លោក វ៉ន ពៅ រងការវាយដំពីកម្លាំងមានសមត្ថកិច្ច
រូបថតហ្វេសប៊ុក Heng Chivoan
ធ្លាប់បានចូលរួមរាល់សកម្មភាព ដែលមានការតវ៉ារបស់ប្រជាពលរដ្ឋ។ បញ្ហាដីធ្លី ផ្ទះសម្បែង ការការពារបរិស្ថាន ព្រៃឈើ ការរំលោភបំពានសិទ្ធិមនុស្ស សុទ្ធសឹងជាសកម្មភាព ដែលគេ ឃើញលោក វ៉ន ពៅ ចូលរួមកន្លងមក។ តើលោក វ៉ន ពៅ ជានរណា?
មុននឹងក្លាយជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ធ្លាប់ជាកម្មករកាត់ដេរ និងបន្ទាប់មកទៀតលោកបានក្លាយទៅជាអ្នករត់ម៉ូតូឌុប។ នៅក្នុងអាជីពជាអ្នករត់ម៉ូតូឌុបនេះហើយដែលលោក វ៉ន ពៅ បានចងក្រងក្រុមម៉ូឌុប និងអ្នករត់រឺម៉កកង់បី។
ក្នុងអាជីពជាអ្នកការពារជនក្រីក្រតូចតាច លោក វ៉ន ពៅ បានចំណាយកម្លាំងកាយចិត្ត និងអាយុជីវិតដើម្បីធ្វើការតស៊ូមតិតតាំងជាមួយអាជ្ញាធរដែលរំលោភលើសិទ្ធិកម្មករ កសិករ និងអាជីវករតូចតាច។
លោកធ្លាប់តស៊ូមតិការពារ អ្នករត់ម៉ូតូឌុប អ្នករត់រឺម៉ុកកង់បី អ្នកអូសរទេះនៅប៉ោយប៉ែត ហើយថ្មីៗនេះ លោកបានចូលរួមបង្កើតសមាគមស្ត្រីធ្វើការតាមផ្ទះមួយបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ប្រធានសមាគមរូបនេះ ធ្លាប់បង្ហាញខ្លួនជាច្រើនលើកច្រើនសារនៅលើវេទិការរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យផងដែរ។
រាងតូច ទាប តែបានវោហារស័ព្ទ លោក វ៉ន ពៅ គឺជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់។ នៅថ្ងៃពុធនេះ លោកបានដឹកនាំកម្មករកាត់ដេរធ្វើបាតុកម្មដែលនាំអោយមានអំពើហិង្សា ហើយជាលទ្ធផលត្រឡប់មកវិញ រូបលោកត្រូវទទួលរងរបួសត្រង់ក្បាល និងបន្ទាប់មកលោកត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន៕
No comments:
Post a Comment
yes