
សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ
យ៉ាឡាយ (Hoang Anh Gia Lai) នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៣
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានចេញរបាយការណ៍នៅថ្ងៃទី១៣ ធ្នូ រកឃើញថា ក្រុមហ៊ុនដ៏ធំមួយឈ្មោះថា ក្រេឌីដ ស្វីស (Credit Suisses) មានភាគហ៊ុននៅក្នុងក្រុមហ៊ុនវៀតណាម ហ័ង អាញយ៉ាឡាយ (Hoang Anch Gia Lai) ដែលជាក្រុមហ៊ុនកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញបរិស្ថាននៅប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីក្រុមហ៊ុនទាំងនេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
អង្គការឃ្លាំមើលពិភពលោក បានបញ្ចេញរបាយការណ៍មួយថ្មីទៀត នៅថ្ងៃទី១៣ ធ្នូ សរសេរថា ក្រុមហ៊ុន ក្រេឌីត ស្វីស មានភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនវៀតណាម ហ័ង អាញ យ៉ាឡាយ ដែលក្រុមហ៊ុននេះបានធ្វើផ្ទុយពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលពិភពលោក បានលើកឡើងថា ក្រុមហ៊ុន ក្រឌីត ស្វីស ទោះបីជាបានប្ដេជ្ញាចិត្តថា ក្រុមហ៊ុនមិនធ្វើការវិនិយោគទៅលើគម្រោងណាដែលធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថាន សង្គម និងសិទ្ធិមនុស្សក្ដី ប៉ុន្តែក្រុមហ៊ុននេះនៅតែដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនវៀតណាម ហ័ង អាញ យ៉ាឡាយ ដែលជាក្រុមហ៊ុនធ្វើឲ្យមានការរំលោភសិទ្ធិមនុស្ស បរិស្ថាន ក្រោមគម្រោងអភិវឌ្ឍន៍ដាំដើមកៅស៊ូ។
អង្គការឃ្លាំមើលពិភពលោក បានចេញរបាយការណ៍កាលពីខែឧសភា ឆ្នាំ២០១៣ មានចំណងជើងថា «រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons»ទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសឡាវ ដោយក្រុមហ៊ុនដាំកៅស៊ូវៀតណាម ធំពីរ គឺក្រុមហ៊ុនឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនរដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។
ក្រុមហ៊ុន ក្រេឌីដ ស្វីស នៅបន្តដាក់ទុនក្នុងក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដើម្បីទទួលបានភាគហ៊ុនជាង ១០% ដែលធ្វើអោយ ក្រេឌីដ ស្វីស ក្លាយជាម្ចាស់វិនិយោគធំបំផុតទី២ បន្ទាប់ពីប្រធានក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺលោក ដង ង្វៀងឌឹក (Doan Nguyen Duc)។
ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បានវិនិយោគលើវិស័យដំណាំកៅស៊ូនៅខេត្តរតនគិរី ក្នុងប្រទេសកម្ពុជា ជាប់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ក្រុមហ៊ុននេះកាន់កាប់ដីនៅខេត្តរតនគិរី ក្រោមរូបភាពសម្បទានដីសេដ្ឋកិច្ចជិត ៥ម៉ឺនហិកតារ ខណៈដែលច្បាប់កម្ពុជា កំណត់មិនឲ្យលើសពី ១ម៉ឺនហិកតារសម្រាប់ក្រុមហ៊ុនមួយ។
ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប វិញមានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចសឹងពាក់កណ្ដាលប្រទេស គឺចាប់តាំងពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ធ្លាយទៅដល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ហើយក្រុមហ៊ុនទាំងពីរនេះបានកាប់ទន្ទ្រានព្រៃឈើនៅតំបន់ទាំងនេះ។
អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡាវ សេដ្ឋាផល មានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ មិនមែនស្ថិតនៅក្រោមនាយកដ្ឋានរបស់លោកទេ ប៉ុន្តែលោកបញ្ជាក់ថា ក្រុមហ៊ុនដែលកាប់ឈើនៅតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួននោះ គឺដើម្បីដាំដើមកៅស៊ូជំនួសវិញ។
«សំឡេង»
មន្ត្រីអង្គការឃ្លាំមើលពិភពលោក លើកឡើងថា នេះជារឿងគួរអោយបារម្ភ។ លោកថា ក្រុមហ៊ុន ក្រេឌីដ ស្វីស បានក្លាយជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នៅពេលដែលវិនិយោគិនប្រកបដោយភាពទទួលខុសត្រូវ និងដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅ។ អង្គការឃ្លាំមើលពិភពលោក ចោទសួរថា តើក្រុមហ៊ុន ក្រេឌីដ ស្វីស អាចត្រូវពិនិត្យអ្វីខ្លះ ប្រសិនបើក្រុមហ៊ុននេះគិតថា វាជាពេលល្អដើម្បីផ្តល់ហិរញ្ញវត្ថុទៅអោយក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នោះ?
អង្គការឃ្លាំមើលពិភពលោក បានអំពាវនាវឱ្យក្រុមហ៊ុន ក្រេឌីដ ស្វីស ពិនិត្យឡើងវិញនូវដំណើរការវិនិយោគរបស់ខ្លួន ដើម្បីធានាឲ្យបាននូវទុនវិនិយោគរបស់ខ្លួនប្រកបដោយយុត្តិធម៌ ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពធ្វើជាគំរូ ជាជាងការវិនិយោគនោះមានរំលោភយកដីធ្លីប្រជាពលរដ្ឋ និងការកាប់បំផ្លាញព្រៃឈើ៕
No comments:
Post a Comment
yes