ប្រជាសហគមន៍មានជម្លោះដីធ្លី និងបណ្តាញព្រះសង្ឃឯករាជ្យ ជាង១០០អង្គ/នាក់ បន្តប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីឲ្យស្ថានទូតនេះ ជួយអន្តរាគមន៍ទៅសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋាភិបាល ដោះលែងលោក វន់ ពៅ និងមនុស្ស៩នាក់ទៀត ឲ្យមានសេរីភាពឡើងវិញ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានឲ្យដឹងនៅម៉ោង៤រសៀលថ្ងៃសុក្រនេះថា ប្រជាសហគមន៍ជម្លោះដីធ្លី និងបណ្តាញព្រះសង្ឃឯករាជ្យជាង ១០០អង្គ/នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាមេរិក ដើម្បីស្វែងរកអន្តរាគមន៍ឲ្យដោះលែង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សកម្មជនបឹងកក់ម្នាក់ និងមន្ត្រីសហជីពផ្សេងៗទៀត ឲ្យមានសេរីភាពឡើងវិញ។ អ្នកស្រីថា ពួកគាត់ប្តេជ្ញាស្វែងរកអន្តរាគមន៍រហូតទាល់តែមានការដោះលែង អ្នកទាំង១០នាក់នោះ។
រហូតមកដល់ម៉ោង៤:២០នាទីនេះ វីអូឌីនៅពុំទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ការបន្តស្វែងរកអន្តរាគមន៍របស់សហគមន៍មានជម្លោះដីធ្លី និងបណ្តាញព្រះសង្ឃនៅពេលនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់បានតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលតុលាការបើកសវនាការសាកសួរអ្នកទាំង ១០រូបនេះ និងបានចោទប្រកាន់ពី បទប្រើហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្រោយពីកម្លាំងទ័ពឆត្រយោង៩១១ បានចាប់ខ្លួន ពេលបង្ក្រាបបាតុកម្មនៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes