សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ភ្នំ​បូកគោ​ធ្វើ​ឲ្យ​ខេត្ត​កំពត​កាន់​តែ​ទាក់​ទាញ​ទេសចរ

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បូក​គោ​នៅ​កំពូល​ភ្នំ​បូក​គោដ៏​ស្រស់​ស្អាត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្ពស់។ រូបថត សេត គឹមសឿន

ខេត្ត​កំពត បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ថ្មី​របស់ កម្ពុជា ក្រោយ​គម្រោង​អភិវឌ្ឍន៍​ថ្មី។ ជាក់ស្តែង​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ខេត្ត​កំពត បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​បន្ទាប់​ពី ខេត្ត​សៀមរាប និង ខេត្ត​ព្រះសីហនុ។

យោង​តាម​ឯកសារ​អ្នក​ស្រី កែវ ច័ន្ទបូរណ៍ អ្នក​និពន្ធ​ដ៏​ល្បី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ខេត្ត​កំពត គឺ​ជា​ទីក្រុង​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ចំណោម​ខេត្ត​ក្រុង​នានា​ក្នុង ប្រទេស​កម្ពុជា នា​សម័យ​អាណានិគម​និយម បារាំង។ សំណង់​ប្រវត្តិសាស្រ្ត​ជាច្រើន​ដូចជា​ផ្ទះ ផ្សារ​លក់​ទំនិញ រោង​ភាពយន្ត មន្ទីរពេទ្យ ជាដើម សុទ្ធ​សឹង​ជា​ភ័ស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក បារាំង ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ។

ក្រៅ​ពី​មាន​ទេសភាព​ស្រស់​ត្រកាល​នៃ​ព្រៃឈើ និង​ទឹក​ជ្រោះ​ធម្មជាតិ​ជាច្រើន​កន្លែង ទឹក​ដី​នេះ​មាន​អំណោយ​ផល​ក្រៃលែង​ចំពោះ​ដំណាំ​ហូប​ផ្លែ​នានា​ជា​ពិសេស ទុរេន សាវម៉ាវ មង្ឃុត ល្មុត ខ្នុរ ជាដើម​ដែល​ធ្វើ​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ប្រភព​នាំ​ចេញ​ផ្លែ​ឈើ​ធម្មជាតិ​មួយ ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់​បាន​ក្លាយ​ជា​ប្រភព​ផ្ដល់​នូវ​គ្រឿង​សមុទ្រ​យ៉ាង ​សម្បូរ​បែប​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្ត​និង​នាំ​ចេញ។ លើស​ពី​នេះ​ទៅ​ទៀត ខេត្ត​កំពត ក៏​ជា​ទីតាំង​ផលិត​អំបិល​មួយ​ដ៏​ធំ​ក្នុង ប្រទេស​កម្ពុជា ដែរ។


រមណីយដ្ឋាន​សំខាន់៖ ឧទ្យាន​ជាតិ ព្រះ​មុនីវង្ស ឬ ភ្នំ​បូកគោ មាន​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ​ពីទីរួម ខេត្ត​កំពត ឆ្ពោះ​ទៅ​ភាគ​ខាង​លិច។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ចេញ​តាម​ផ្លូវ​បំបែក​ពី​ផ្លូវ​ជាតិ លេខ​៣ ទេសចរ​នឹង​បាន​ឃើញ​នូវ​សម្រស់​ត្រកាល​នៃ​ធម្មជាតិ​ព្រៃឈើ​តាម​បណ្តោយ​ផ្លូវ​ ចាប់​តាំង​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល​ភ្នំ។ ទេសចរ​ក៏​នឹង​អាច​ឮ​សំឡេង​សត្វ​ស្លាប​គ្រប់​ប្រភេទ​យំ​រំពង​ផង​ដែរ។

នៅ​លើ​កំពូល​ភ្នំ​មាន​កាស៊ីណូ​មួយ​កសាង​ឡើង​ក្នុង​ជំនាន់​អាណានិគម​និយម បារាំង សម្រាប់​ពួក​គេ​លេង​នៅ​គ្រប់​រដូវ។ ក្រៅ​ពី​នោះ​នៅ​មាន​ទី វត្ត​សំពៅប្រាំ យក​តាម​លំនាំ​រូប​ផ្ទាំង​ថ្ម​នៅ​ទីនោះ​រាង​ដូច​សំពៅ​ចំនួន​ប្រាំ។ នៅ​ទី​នោះ​គេ​ក៏​អាច​គយគន់​នូវ​ទស្សនីយភាព​ធម្មជាតិ ដែល​ស្ទើរ​តែ​មិន​អាច​ដក​ចិត្ត​បាន​នោះ​គឺ ជ្រលង​ជ្រោះ​សែន​ជ្រៅ​ប្រកប​ដោយ​ព្រៃឈើ​ខៀវ​ស្រងាត់​មាន​ពពក​បាំង​តិចៗ​ផង។ គេ​ក៏​អាច​គយគន់​ទិដ្ឋភាព​ទីរួម ខេត្ត​កំពត ពី​លើ​កំពូល​ភ្នំ​កម្ពស់ ១០៧៥ ម៉ែត្រ​នេះ​ផង​ដែរ។ ក្រៅ​ពី​នោះ​ទេសចរ​អាច​ទៅ​កម្សាន្ត​ជាមួយ​នឹង​ធម្មជាតិ​គឺ ទឹក​ជ្រោះ​ដ៏​សែន​ត្រជាក់ ៣ ថ្នាក់ នៅ​តំបន់​ពពក​វិល​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខួប​ប្រាំង​ខួប​វស្សា​មាន​ពពក​ ផាត់​ទៅ​ផាត់​មក និង​វាល​ស្រែ​មួយ​រយ។

រមណីយដ្ឋាន ទឹក​ឈូ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ក្នុង ខេត្ត​កំពត ដែល​មាន​ចម្ងាយ ៨ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​នេះ​មាន​ទឹក​ធ្លាក់​តាម​ជ្រលង ភ្នំ​កំចាយ រហូត​ដល់​ទីរួម ខេត្ត​កំពត ដែល​ជា​ប្រភព​ទឹក​សាប​យ៉ាង​សំខាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ប្រើ​ប្រាស់ ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ខេត្ត។ ក្រៅ​ពី​ការ​ងូត​ទឹក​កម្សាន្ត​គេ​ក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប ​ផ្លែ​របស់​ប្រជា​ពលរដ្ឋ​នៅ​អម​សង​ខាង​ទឹក​ធ្លាក់​នោះ​ផង​ដែរ ជា​ពិសេស ចម្ការ​ទុរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ។ មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន សួន​សត្វ និង​សួន​ដំណាំ ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​មិន​រួច​ក្រោយ ​ពី​ត្រឡប់​ពី​កម្សាន្ត​នៅ​ទឹក​ធ្លាក់​ហើយ​នោះ។

ក្រៅ​ពី​រមណីយដ្ឋាន​សំខាន់ៗ​ទាំង​ពីរ​នេះ ក៏​នៅ​មាន​តំបន់​ដទៃ​ទៀត​ដែល​មាន​ទេសភាព​ល្អៗ គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ​ដូច​ជា​រមណីយដ្ឋាន ព្រែក​អំពិល រមណីយដ្ឋាន ភ្នំ​កំពង់ត្រាច រមណីយដ្ឋាន ភ្នំ​ឈ្ងោក រមណីយដ្ឋាន​ទំនប់​ប្រវត្តិសាស្រ្ត ទាក់​ក្រលា រមណីយដ្ឋាន​ទំនប់​ប្រវត្តិសាស្ត្រ ម្លេច​ស្រែ​អំបិល ជាដើម។ មិន​តែ​ប៉ុណ្ណោះ ខេត្ត​កំពត ក៏​ជា​ទី​ប្រជុំ​ដោយ​ដែន​ដី​កោះ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ជាច្រើន​ទៀត​ផង​ ដែរ៕

No comments:

Post a Comment

yes