សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 3, 2014

ក្តី​បារម្ភ​របស់​ពលរដ្ឋ​ចំពោះ​សកម្មភាព​ហិង្សា​ពី​កង​កម្លាំង​ប្រដាប់​អាវុធ

សមត្ថកិច្ច​បង្ក្រាប​កម្មករ វ៉េងស្រេង ៦១០
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​
បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤

សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ប្រដាប់​អាវុធ ទៅ​លើ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ត្រង់​ចំណុច​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤​នាក់ និង​មាន​របួស​ធ្ងន់ ព្រម​ទាំង​ចាប់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត។
ពេល​នេះ​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប្រៀប​បាន​ជា​តំបន់​សង្គ្រាម ឬ​តំបន់​ដែល​គួរ​ឲ្យ​ភ័យ​រន្ធត់ ដោយសារ​កម្លាំង​ប្រដាប់​អាវុធ​កំពុង​តែ​ធ្វើ​សកម្មភាព​បង្រ្កាប​ក្រុម​កម្មករ​ដែល​មាន​ដុំ​ថ្ម​តបត​ជាមួយ​សមត្ថកិច្ច។
អ្នក​ភូមិ​ត្រពាំងថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​បញ្ចេញ​សម្រែក​យំ​សោក​ដោយ​ក្តី​ឈឺ​ចាប់ ចំពោះ​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​បាញ់​សម្លាប់​ប្រជាពលរដ្ឋ ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ ឬ​ទុក​ឲ្យ​រស់​ពិបាក​ជាង​ស្លាប់។
អ្នក​ភូមិ​ភាគ​ច្រើន​បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​មិន​រើស​មុខ​ឡើយ ហើយ​អ្នក​ដែល​ស្លាប់ និង​របួស​ធ្ងន់​ដោយ​ការ​បាញ់​ប្រហារ និង​វាយ​ធ្វើ​ទារុណកម្ម​មួយ​ចំនួន ពួក​គេ​មិន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ទេ៖ «...ខ្ញុំ​រត់​មក​វា​បាញ់ៗ សន្លប់​ហើយ​វា​ចាក់​ទឹក​ទៀត ចាក់​ទឹក​ហើយ​វា​វ៉ៃ​ទៀត ធ្វើ​បាប​ប្រជារាស្ត្រ​ខ្មែរ​ឯង ជំនាន់​អា​ពត​គេ​ធ្វើ​បាប​ខ្ញុំ ហើយ​ជំនាន់ ហ៊ុន សែន គេ​ធ្វើ​បាប​ខ្ញុំ​ទៀត វ៉ៃ​កូន​ខ្ញុំ​ទៀត»។

ក្រុម​អ្នក​ភូមិ​បន្ត​ថា ក្រៅ​ពី​បង្ក្រាប​ទៅ​លើ​ដង​ផ្លូវ​មិន​អស់​ចិត្ត កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ក៏​មក​ចូល​ក្នុង​ភូមិ​ដេញ​បាញ់​ប្រផាប់​ចាប់​ប្រភីង​ប្រជាពលរដ្ឋ​ដល់​ក្នុង​ផ្ទះ។ ផ្ទះ​ខ្លះ​ដែល​បិទ​ទ្វារ ត្រូវ​បាន​ធាក់​បំប៉ើង​ស្វែង​រក​បុរសៗ​ដែល​សង្ស័យ​ថា​បាន​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន៖ «...វា​សាហាវ​តែ​ម្តង​ពួក​អា​អស់​ហ្នឹង ឲ្យ​តែ​វា​ឃើញ​ប្រុសៗ​វា​ចាប់​យក​ទាំងអស់! ប៉ុន្តែ​ពួក​អា​អស់​ហ្នឹង​វា​មិន​មែន​មនុស្ស​ទេ វា​ចាប់​វ៉ៃ​បោច​សក់​ខ្ញុំ…! ពួក​ខ្ញុំ​ភ័យ​ណាស់ ពួក​វា​សាហាវ​ណាស់ ពួក​វា​អត់​មាន​ប្រណី​ប្រជាជន​ទេ ខ្ញុំ​មិន​ដែល​ឃើញ​ទេ​ប្រវត្តិសាស្ត្រ​ហើយ​ស្រុក​ខ្មែរ»។
របាយការណ៍​បឋម​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤​នាក់ និង​មាន​របួស ៣៧​នាក់ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ច្រើន​ជាង ១០​នាក់​ផ្សេង​ទៀត ហើយ​ចំនួន​នេះ​កើន​ឡើង​ជា​បន្តបន្ទាប់។
មន្ត្រី​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក ខេង ទីតូ បាន​បដិសេធ​ថា សមត្ថកិច្ច​ពុំ​បាន​ធ្វើ​ទារុណកម្ម​អ្នក​ដែល​បាន​ចាប់​ខ្លួន​នោះ​ទេ ហើយ​ថា​អ្នក​ដែល​នៅ​តតាំង​ជាមួយ​សមត្ថកិច្ច​នោះ សុទ្ធ​តែ​ក្រុម​ឱកាស​និយម​ចង់​បង្ក​ឲ្យ​មាន​ភាព​អានាធិបតេយ្យ៖ «តាម​ពិត ពួក​ហ្នឹង​មិន​មែន​ជា​កម្មករ​ល្អ​ទេ គឺ​ជា​ជន​ឆ្លៀត​ឱកាស ចង់​បង្ក​ការ​អុក​ឡុក​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​សង្គម មិន​មែន​ជា​កម្មករ​ដែល​គេ​ទៅ​ទាមទារ​ត្រឹមត្រូវ​ឯណា មិន​មែន​ជា​ពលរដ្ឋ​ស្លូត​ត្រង់​ទេ ពលរដ្ឋ​ស្លូត​ត្រង់​គេ​រត់​គេច​រក​សេចក្តី​សុខ​រៀងៗ​ខ្លួន​ហើយ គេ​មិន​ទៅ​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​ទេ ព្រោះ​សមត្ថកិច្ច​អត់​បាន​ទៅ​វាយ​ដំ​ច្រំ​ធាក់​អី​ពួក​គាត់ គឺ​ពួក​គាត់​គ្រាន់​តែ​ទៅ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​រក្សា​សន្តិសុខ​តែ​ប៉ុណ្ណឹង»។
ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​បាន​ឃើញ​ផ្ទាល់​ភ្នែក គឺ​យ៉ាង​ហោច​ណាស់​មាន​យុវជន​ប្រមាណ ៧​នាក់​ចាប់​ខ្លួន ហើយ​ដៃ​ចង​ស្លាប​សេក​ទៅ​ក្រោយ ដោយ​ប្រើ​ខ្សែ​ជ័រ​រឹត​យ៉ាង​តឹង ហើយ​ដាក់​ឲ្យ​ដេក​ផ្កាប់​មុខ​ចោល​ជាច្រើន​ម៉ោង តាម​សំយាប​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ផ្នែក​ខាង​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​មុខ​ខ្លោងទ្វារ​ចូល​តំបន់​សួន​កាណាឌីយ៉ា ឬ​នៅ​មុខ​ធនាគារ​កាណាឌីយ៉ា។ ពួក​គេ​ទាំង ៧​នាក់​នោះ រង​របួស​ធ្ងន់​លើ​មុខ ហើយ​បែក​ឈាម​ហើម​ស្ទើរ​មើល​មិន​ស្គាល់​ជា​មនុស្ស​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ថ្លែង​នៅ​ទី​កើត​ហេតុ​នោះ​ថា នៅ​ចំពោះ​មុខ លោក​ឃើញ​ថា​អ្នក​ដែល​បាន​ចាប់​ខ្លួន​សុទ្ធ​តែ​ទទួល​រង​ការ​វាយ​ដំ​ពី​សមត្ថកិច្ច និង​មាន​របួស​ទាំងអស់៖ «ក្នុង​នាម​សង្គម​ស៊ីវិល​សូម​អំពាវនាវ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​អី អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង គប្បី​ឲ្យ​មាន​តាម​ផ្លូវ​ច្បាប់ កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​ហួស​ប្រមាណ ដែល​យើង​ចាត់​ទុក​ថា​ជា​អំពើ​រំលោភ​បំពាន​លើ​រាង​កាយ​របស់​មនុស្ស ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​របស់​មនុស្ស​ទៀត​ផង ហើយ​មួយ​ទៀត​យើង​ឃើញ​ថា ការ​តវ៉ា​របស់​កម្មករ​ដែល​បិទ​ផ្លូវ​នេះ យើង​ឃើញ​ថា សកម្មភាព​នេះ គឺ​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ្រង់ទ្រាយ​ធំ​អ៊ីចឹង​ទេ យើង​គួរ​មក​ធ្វើ​ការ​ចរចា​ទៅ យើង​មក​ជជែក​គ្នា​ដោយ​សន្តិវិធី​ទៅ ប្រហែល​ជា​ល្អ​ជាង​ការ​ប្រើប្រាស់​កម្លាំង​ខ្លាំង​យ៉ាង​ច្រើន​បែប​នេះ»។
អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ មករា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ទុក​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ ដើម្បី​សាកសួរ​កសាង​សំណុំ​រឿង​មុន​បញ្ជូន​ទៅ​តុលាការ៕

No comments:

Post a Comment

yes