ទីបច្ឆាបូជាព្រះបរមសព សម្តេចឪ នៅវាលព្រះមេរុ កាលពីខែកុម្ភៈ
ឆ្នាំ២០១៣។ រូបថត ហេង ជីវ័ន
ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចឪ នរោត្តម សីហនុ ការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់មេបក្សប្រឆាំង ការបោះឆ្នោតជាតិអាណត្តិ ទី៥ ដែលមានភាពចម្រូងចម្រាស និងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ប្រគល់ដីជម្លោះនៅជុំវិញប្រាសាទព្រះវិហារ មកឲ្យកម្ពុជាគ្រប់គ្រង គឺជាព្រឹត្តិការណ៍ជាតិសំខាន់ៗ ដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១៣។
ព្រឹត្តិការណ៍ ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស មានការសោកសង្រេងយ៉ាងខ្លាំង និងបានចូលរួមកាន់ទុក្ខយ៉ាងច្រើនសម្បើម ដោយមានការរៀបចំព្រះរាជពិធីតាមបែបប្រពៃណី និងសាសនាដ៏ធំមិនធ្លាប់មានពីសំណាក់រដ្ឋាភិបាលនោះ គឺព្រះរាជពិធីដង្ហែ និងការថ្វាយព្រះភ្លើង ព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីខែ កុម្ភៈ បន្ទាប់ពីព្រះអង្គ បានយាងចូលទិវង្គត នៅក្នុងខែ តុលា ឆ្នាំ ២០១២។ អ្វីដែលជាព្រះរាជបូជនីយកិច្ចរបស់សម្តេចឪ ដែលធ្វើឲ្យប្រជាជាតិខ្មែរចងចាំមិនអាចបំភ្លេចបាន គឺការទាមទារបាននូវឯករាជ្យពេញលេញពីអាណានិគមបារាំង ក្នុងឆ្នាំ ១៩៥៣ ការឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងការយកប្រាសាទព្រះវិហារពីថៃមកគ្រប់គ្រងវិញ នៅក្នុងឆ្នាំ ១៩៦២ និងការដើរតួយ៉ាងសំខាន់របស់ព្រះអង្គ ក្នុងការបង្រួបបង្រួមជាតិខ្មែរ ដែលមានការបែកបាក់ខ្ទេចខ្ទាំ រហូតទៅដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ក្នុងឆ្នាំ ១៩៩១ ដែលបានប្រែក្លាយប្រទេស កម្ពុជា ពីរបបកុម្មុយនីស្ត មកជារបបប្រជាធិបតេយ្យ ដែលមានការបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៩៣ មក។
ការស្លាប់របស់លោក អៀង សារី ជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទវ័យជរាដែលកំពុងញាំញីទៅដោយជំងឺចំនួន ៣ នាក់ នៅក្នុងខែ មីនា បន្ទាប់ពីភរិយារបស់លោក គឺលោកស្រី អៀង ធីរិទ្ធ ដែលមានជំងឺបាត់បង់ការចងចាំធ្ងន់ធ្ងរ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ខណៈដែលសាលាក្តីខ្មែរក្រហមកំពុងតែបន្តដំណើរការលើសំណុំរឿង ០០២ ស្របពេលដែលមជ្ឈដ្ឋានជាច្រើន បានធ្វើការស្តីបន្ទោសចំពោះភាពយឺតយ៉ាវយ៉ាងខ្លាំងរបស់សាលាក្តី កូនកាត់មួយនេះ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលត្រូវបានសម្លាប់ជិត ២ លាននាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងខែ មីនា ដដែលនេះ លោក ម៉ម សូណង់ដូ នាយកវិទ្យុ សម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានដោះលែងចេញពីពន្ធនាគារ ព្រៃស បន្ទាប់ពីត្រូវបានចាប់ឃុំអស់រយៈពេល ៨ ខែ ទាក់ទិននឹងបទចោទប្រកាន់ពីការបង្កើតតំបន់អបគមន៍ដ៏ចម្រូងចម្រាស នៅក្នុងតំបន់ដែលមានជម្លោះដីធ្លី នៅក្នុងឃុំ ប្រមា ស្រុក ឆ្លូង ខេត្ត ក្រចេះ។ លោក សូណង់ដូ ត្រូវបានសាលាដំបូងរាជធានី ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំហើយត្រូវបានដោះលែងវិញនៅពេលដែលសំណុំរឿងនេះបានទៅដល់សាលាឧទ្ធរណ៍។
នៅក្នុងខែ មេសា រូបថតពីផ្កាយរណប Landsat របស់អង្គការ NASA អាមេរិក ដែល ភ្នំពេញ ប៉ុស្តិ៍ ប្រមូលពីរូបថតរវាងឆ្នាំ ២០០៩ និងឆ្នាំ ២០១៣ បានឲ្យដឹងថា ព្រៃបៃតងក្នុងដែនជម្រកសត្វព្រៃទាំងមូលប្រហែល ៦០ ភាគរយ ត្រូវបានកាប់អស់ហើយ។ រូបថតពីផ្កាយរណបស្តីពីវិនាសកម្មព្រៃឈើនៅកម្ពុជានេះ ត្រូវបានគេបង្ហាញ ស្របពេលដែលមានសេចក្តីរាយការណ៍ជាច្រើនថា ព្រៃឈើត្រូវបានគេកាប់បំផ្លាញយ៉ាងគំហុក ទាំងតាមរយៈនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការកាប់បំផ្លាញខុសច្បាប់ ដែលមានការឃុបឃិតពីមន្ត្រីមានសមត្ថកិច្ចមួយចំនួន រួមទាំងការកាប់រានយកដីធ្វើចម្ការពីសំណាក់ប្រជាពលរដ្ឋក្រីក្រ។ បច្ចុប្បន្ន ការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើ ត្រូវបានគេរាយការណ៍ថា នៅតែបន្តកើតឡើងយ៉ាងផុលផុសដោយពុំមានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនៅឡើយ។
នៅក្នុងខែ ឧសភា រដ្ឋសភា បានធ្វើការអនុម័តយ៉ាងតក់ក្រហល់នូវសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលស្នើឡើងដោយរដ្ឋាភិបាល ដោយច្បាប់នេះ បានកំណត់ធ្វើការផ្តន្ទាទោសចំពោះជនណាដែលនិយាយថា គ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ការអនុម័តច្បាប់នេះ បានធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលមានការភ្ញាក់ផ្អើលស្របពេលដែលលោក ជុំ ម៉ី អ្នករួចរស់ជីវិតពីគុក ទួលស្លែង បានដឹកនាំក្បួនបាតុកម្មធំមួយដង្ហែពីទីលានប្រជាធិបតេយ្យទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សនេះ ធ្វើការសុំទោសចំពោះខ្សែអាត់សំឡេងរបស់លោកដែលត្រូវបានគេផ្សព្វផ្សាយ ហើយគេឮលោក កឹម សុខា និយាយថា ទួលស្លែង ជាគុកសិប្បនិម្មិត។ ប៉ុន្តែយ៉ាងណាក៏ដោយលោក កឹម សុខា បានបដិសេធ មិនសុំទោសលោក ជុំ ម៉ី ឡើយ ដោយលើកឡើងថា ខ្សែអាត់សំឡេងរបស់លោក ត្រូវបានគេកាត់ត ខុសពីបរិបទដើម ដើម្បីបម្រើផលប្រយោជន៍នយោបាយ។ ទោះជាយ៉ាងណា លោក ជុំ ម៉ី មិនសុខចិត្តឡើយ ហើយបានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅតុលាការ។ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញតុលាការចាត់វិធានការលើសំណុំរឿងនេះឡើយ ក្រៅពីចេញដីកាកោះហៅឲ្យលោក កឹម សុខា ចូលទៅបំភ្លឺចំនួនពីរលើក នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែ កក្កដា ប៉ុន្តែលោក កឹម សុខា មិនបានចូលទៅបំភ្លឺទៅតាមការកោះនោះទេ ដោយជាប់រវល់ធ្វើការឃោសនាបោះឆ្នោត។
នៅក្នុងខែ កក្កដា ក្បួនឃោសនាបោះឆ្នោតជាតិអាណត្តិ ទី៥ បានចាប់ផ្តើម។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា បានលេចធ្លោក្នុងចំណោមគណបក្សចំនួន ៨ ដែលចូលរួមប្រកួត។ នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងបន្ត លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនដោយខ្លួនឯងអស់រយៈពេលជាង ៤ឆ្នាំ ដើម្បីគេចចេញពីការជាប់ពន្ធនាគារចំនួន ១០ឆ្នាំ ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស បានប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតថ្ងៃ ទី២៨ កក្កដា។ ប៉ុន្មានថ្ងៃក្រោយពីការប្រកាសរបស់លោក សម រង្ស៊ី គេឃើញព្រះមហាក្សត្រ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសមេបក្សប្រឆាំងរូបនេះ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលធ្វើឡើងនៅមុនថ្ងៃបោះឆ្នោតតែជាង ១០ថ្ងៃ ហើយមានប្រជាពលរដ្ឋជាច្រើនរាប់ម៉ឺននាក់ បានទៅរង់ចាំទទួលស្វាគមន៍លោកនៅពេញតាមសងខាងផ្លូវសហព័ន្ធ រុស្ស៊ី ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ទីលានប្រជាធិបតេយ្យនោះ ត្រូវបានអ្នកវិភាគមួយចំនួនអធិប្បាយថា បានធ្វើឲ្យគណបក្សប្រឆាំងកាន់តែមានឥទ្ធិពលក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជន។ ការបោះឆ្នោតនៅថ្ងៃ ទី២៨ ខែ កក្កដា បានប្រព្រឹត្តទៅតាមការគ្រោងទុក ដែលការបោះឆ្នោតជាតិអាណត្តិ ទី៥ នេះ ត្រូវបានក្រុមអ្នកសង្កេតការណ៍នានា វាយតម្លៃថាមានស្ថានភាពល្អប្រសើរ ខណៈដែលប្រជាពលរដ្ឋជាច្រើន ហាក់ដូចជាមានភាពផុលផុសក្នុងការទៅបោះឆ្នោត និងរង់ចាំមើលនៅតាមការិយាល័យបោះឆ្នោតនានាបើទោះបីជាការិយាល័យបោះឆ្នោតមួយចំនួនត្រូវបានរំខានដោយក្រុមមនុស្ស ដែលធ្វើការបណ្តេញចេញចំពោះអ្នកបោះឆ្នោតទាំងឡាយណាដែលគេសង្ស័យថា ជាជនជាតិ វៀតណាម ក៏ដោយ។
នៅល្ងាចថ្ងៃ ទី២៨ ខែ កក្កដា បន្ទាប់ពីការិយាល័យជាច្រើនបានបញ្ចប់ការរាប់សន្លឹកឆ្នោត មានសេចក្តីរាយការណ៍ជាច្រើនអះអាងថា គណបក្សសង្គ្រោះជាតិបានឈ្នះឆ្នោត ហើយបន្ទាប់មក លោក សម រង្ស៊ី ក៏បានចេញសេចក្តីប្រកាសតាមគេហទំព័រហ្វេសប៊ុករបស់លោក ថា គណបក្សសង្គ្រោះជាតិបានឈ្នះឆ្នោតផងដែរ។ នៅពេលនោះ តាមសេចក្តីរាយការណ៍ជាច្រើនថា កងកម្លាំងរបស់រដ្ឋាភិបាលបានចល័តចូលរាជធានីភ្នំពេញ ហើយផ្លូវមួយចំនួនត្រូវបានបិទ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានការព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលបន្ទាប់មកលោក សម រង្ស៊ី បានដកចេញនូវសេចក្តីប្រកាសរបស់លោកវិញ ហើយលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជន បានប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនបានឈ្នះ ៦៨ អាសនៈ ឯចំណែកគណបក្សសង្គ្រោះជាតិ ឈ្នះបាន ៥៥ អាសនៈ។ នៅពេលនោះ ស្ថានការណ៍ហាក់ដូចជាបានធូរស្រាលឡើងវិញ។ ទោះយ៉ាងណាគណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួនបានឈ្នះឆ្នោតយ៉ាងតិចចំនួន ៦៣ អាសនៈនៅក្នុងរដ្ឋសភា។
នៅក្នុងខែ សីហា ការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅតែបន្តកើតឡើងហើយគណបក្សប្រឆាំងបានដាក់ពាក្យប្តឹងទៅ គ.ជ.ប និងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បណ្តឹងមួយចំនួនក្នុងចំណោមបណ្តឹងជាច្រើនរបស់បក្សប្រឆាំងត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើការដោះស្រាយ។ បើទោះបីជាមានការរកឃើញថា កញ្ចប់សុវត្ថិភាពនៅតាមការិយាល័យមួយចំនួនត្រូវបានបើក ហើយឯកសារមួយចំនួន មានភាពមិនប្រក្រតីក៏ដោយ ក៏នៅទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា ភាពមិនប្រក្រតី ដែលគណបក្សសង្គ្រោះជាតិបានប្តឹង មិនមានអ្វីដែលអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ ហើយបានបិទផ្លូវតវ៉ា។ ទោះយ៉ាងណាគណបក្សប្រឆាំងបានប្រឆាំងជំទាស់ទៅនឹងការសម្រេចនេះ ហើយបានធ្វើការចោទប្រកាន់ថា ទាំង គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាឧបករណ៍បម្រើនយោបាយឲ្យគណបក្សប្រជាជន។
បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ ដែលបង្ហាញថា គណបក្សប្រជាជនទទួលបាន ៦៨ អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន ៥៥ អាសនៈគណបក្សប្រឆាំងបានប្រកាសធ្វើបាតុកម្មប្រឆាំងលទ្ធផលនេះ។ ក៏ប៉ុន្តែ បើទោះបីជាគណបក្សប្រឆាំងបានប្រឆាំងជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតក៏ដោយ ក៏នៅទីបំផុត នៅខែ កញ្ញា តំណាងរាស្ត្រគណបក្សប្រជាជនចំនួន ៦៨ រូបបានបើកកិច្ចប្រជុំសភាលើកដំបូង ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រនៅពេលដែលគណបក្សប្រឆាំងបាន ធ្វើពហិការ។ គណបក្សប្រជាជន បានបន្តដំណើរការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភានិង រដ្ឋាភិបាលទៅតាមគម្រោងរបស់ខ្លួនដោយពុំមានការចូលរួមពីគណបក្សប្រឆាំង។ រដ្ឋាភិបាលអាណត្តិ ទី៥ បានចាប់ផ្តើមដំណើរការនៅខែ កញ្ញា ហើយ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលអាណត្តិ ទី៥ របស់លោកនឹងធ្វើ «កំណែទម្រង់ស៊ីជម្រៅ» ដោយប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅគ្រប់ស្រទាប់។
ប៉ុន្តែ យ៉ាងណាក៏ដោយគណបក្សប្រឆាំងបានចាត់ទុកការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិ ទី៥ នេះថា ខុសច្បាប់ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញដែលចែងថា ប្រទេសកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ យ៉ាងណាក្តី គណបក្សប្រជាជនបានអះអាងថា ខ្លួនបានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលដោយត្រឹមត្រូវទៅតាមច្បាប់។
មកដល់ចុងខែ ធ្នូ នេះស្ថានការណ៍នយោបាយនៅតែតានតឹងនៅឡើយ ខណៈពេលដែលគណបក្សប្រឆាំងកំពុងតែធ្វើបាតុកម្មដើរនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដោយមានអ្នកចូលរួមគាំទ្ររាប់ម៉ឺននាក់។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ កម្មករនៅតាមបណ្តារោងចក្រជាច្រើនបានឈប់ធ្វើការ ហើយបាននាំគ្នាធ្វើបាតុកម្មសុំដំឡើងប្រាក់ខែឲ្យបានដល់ ១៦០ ដុល្លារក្នុងមួយខែ ប្រឆាំងទៅនឹងការសម្រេចរបស់ក្រសួង ការងារ និងសមាគមរោងចក្រកាត់ដេរដែលបានសម្រេចផ្តល់ឲ្យពួកគេត្រឹម ៩៥ ដុល្លារ។
វិបត្តិនយោបាយ និងវិបត្តិកម្មកររោងចក្រកាត់ដេរនេះត្រូវមជ្ឈដ្ឋាននានារំពឹងថា អាចនឹងត្រូវបានដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ ២០១៤ ខាងមុខនេះ៕
No comments:
Post a Comment
yes