០២-កុម្ភៈ-២០១២៖ សាលាដំបូងរាជធានីភ្នំពេញ
ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ចាត់វិធានការលើបណ្ដឹងរបស់ខ្លួន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។ ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក ហ៊ុន សែន ត្រូវបានក្រុមយុវជនប្ដឹងពីបទថា បានកាត់កោះត្រល់ និងប្រជុំកោះដទៃទៀតឲ្យទៅវៀតណាម ដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជានិងវៀតណាម។ ប៉ុន្តែមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ មួយចំនួន ឆ្លើយតបថា បណ្ដឹងពាក់ព័ន្ធនឹងសំណុំរឿងនេះ គេនៅមិនទាន់ឃើញនៅឡើយទេ។
ប្រធានសហព័ន្ធយុវជនខ្មែរព្រមានថា ប្រសិនបើតុលាការនៅបន្តយឺតយ៉ាវក្នុងការឆ្លើយតប ឬមិនចាត់វិធានការបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ នោះក្រុមនិស្សិតនឹងធ្វើបាតុកម្មនៅខាងមុខតុលាការនៅដើមខែមីនា ដើម្បីជំរុញស្ថាប័ននេះអនុវត្តឲ្យបានឆាប់ចំពោះបណ្ដឹងរបស់ខ្លួន។
លោក នាង សុឃុន ដែលជាប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ ឲ្យដឹងនៅថ្ងៃទី២២ កុម្ភៈ ថា បណ្ដឹងរបស់លោកបានចូលដល់តុលាការអស់រយៈពេល ៣សប្ដាហ៍កន្លងទៅហើយ ប៉ុន្តែគិតមកដល់ពេលនេះ នៅពុំទាន់ឆ្លើយតបណាមួយពីតុលាការនៅឡើយទេ។
លោក នាង សុឃុន បន្តថា បើតុលាការនៅបន្តអល់អែកមិនចាត់វិធានការតាមបណ្ដឹងនេះទេ នោះបាតុកម្មនឹងផ្ទុះឡើងនៅខាងមុខតុលាការ ក្នុងបំណាច់ខែកុម្ភៈ នេះ៖ «ប្រសិនបើតុលាការមិនចាត់វិធានការនៅសំណុំរឿងរបស់ខ្ញុំដាច់ខែកុម្ភៈ នេះទេ គឺខ្ញុំនឹងដឹកនាំយុវជនមួយក្រុមធំ ដើម្បីធ្វើបាតុកម្មប្រឆាំងតុលាការ ក៏ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ពាក់ព័ន្ធនឹងកោះត្រល់នេះ ឯកសាររបស់គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង របស់លោក ស៊ាន ប៉េងសែ បានសរសេរថា ដោយសារសន្ធិសញ្ញារវាងរដ្ឋាភិបាល នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឲ្យកោះត្រល់ និងខ្ពង់រាបបាតសមុទ្រចំនួន ៣០.០០០គីឡូម៉ែត្រការ៉េ (បីម៉ឺន) ព្រមទាំងកាត់ដែនសមុទ្រ ១០.០០០គីឡូម៉ែត្រការ៉េ (មួយម៉ឺន) ទៀត ត្រូវបាត់បង់ និងស្ថិតក្រោមការត្រួតត្រារួមជាមួយប្រទេសវៀតណាម ដែលថា ជាតំបន់ទឹកប្រវត្តិសាស្ត្រ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១២ និងបដិសេធហើយថា ការពិតកោះត្រល់ និងដែនសមុទ្រដទៃទៀត បានបាត់មុនលោកគ្រប់គ្រងអំណាចទៅទៀត។ ហេតុនេះលោក ហ៊ុន សែន គិតថា នេះពុំមែនជាកំហុសរបស់លោកឡើយ។
លោក ហ៊ុន សែន៖ «អស់លោកអ្នកទាំងឡាយដែលហៅថា អ្នកស្នេហាជាតិ បើព្រះករុណាព្រះអង្គឯង ព្រះអង្គបានយកផែនទីយកទៅតម្កល់នៅឆ្នាំ១៩៦៤ គឺ ប្រេវីយ៉េ។ ឆ្នាំ៩៩ ហើយព្រះអង្គនៅមានព្រះរាជសារមួយផ្ញើឲ្យលោក ផាំ វ៉ាន់ឌុង ចង់ឲ្យខ្សែព្រំដែននេះបានទទួលខ្សែព្រំដែន ប្រេវីយ៉េ តទៅទៀតឲ្យបានឆាប់។ ហើយពេលហ្នឹង ព្រះអង្គមានបំណងចង់ឲ្យការអនុវត្តឲ្យបានមុនឆ្នាំ២០០០ ទៅទៀត។ ក្នុងព្រះរាជសារ តើអ្នកណាស្នេហាជាងសម្ដេចឪទៅទៀត? សុំសួរ សុំផ្ដល់ចម្លើយទៅ។ តើ ស៊ាន ប៉េងសែ ហ្នឹងឬ? ហើយមកចោទខ្ញុំថា ជាមនុស្សក្បត់ជាតិ លក់ដីឲ្យគេ បាត់សមុទ្រ បាត់កោះ»។
នាយកក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ហេង បូភា បដិសេធនៅថ្ងៃទី២២ កុម្ភៈ ថា បណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគេនៅពុំទាន់បានទទួលនៅឡើយទេ។
កញ្ញា ហេង បូភា បន្តថា ឬថាសំណុំរឿងនេះផ្នែកផ្សេងជាអ្នកទទួលវិញ៖ «ខ្ញុំអត់ក្ដាប់បានដែរ។ ផ្នែកខាងអយ្យការទេដឹង។ ខាងខ្ញុំ ខ្ញុំអត់ដឹងព័ត៌មានទេចាស!»។
ពាក់ព័ន្ធនឹងបញ្ហានេះ ទាំងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការមួយចំនួនទៀត ពុំអាចស្នើសុំការបំភ្លឺបានទេ នៅថ្ងៃទី២២ ខែកុម្ភៈ។
ទោះជាបែបណា តុលាការនេះបានខកខាន និងទម្លាក់ចោលសំណុំរឿងលើចំណាត់ការរបស់ខ្លួនម្ដងជាពីរដងរួចមកហើយ ដែលមានបណ្ដឹងជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ជាអាទិ៍បណ្ដឹងរបស់ប្រធានយុវជនគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធជាបន្តបន្ទាប់ ដោយចាត់ទុកថា ពុំមានភស្តុតាង និងអង្គហេតុគ្រប់គ្រាន់ ដើម្បីចោទប្រកាន់លើលោក ហ៊ុន សែន៕
No comments:
Post a Comment
yes