សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 13, 2013

ជម្លោះ​ដីធ្លី​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​ខណៈ​មាន​ការ​ជាប់​គាំង​នយោបាយ

131213_04
ពល​រដ្ឋ​នៅ​​​កោះ​កុង​ត្រូវ​ហាម​ឃាត់​មិន​​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​នេះ​
 រូបថត សហ​ការី
នៅ​ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ការ​ជាប់​គាំង​នយោបាយ​បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ ទី២៨ កក្កដា អាជ្ញាធរ​មួយ​ចំនួន​កំពុង​ដើរ​សម្លុត​ដក​ហូត​សាលកបត្រ​ដីធ្លី ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុម​យុវជន​វាស់​វែង​ដី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឲ្យ​បញ្ហា​វិវាទ​ដីធ្លី បាន​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន ១៧។ នេះ​បើ​យោង​តាម​វេទិកា​ពិភាក្សា​ស្តី​ពី​បញ្ហា​ដីធ្លី​ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ។
នៅ​ក្នុង​វេទិការ​ពិភាក្សា​ដែល​មាន​ការ​ចូល​រួម​ពី ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ក្នុង​វិវាទ​ដីធ្លី ១៥ ខេត្ត-ក្រុង អ្នក​វិភាគ​ឯករាជ្យ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​ជាប់​ឆ្នោត ដែល​មាន​ប្រមាណ ២០០ នាក់ ប្រជា​ពលរដ្ឋ​រងគ្រោះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ដែល​ជាប់​ឆ្នោត​ថ្មី​ពន្លឿន​យន្តការ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។
អ្នក​ស្រី ថុង ផា ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចុះ​វាស់​វែង​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​អ្នក​ស្រី​រួច​ហើយ ប៉ុន្តែ​បន្ទាប់​ពី​បាន​សាលកបត្រ​អាជ្ញាធរ​ឃុំ ក៏​ដក​ហូត​យក​វិញ​។ អ្នក​ស្រី​បាន​ថ្លែង​ថា៖ «គេ​ដក​ហូត​យក​សលាកបត្រ​ពី​យើង ហើយ​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល ដែល​ជាប់​ឆ្នោត​ថ្មី មេត្តា​ជួយ​ពួក​ខ្ញុំ​កុំ​ឲ្យ​គេ​យក​ដី​នេះ ពីព្រោះ​ដី​នេះ ពួក​ខ្ញុំ​បាន​រស់​នៅ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម»។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា មិន​ឲ្យ​ក្រុមហ៊ុន​យក​ដី អាជ្ញាធរ បាន​យក​កម្លាំង​ទាហាន​មក​គំរាម​ពលរដ្ឋ ហើយ​ក៏​បាន​ដុត​ផ្ទះ​ពលរដ្ឋ​អស់ ៣ ខ្នង និង​ឈូស​ផ្ទះ​អស់ ៨ ខ្នង​ទៀត។ អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «ពួក​យើង​ក្រ​លំបាក​ណាស់​ហើយ​កូនៗ​ពួក​យើង​ក៏​លែង​បាន​រៀន​សូត្រ​ដែរ​ដោយ​សារ​តែ​ជាប់​រវល់​ជួយ​ការពារ​ដី»។
លោក គី ចាន់រ៉ា ប្រជា​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដីធ្លី មក​ពី​ឃុំ បឹង​ប្រាំ ស្រុក បវេល ខេត្ត បាត់ដំបង បាន​ឲ្យ​ដឹង​ថា ដី​ដែល​ក្រុម​និស្សិត​វាស់​ឲ្យ​នៅ​ក្នុង​ឃុំ​របស់​លោក​នោះ ប្រជា​ពលរដ្ឋ​ទទួល​បាន​តែ​ប្លង់​ប៉ុណ្ណោះ ចំណែក​ដី​ពិត​ប្រាកដ ដែល​អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​តាំង​ពី​ឆ្នាំ ២០០៥ មក​នោះ ត្រូវ​បាន​អ្នក​ផ្សេង​ដណ្តើម​កាន់​កាប់​។ លោក​ថ្លែង​ថា៖ «អ្វី​ដែល​ប្លែក​នោះ​គឺ​ខ្ញុំ​មាន​តែ​ប្លង់ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ដី ពីព្រោះ​ដី​ទាំង​អស់​របស់​យើង​គេ​ថា​ជា​ដី​របស់​គេ។ ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី មេត្តា​ពន្លឿន​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួក​យើង​ផង»។
យោង​តាម​ទស្សនទាន​នៃ​វេទិកា ពិភាក្សា ស្តីពី​បញ្ហា​ដីធ្លី បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ដែល​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និង​អង្គការ​សមធម៌​កម្ពុជា បាន​លើក​ឡើង​ថា ខណៈ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ បញ្ហា​វិវាទ​ដី​ធ្លី​បាន​ចាប់​ផ្តើម​កក្រើក​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ១៧ ដែល​មាន​ចំនួន​សរុប ៣៣ ករណី​។ ក្រុមហ៊ុន បុគ្គល​ដែល​មាន​ខ្នង​បង្អែក និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី ជាមួយ​ប្រជា​ពលរដ្ឋ​ហាក់​ដូចជា​កំពុង​បើក​ដៃ​ឲ្យ​បន្ត​រឹប​អូស​យក ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​គ្រប់​តាម​ចំនួន​ដែល​បាន​គ្រោង​ទុក​កាល​ពី​មុន​ពេល​បោះឆ្នោត ហើយ​អាជ្ញាធរ មិន​អើពើ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឡើយ។ ការ​សិក្សា​របស់​អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា៖ «ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​មាន​សមត្ថកិច្ច​បែរ​ជា​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ផ្ទេរ​ដី​របស់​ប្រជា​ពលរដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន។ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​កំពុង​ដើរ​សម្លុត​ដក​ហូត​យក​មក​វិញ​នូវ​សាលកបត្រ​វាស់​វែង​ដីធ្លី​ដែល​ទទួល​បាន​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត»។ រាជធានី​ខេត្ត​ដែល​មាន​ជម្លោះ​ដីធ្លី មាន​រាជធានី​ភ្នំពេញ ខេត្ត កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី សៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ កំពត និង តាកែវ។
យោង​ទៅ​តាម​របាយ​ការណ៍​កម្រាស់ ៦៨ ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ មាន​ចំណង​ជើង​ថា «កម្ពុជា​ដី​មាន​ជម្លោះ» បាន​លើក​ឡើង​ថា ពាក់​ព័ន្ធ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា យុវជន​ស្ម័គ្រ​ចិត្ត នៅ​តែ​មិន​មាន​ប្រសិទ្ធភាព ពីព្រោះ​កម្មវិធី​នោះ​មិន​បាន​បញ្ចូល​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នោះ​ទេ ហើយ​សកម្មជន​ដែល​ជួយ​ដល់​សហគមន៍​ទាំង​នោះ​ដើម្បី​ការពារ​ដី​ធ្លី​នៅ​តែ​ត្រូវ​បាន​ចាប់​ខ្លួន។
របាយ​ការណ៍​បន្ត​ថា៖ «ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ ក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ ត្រូវ​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​បន្ទាប់​ពី​ការ​កំណត់​ព្រំ​ដី​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ក្នុង​ខែ ធ្នូ ឆ្នាំ ២០១២ ប៉ុន្តែ​ក្រុមហ៊ុន​ភាពីម៉ិច​នៅ​តែ​បន្ត​កាន់​កាប់​ដដែល»។
លោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា ថ្វី​បើ​សិទ្ធិ​ដីធ្លី ត្រូវ​បាន​គាំពារ​ក្រោម​ច្បាប់​ជាតិ​ដែល​ពាក់​ព័ន្ធ​ក្តី​តែ​កង្វះ​ការ​អនុវត្ត​ច្បាប់​ជាក់ស្តែង ដោយ​សារ​តែ​អំពើ​ពុករលួយ បក្ខពួក​និយម និង​កង្វះ​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ បាន​ធ្វើ​ឲ្យ​ជម្លោះ​ដីធ្លី រវាង​ប្រជា​ពលរដ្ឋ​និង​សម្បទានិក​នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក។ លោក​ថ្លែង​ថា៖ «ដោយ​សារ​តែ​ប្រព័ន្ធ​តុលាការ​ទន់ទោរ​ទៅ​ខាង​អ្នក នយោបាយ និង​នយោបាយ​របស់​រដ្ឋាភិបាល បាន​បង្ក​ឲ្យ​វិវាទ​ដីធ្លី​កាន់​តែ​រាលដាល​ក្លាយ​ជា​ជម្លោះ​ដ៏​ធំ»។
លោក កែម ឡី អ្នក​វិភាគ​សង្គម​ឯករាជ្យ​បាន​ថ្លែង​ថា មហន្តរាយ មក​លើ​មនុស្ស និង​ធនធាន​ធម្មជាតិ ដែល​បាន​កើត​ឡើង គឺ​ដោយ​សារ​តែ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​អនុវត្ត​ខុស​ពី​អនុក្រឹត្យ​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​សម្បទាន​រ៉ែ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «មាន​ការ​បង្កើត​ច្បាប់​ព្រៃ ដូចជា បាន​ប្លង់​អត់​ដី បាន​ប័ណ្ណ​កម្មសិទ្ធិ​ដក​ទុក​នេះ មាន​ន័យ​ថា​យ៉ាង​ម៉េច? ខ្មែរ​នឹង​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​លើ​ដី​ខ្លួន​ឯង ជា​ពិសេស​នៅ​ខេត្ត រតនគិរី និង​មណ្ឌលគិរី ដោយ​សារ​តែ​ក្រុមហ៊ុន វៀតណាម ជា​ច្រើន​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​តាម​បណ្តោយ​ព្រំដែន»។
លោក ឡោ ណាវុធ អគ្គ​នាយក​សុរិយោដី​នៃ​ក្រសួង ដែន​ដី​នគរូបនីយកម្ម និង សំណង់ និង លោក ស សុវណ្ណ អ្នកនាំ​ពាក្យ​នៃ​ក្រសួង ដែនដី​នគរូបនីយកម្ម​និង​សំណង់ ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment

yes