែ​ក្បួន​អី​អត់​ស្ដាយស្រណោះ ដោយសារតែ​ខ្ញុំ​ចង់បាន​សេរីភាព​វា​នៅ​ខ្វះចន្លោះ​ច្រើនណាស់ មិន​ជា​រៀង​រាល់​ពេល​ទេ​ពិ​មុន​មក ប៉ុន្ដែ​ថ្ងៃនេះ​ខ្ញុំ​បាន​មូលនិធិ​គ្នា​អ្នក​ផ្សារ​នៅ អ្នកលក់ដូរ​នៅ​ផ្សារ ក៏​ដូចជា​អ្នក​រត់​ម៉ូតូ​កង់​បី ដូច​អ្នករត់ម៉ូតូឌុប ដូច​ខ្ញុំ​រត់​ម៉ូត​ឌុប​បាន​រៃ​ថវិការ​បន្ដិចបន្ដួច ដើម្បី​ជួយ​ដល់​អ្នក​ដែល​មក​ក្នុង​ពិធី​ជួបជុំ​ក្នុង​ថ្ងៃនេះ​បង​។ បាទ ដើម្បី​ពួកគាត់​ហូប​ទៅ​មាន​កម្លាំងចិត្ដ ដើម្បី​ហូប​ទៅ ដើម្បី​មាន​កម្លាំង​បន្ដ​ការតស៊ូ​ដើម្បី​ជាតិ​យើង​” ។​
​ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា បាតុកម្ម​នៅ​កម្ពុជា​ខុសពី​បាតុកម្ម​នៅ​ថៃ ព្រោះ​នៅ​កម្ពុជា​ក្រុមក​អ្ន​មាន​ទ្រព្យសម្បត្តិ​ស្តុក​ស្តម​ភាគច្រើន​មិន​ហ៊ាន​ចេញមុខ​គាំទ្រ ​ឬ​ឧបត្ថម្ភ​ថវិកា​ដល់​គណបក្ស​ប្រឆាំង​ដោយ​បើកចំហ​ទេ​។ លោក​ថា នៅ​ថៃ​ការធ្វើ​បាតុកម្ម​បាន​ជោគជ័យ​ដោយ​សារ​ពួក​អ្នកមាន​ហ៊ាន​ចេញមុខ​គាំ​ទ្រ​បាតុកម្ម​។​
​អគ្គនាយក​ហិរញ្ញវត្ថុ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដា​រ៉ា ឲ្យដឹងថា ថវិកា​របស់​សប្បុរស​ជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ជួយ​ឧបត្ថម្ភ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ គិត​ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែ​ធ្នូ​នេះ ទទួល​បាន​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​។ លោក​ថា បើ​សប្បុរសជន​នៅតែ​បន្ត​ឧបត្ថម​បែបនេះ ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​បី​ខែ ក៏​មិន​ខ្វះ​ថវិកា សម្រាប់​ជួយ​ដល់​បាតុករ ដែល​តស៊ូ​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ ៖ “​បងប្អូន​ទាំង​ក្នុង​ទាំង​ក្រៅ​ស្រុក​គឺ​ចូលរួម​ទាំងអស់ យើង​អត់​មាន​បញ្ហា​រឿង​ថវិការ​ហ្នឹង​ទេ ទោះ​បី​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​យើង​អត់​មាន​បញ្ហា​ដែរ យើង​គោលបំណង់​នៃ​ការចូលរួម​របស់​លោក​ហ្នឹង​គឺ​ចឹង​ឲ្យមាន​យុត្ដិធម៌​សង្គម តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ​ហ្នឹង ចឹង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ផុសផុល​ក្នុង​ការចូលរួម​ជាមួយ​យើង​” ។​
​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​សាងសង់​រោង​បន្ថែមទៀត ដោយសារ​បាតុករ​ដែល​មកពី​ខេត្ត​រាប់ពាន់នាក់ បន្ត​ចូលរួម​បាតុកម្ម​មាន​ការកើនឡើង បើ​ទោះ​ជា​សា​លា​​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​ស្នាក់នៅ​ក៏ដោយ​។​
​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និច​ហ្វ្រិ​ច លោក​បណ្ឌិត ហង្ស ពុទ្ធា យល់ថា ការ​បរិច្ចាក​ថវិការ​បស់​អ្នកមាន​ជីវភា​ពធូធា ជួយ​ដល់​ក្រុមបាតុកម្ម​ជាកម្លាំង​​ចលករ​មួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជាក់លាក់ សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ​៖ “​ខ្ញុំ​យល់​ថា ចលនា​បរិច្ចាគ​របស់​អ្នក​មាន​ធន់​ធាន ជួយ​ដល់​ចលនា​បាតុកម្ម គឺជា​ចំណុច​រសើប​មួយ​ដែល​ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​បើ​ព្រាបធៀប​ទៅ​ហ្នឹង​ការធ្វើ​បាតុកម្ម​លើក​មុនៗ ចឹង​អាច​នឹង​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ​អាច​ហ្នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ងាក​មក​រក​ការគិតគូរ​ដោះស្រាយ​សុខ​ទុក​របស់​ប្រជារាស្ដ្រ​បាទ ” ។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ពុធ បាន​ថ្លែង អំណរគុណ​ដល់​សប្បុរ​ស​ជន ដែល​បរិច្ចាក​ថវិកា​ជួយ​ដល់​ក្រុមបាតុករ ដើម្បី​ជា​កម្លាំង​ចិត្ត​មួយ ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​។​
​បាតុករ​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ដែល​មកពី​ខេត្ត​ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង រតនគិរី តាកែវ ជាដើម ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ​ថា ពួកគាត់​សប្បាយចិត្ត ពេល​មាន​សប្បុ​រសជន​ជួយ​ឧបត្ថម្ភ​សម្ភារៈ មួយចំនួន​ដូចជា បាយ អាវ ភួយ ទឹក ថ្នាំពេទ្យ ជាដើម​។ ក្រុមបាតុករ​បញ្ជាក់ថា ពួកគាត់​នឹង​តស៊ូ​រហូត​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ​៖ ​“​មិន​ខ្វះ​ទេ​បាយទឹក សប្បុរសជន​យើង​អ្នក​គេ​អ្នក​មាន​គេ​ជួយ​ចឹង ទិញ​មក​ចែកចឹង​មក​រួច​ក្រុមការងារ​សង្គ្រោះ​ជាតិ​ហ្នឹង​គេ​ដើរ​ចែក​ទៅ មិន​ខ្វះ​ទេ ហ្នឹង​ហើយ​នៅ​តស៊ូ​រហូត​ទាល់តែ​បានសម្រេច សុខចិត្ដ​ចោលស្រូវ​អង្កនៅ​ស្រែ សុខចិត្ដដ​ក​ខ្លួន​មក​ហ្នឹង ឲ្យ​គ្រួសារ​នៅ កូនចៅ​អី​គេ​នៅ​មើល​ហ្នឹង ចឹង​ឲ្យបាន​ស្រុកទេ​សយើង​រីកចម្រើន ដូច​សង្គមរាស្ដ្រនិយម​ចឹង​ណាស់​។ អ៊ី​[​មីង​] អាច​ទ្រាំ​បាន អី​ធ្លាប់​ពិបាក​ជាង​ហ្នឹង​ទៀតផង ប៉ុណ្ណឹង​អត់​ពិបាក​ទេ ធ្វើ​ម៉េច​ឲ្យ​ប្រទេសជាតិ កូនចៅ​ស្រួលបួល​កុំឲ្យ​ដូច​សព្វថ្ងៃពិ​បាកណាស់​។ បាទ​ខ្ញុំ​ស្នាក់​នៅ​ហ្នឹង​ការលំបាក​ហ្នឹង​មិន​ជា​ការលំបាក​ប៉ុន្មាន​ទេ ប៉ុន្ដែ​ទាល់តែ​យប់​ថ្ងៃ​យប់​មួយ​ដេក​បាន​តែ​មួយ​ម៉ោង​ទេ​ភ្លៀង​ប៉ុន្ដ​ទ្រាំ​ដើម្បី​ជាតិ​។ ទ្រាំទ្រ​ទាល់តែ​បងប្អូន​នៅ​ហ្នឹង​ជាមួយគ្នា តស៊ូ​ទាំងអស់គ្នា បងប្អូន​ហ្នឹង ទាល់តែ​បាន​ជ័យជម្នះ ” ។​
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឺ​ម​អេង មានប្រសាសន៍ថា បើ​ការឧបត្ថម្ភ​ថវិកា និង​សម្ភារៈ​មិន​បាន​ដិតដល់ ការធ្វើ​បាតុកម្ម​រយៈពេល​វែង​នឹង​ធ្វើ​ឲ្យ​ជួប​បញ្ហា​ប្រឈម ៖“​បើ​បាតុកម្ម​ហ្នឹង​អត់​មាន​សាធារណជន​គាំទ្រ មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទៀត ប្រហែល​ជា​បាតុកម្ម​ហ្នឹង​មិនសូវ​មាន​កម្លាំងចិត្ដ​ដែរ ចឹង​អា​នេះ ជា​សញ្ញា​មួយ​បង្ហាញថា ទាល់តែ​មាន​ការជជែក ទាល់តែ​មាន​ការ​រក​ដំណោះស្រាយ​រួម​បាទ ជាជាង​ការ​ទុក​ឲ្យ​បញ្ហា​វា​នៅ​ចឹង ហើយ​ហ្នឹង​ការធ្វើ​បាតុកម្ម​ហ្នឹង​ទុក​ឲ្យ​ហូសប​ន្លាយ​យូរ ដែល​ធ្វើឲ្យ​មាន​ការខាតបង់​ទាំងអ​ស់បាទ ទាំង​ខាង​រដ្ឋាភិបាល ទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​បាតុកម្ម ហ្នឹង​បាទ​” ។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​ប្រាប់​ក្រុម​បាតុករ កាលពី​ថ្ងៃ​ពុធ​ថា បើ​រក​មិនឃើញ​ការ​ពិត​ជូន​ម្ចាស់ឆ្នោត​ទេ ស្លាប់​ឬ​រស់ ក៏​លោក​ហ៊ាន​ប្តូរផ្តាច់​ជាមួយ​ក្រុម​បាតុក​រដែរ​។ លោក​បញ្ជាក់ថា ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ លុះត្រាតែ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោក​ឡើង​រួបរួមគ្នា ទើប​ទទួលបាន​ជោគជ័យ​៕

No comments:

Post a Comment

yes