មន្ទីរសម្រាកព្យាបាលឯករាជ្យ ត្រូវបានក្រុមកម្មករវាយកំទេច
និងដុតទ្រព្យសម្បត្តិ (រូបភាពដោយ តាត ឧត្តម)
មន្ទីរពេទ្យឯកជន និងផ្ទះល្វែង ពីរកន្លែង ត្រូវបានក្រុមកម្មករវាយកម្ទេច នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ដោយពួកគេអះអាងថា មន្ទីរពេទ្យនោះមិនព្រមព្យាបាលកម្មករដែលរងរបួស។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ឲ្យដឹងថា មន្ទីរពេទ្យឯកជនមួយ ដែលមានយីហោ មន្ទីរសម្រាកព្យាបាលឯករាជ្យ ត្រូវបានក្រុមកម្មករវាយកម្ទេចកញ្ចក់ទ្វារនិងបង្អួច ព្រមទាំងបរិក្ខាពេទ្យមួយចំនួន ខណៈកម្មករអះអាងថា មន្ទីរពេទ្យនេះមិនព្រមព្យាបាលកម្មករដែលរងបួស នៅក្នុងហេតុការន៍ប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង។
សេចក្តីរាយការណ៍បន្តថា នៅម៉ោង១១:១៥នាទីនេះ កម្មករក៏បានសម្រុកទៅវាយកម្ទេចទ្វារផ្ទះល្វែងមួយកន្លែង នៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ានោះដែរ ដោយពួកគេសង្ស័យថាមានប៉ូលិសបង្ក្រាបកុប្បកម្ម កំពុងលាក់ខ្លួនក្នុងនោះ។
ការប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថិច្ចរាប់រយនាក់ និងកម្មករមកពីបណ្តាលរោងចក្រនានា ក្នុងរាជធានីភ្នំពេញ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា បានឡើងកម្តៅខ្លាំងនៅម៉ោង ១០ព្រឹកនេះ ហើយឈានទៅដល់ប្រើកាំភ្លើងបាញ់រះទៅលើហ្វូងកម្មករ បណ្តាលឲ្យមាកការសង្ស័យថា កម្មករបីនាក់បានស្លាប់ និងជាង១០នាក់ទៀតរងបួសធ្ងន់និងស្រាល៕
កម្មករប្រមូលគ្រឿងបរិក្ខារក្នុងមន្ទីរសម្រាក់ព្យាបាល មកដុតកំទេចចោល
(រូបភាពដោយ តាត ឧត្តម)
No comments:
Post a Comment
yes