
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ/ណាត សុភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ស្នើឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ឲ្យជួយឲ្យបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិចូលសភាជាមុនសិន ដើម្បីជាការឈានដល់ការទម្លាយភាពជាប់គាំងនយោបាយបច្ចុប្បន្ន។
លោក ហ៊ុន សែន បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោក សុរិយា ស៊ូប៊ែឌី រយៈពេល៣ម៉ោងនិង៣០នាទី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃពុធទី១៥ ខែមករា។
បន្ទាប់ពីជំនួបចប់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ឱម យិនទៀង បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្ត្រី បានសុំឲ្យលោក ស៊ូប៊ែឌី ជួយជំរុញគណបក្សប្រឆាំងចូលរួមក្នុងសភា ដើម្បីដោះស្រាយបញ្ហានានា <<ជំហររបស់ខាងរដ្ឋាភិបាល យ៉ាងដូចម្តេច? គឺសម្តេចហ៊ុន សែន បានប្រសាសន៍ថា យើងនៅរក្សាទ្វារចរចា បើកចំហបូកជាមួយនឹង យើងខិតខំថ្នាក់ថ្នមសភាពការ កុំឲ្យតែទៅដល់ថា្នក់ផ្តួលរំលំ នោះយើងមិនអាចអត់អោនឲ្យបានទេ។ ទោះបីកន្លងមកមានកំហុស បទល្មើស ស្អីក៏ដោយ យើងនៅខិតខំថ្នាក់ថ្នមសភាពការដើម្បីទុកចរចាជាមួយគ្នា លើបញ្ហានេះ។ ដំណោះស្រាយនៃការទាល់ច្រកនេះ តាមទស្សនៈរបស់សម្តេច គ្មានអ្វីក្រៅពីរដ្ឋសភាដើម្បីដោះស្រាយទេ ពីព្រោះកិច្ចការទាំងអស់នៅរដ្ឋសភា>>។
សម្រាប់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងយ៉ាងខ្លីថា គណបក្សនេះ មិនចូលសភាមុនចរចាឡើយ ហើយការចរចាអាចមានលទ្ធផល លុះណាតែគណបក្សប្រជាជនកម្ពុជា ព្រមទទួលយករបៀបវារៈ ដែលបក្សប្រឆាំងនេះទាមទារ ដើម្បីឈានដល់ការដោះស្រាយបញ្ហានយោបាយទាំងស្រុង <<អត់មានចូលប្រជុំហើយ បានមានការចរចាក្រោយទេ នោះគឺធ្វើទៅមិនរួចទេ។ សុំឲ្យមានការចរចាជាមុនសិន ហើយការចរចាត្រូវផ្តោតលើរបៀបវារៈពីរ។ ទី១ ការបោះឆ្នោតឡើងវិញ ហើយទី២ ការកែទម្រង់ការបោះឆ្នោត។ ហើយមុនឈានទៅដល់ការចរចា ត្រូវរក្សានូវបរិយាកាសនយោបាយឲ្យស្ងប់ស្ងាត់ ដោះលែងអ្នកដែលត្រូវចោទប្រកាន់ ដោយអយុត្តិធម៌ ហើយបញ្ឈប់ការប្រើប្រាស់អំពើហិង្សាមកលើបាតុករ>>។
លោក ឱម យិនទៀង ឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៅលោក ស៊ូប៊ែឌីថា គណបក្សប្រឆាំង មានសិទ្ធិកោះហៅរដ្ឋមន្ត្រីរដ្ឋាភិបាល មកសាកសួរ ហើយនាយករដ្ឋមន្ត្រី ក៏ចង់ឲ្យគណបក្សប្រឆាំង ត្រួតពិនិត្យមើលសមាជិករបស់រដ្ឋាភិបាលផងដែរ ដើម្បីជាការសម្រួលការងារ។ លោក ឱម យិនទៀង បញ្ជាក់ទៀតថា លោក ស៊ូប៊ែឌី បានទទួលយកសំណើរបស់លោក ហ៊ុន សែន៕
No comments:
Post a Comment
yes