ថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈសប្តាហ៍ក្រោយនេះ គឺជាគម្រោងជំនួបលើកទី២រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាជំនួបដែលមានសមាសភាពម្ខាង៦នាក់ ដើម្បីបង្កើតគណៈកម្មការចម្រុះ សិក្សាស្រាវជ្រាវលើកំណែទម្រង់ស៊ីជម្រៅនៃការបោះឆ្នោតទាំងមូល។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអាទិត្យនេះ លោក សុន ឆ័យ ប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ មានបានឱ្យដឹងថា គណបក្សរបស់លោកកំពុងតែរងចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ថាតើគណបក្សកាន់អំណាច នឹងយល់ព្រមសំរេចយកថ្ងៃទី ២៧ កុម្ភៈជាជំនួបលើកទី២ ជាផ្លូវការណ៍តាមសំណើរបស់គណបក្សប្រឆាំងដែរឬយ៉ាងណា។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោក ជាម យៀបដែលជាសមាសភាពចរចាម្នាក់ដែរនោះ បានឱ្យដឹងថាគណបក្សប្រជាជនកម្ពុជា គឺកំពុងតែទន្ទឹងរងចាំជំនួបលើកទី២នេះ។ ប៉ុន្តែលោកនៅមិនទាន់បានចំណារសំរេចជាផ្លូវការណ៍ពីថ្នាក់ដឹកនាំកំពូលគណបក្សនៅឡើយទេ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃអាទិត្យដែរថា សមាសភាព៦រូបរបស់គណបក្សសង្គ្រោះជាតិ មាន លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអៀង និងលោកម៉ៅ មុន្នីវណ្ណ រួមទាំងលោក ហូរ វ៉ាន់។ ដោយឡែកសមាសភាព៦រូបរបស់គណបក្សប្រជាជនកម្ពុជា មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វ៉ុន លោក ប៉ែនបញ្ញា និងលោក ស៊ិក ប៊ុនហុក រួមទាំងលោកស្រី គ្រួច សំអាន។
បើតាម លោក សុន ឆ័យ និងលោក ជាម យៀប គណបក្សទាំងពីរនឹងពិភាក្សាពីអាយុកាលរបស់គណៈកម្មការចម្រុះ សិទ្ធិអំណាចរបស់គណៈកម្មការចម្រុះ រួមទាំងការបង្កើតកម្រិត ស្តង់ដានៃកំណែទម្រង់ការបោះឆ្នោតដែលអាចនឹងឈានដល់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខខណ្ឌតិកមួយចំនួន ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សទាំងពីរបានបន្ថែមថា រាល់ការកំណែទម្រង់ណាមួយក៏ដោយត្រូវស្របតាមច្បាប់របស់កម្ពុជា ប៉ុន្តែមិនទាត់ចោលនៅអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះទេ។
សម្រាប់ប្រធានអង្គកាសិទ្ធមនុស្សអាហុក លោកធន សារ៉ាយ បានសម្តែងការអបអរសាទរ ចំពោះការចូលតុចរចាជាបន្តទៀតរវាងគណបក្សជម្លោះទាំងពីរ។ហើយថា ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរនឹងអាចដោះស្រាយបានជាបន្តបន្ទាប់តាមរយៈការចរចា។
សូម រំលឹកថា សំណើរកំណត់ថ្ងៃជួបពិភាក្សាគ្នាសារជាថ្មីនៅថ្ងៃទី២៧ កុម្ភៈសប្តាហ៍ក្រោយ នេះ គឺធ្វើឡើងរយៈ១០ថ្ងៃក្រោយជំនួបថ្នាក់បច្ចេកទេសរវាងគណបក្សដែលកំពុងមានជម្លោះទាំងពីរ កាលពីថ្ងៃទី១៨ កុម្ភៈកន្លងទៅ៕
No comments:
Post a Comment
yes