អគារទីចាត់ការហាត់រៀនសិល្បៈក្នុងបរិវេណផ្ទះ ដាប ឈួន ម្ជុលពេជ្រ
ដែលក្រុមហ៊ុនកំពុងរុះរើ
នៅទីបំផុត
សុបិនអាក្រក់ក្នុងរាត្រីដ៏ងងឹតសូន្យសុងនៃការរបូតទីតាំងអតីត
ភូមិគ្រឹះស្តេចត្រាញ់ ដាប ឈួន ម្ជុលពេជ្រ
ពីការគ្រប់គ្រងរបស់រដ្ឋ បានធ្លាក់ក្នុងកណ្តាប់ដៃបុគ្គលឯកជន
ក៏វាបានក្លាយជាការពិត១០០ភាគរយហើយ
ខណៈពេលគេបានឃើញអគារចំនួន៣ ដែលជាផ្នែកមួយនៃបរិវេណនោះ
កំពុងត្រូវបានគេវាយកម្ទេចចោល ។
ទីតាំងផ្ទះ ដាប ឈួន ម្ជុលពេជ្រ
ជាអតីតរបស់ស្តេចត្រាញ់ ដែលមានប្រវត្តិក្បត់ជាតិ
កាលពីសម័យសង្គមរាស្ត្រនិយម ស្ថិតនៅតាមបណ្តោយវិថីសាលដឺហ្គោល
(ផ្លូវទៅកាន់អង្គរវត្ត)
ត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលសិល្បៈយុវជនខេត្ត
ក្រោយថ្ងៃរំដោះ៧មករា ក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ
យុវជន និងកីឡា ខេត្ត ។ ថ្មីៗត្រូវបានលក់ទៅឱ្យក្រុមហ៊ុនជី
អែន អ (G&R) ដែលជាក្រុមហ៊ុនសាងសង់បុរីរដ្ឋបាលខេត្តសៀមរាប
ដ៏ចម្រូងចម្រាស់កាលពីពេលកន្លងទៅ
ក្រោមរូបភាពដោះដូរទីតាំងដូចអគារមន្ទីរអង្គភាពរដ្ឋប្រមាណជិត៣០
មន្ទីរនៅក្នុងខេត្តនេះដែរ
ប្រៀបដូចយកឆ្នាំងមាសដូរយកឆ្នាំងដី ។
ការបាត់បង់ទីតាំងប្រវត្តិសាស្ត្រនេះ
បានធ្វើឱ្យក្រុមបញ្ញវ័ន្ត រួមមានមគ្គុទ្ទេសក៍ទេសចរណ៍
សាស្ត្រាចារ្យ គ្រូបង្រៀន គ្រូសិល្បៈ និងក្រុមយុវជន
រួមទាំងជនបរទេស បានសម្តែងក្តីសោកស្តាយជាពន់ពេក
ខណៈការអំពាវនាវរបស់ពួកគេ
ឱ្យទប់ស្កាត់ការលក់ទ្រព្យសម្បត្តិជាតិ
ប្រកបដោយកង្វះតម្លាភាពនោះ បានជួបនូវការបរាជ័យទាំងផ្ទាំងៗ ។
អនុប្រធានការិយាល័យយុវជន លោក ថាវ ថាន
ដែលបានគ្រប់គ្រងមជ្ឈមណ្ឌលយុវជននោះតាំងពីឆ្នាំ១៩៨៨ រហូតមក
បានឱ្យដឹងថា
ទីតាំងនេះលែងផ្តល់ឱកាសដល់យុវជនធ្វើសកម្មភាពដូចមុន
ចាប់តាំងពីមុនចូលឆ្នាំខ្មែរមកម៉្លេះ
ព្រោះថ្នាក់លើបានបញ្ចប់ការសម្របសម្រួលប្រគល់ទៅឱ្យក្រុមហ៊ុនសាង
សង់សាលាខេត្តបាត់ទៅហើយ ។
លោកបានបន្ថែមទាំងក្តីក្តុកក្តួលថា
ដូចឃើញស្រាប់ហើយ
បច្ចុប្បន្នខាងម្ចាស់ថ្មីគេចូលមកគ្រប់គ្រងជំនួសហើយ
លើផ្ទៃដីជាងមួយហិកតាកន្លះ
ដោយបានចាប់ផ្តើមវាយកម្ទេចអគារសម្តែងសិល្បៈអស់ចំនួន៣រួចទៅហើយ
គឺនៅសល់តែអគារផ្ទះ ដាប ឈួន ប៉ុណ្ណោះ ដែលនៅមិនទាន់វាយចោល
។
ជាមួយនឹងការវាយកម្ទេចចោលអគារសិល្បៈនោះដែរ ជនបរទេសម្នាក់ ដែលជាអ្នកបម្រើការផ្នែកសង្គមនៅក្នុងទឹកដីខេត្តសៀមរាប បានសម្តែងការភ្ញាក់ផ្អើល និងមានចម្ងល់តាមសារអេឡិចត្រូនិកថា «ខ្ញុំគ្រាន់តែបើករថយន្តនៅតាមវិថី Charles de Gaule ហើយក្រឡេកមើលទៅខាងឆ្វេងនៃអគារតន្ត្រី និងសិល្បៈ សាលាប្រពៃណី បែរជាឃើញមានការវាយកម្ទេចចោលបាត់អស់ ។ សាររបស់គាត់បានបន្តថា តាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា ទីនេះហាក់ដូចជាសាលារដ្ឋាភិបាល ដែលផ្តល់មូលនិធិដោយអង្គការក្រៅរដ្ឋាភិបាលអុីតាលី និងជាកន្លែងយុវជនធ្វើសកម្មភាពផងដែរ ។ ចុះបើគេវាយចោលយ៉ាងដូច្នេះ តើយុវជនខ្មែរទាំងនោះបានកន្លែងអ្វីបញ្ចេញសកម្មភាពសង្គមរបស់ពួក គេ ?
ឆ្លើយតបទៅនឹងចម្ងល់របស់ជនបរទេសរូបនោះ លោក
ថាវ ថាន ឱ្យដឹងថា ក្រោយពីការបណ្តេញចេញមក ក្រុមលោកគ្រូ
អ្នកគ្រូ ព្រមទាំងយុវជន នៅមិនទាន់មានទីតាំងថ្មីជំនួសទេ
ខណៈទីតាំងដែលត្រូវផ្តល់ជូន ស្ថិតនៅក្នុងមន្ទីរអប់រំ យុវជន
និងកីឡាខេត្ត ក្នុងបុរីរដ្ឋបាលខេត្ត
ដែលត្រូវបានគេរើចេញមកកាន់អគារអាជ្ញាធរអប្សរាវិញ
ហើយពេលនេះយើងសម្រេចខ្ចីបរិវេណសាលាបឋមសិក្សាធ្លកអណ្តូង
នៅត្រាំនាគ ជំនួសជាបណ្តោះអាសន្នយ៉ាងកម្សត់ ។
មានមាឌតូចល្អិត
ស្លៀកខោជើងខ្លី ពាក់អាវយឺត អាយុប្រមាណជាង៥០ឆ្នាំ លោកថាន
បានបង្ហាញពីអារម្មណ៍សោកស្តាយកន្លែងធ្វើការចាស់របស់គាត់យ៉ាង
ដូច្នេះថា «ខ្ញុំមានអនុស្សាវរីយ៍នៅទីនេះជាង២០ឆ្នាំហើយ ។
ខ្ញុំស្រឡាញ់ទីនោះណាស់ ព្រោះវាជាកន្លែងធ្វើការផង
និងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រផង ។ នៅពេលនេះ
ខ្ញុំបានឱ្យគេថត
និងគូរអគារទាំងមូលទុកដើម្បីរំលឹកអនុស្សាវរីយ៍
ព្រោះនៅថ្ងៃណាមួយ អគារផ្ទះ ដាប ឈួន ម្ជុលពេជ្រ
នឹងត្រូវកម្ទេចចោលដូចអគារចំនួន៣ផ្សេងទៀតដែរ» ។
លោក ថាវ ថាន បានរៀបរាប់បន្ថែមទៀតថា
មជ្ឈមណ្ឌលយុវជនដែលបានរបូតពីដៃរដ្ឋហ្នឹង
វាបានបម្រើឱ្យសកម្មភាពយុវជនខ្លាំងសម្បើមណាស់
ដោយសារតែវាស្ថិតនៅចំកណ្តាលបេះដូងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ
។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ
សារព័ត៌មានកោះសន្តិភាព បានទទួលលិខិតចំហមួយច្បាប់
ចេញពីប្រភពបញ្ញវ័ន្តមួយក្រុម មានមគ្គុទេសក៍ទេសចរណ៍
សាស្ត្រាចារ្យ គ្រូបង្រៀន គ្រូសិល្បៈ និងក្រុមយុវជន
ដែលមិនបានបញ្ចេញឈ្មោះ បានស្នើឱ្យជួយអន្តរាគមន៍ជាបន្ទាន់
គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា
បានរៀបរាប់យ៉ាងដូច្នេះថា ក្រសួងអប់រំ យុវជន និងកីឡា
ស្នើសុំបទបញ្ជានាយករដ្ឋមន្ត្រី លក់ដីប្រវត្តិសាស្ត្រ «ដាប ឈួន»
ដែលមានទីតាំងនៅផ្លូវទៅអង្គរវត្ត ឈ្មោះ
«មជ្ឈមណ្ឌលយុវជនខេត្តសៀមរាប» ទៅឱ្យក្រុមហ៊ុន ជី អែន អ ។
នៅក្នុងលិខិតដដែលនោះ បានសរសេរថា
ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំនាយករដ្ឋមន្ត្រី
ដោះដូរដីមួយកន្លែង
ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលយុវជនខេត្តសៀមរាប ហើយថ្មីៗនេះ
ក្រុមឈ្មួញកំពុងរៀបចំលក់ដីនេះបន្តទៀតយ៉ាងស្ងៀមស្ងាត់បំផុត
នៅពេលដែលអសកម្មភាពយុវជនសាលាសិល្បៈក៏ដូចទីតាំងអ្នកចាស់
ក្នុងដីនេះកំពុងដំណើរការ ។ លិខិតចំហដដែលនោះ
បានសរសេរបន្ថែមថា បើយោងតាមឯកសារលក់
គឺបានបំភាន់នាយករដ្ឋមន្ត្រីថា «មានអគារចាស់ទ្រុឌទ្រោម
មិនដំណើរការ» ដោយមិនបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថាជាដី
និងអគារលោក ដាប ឈួន ម្ជុលពេជ្រឡើយ ។
តម្លៃដីប្រវត្តិសាស្ត្រទំហំ១៥.៣៣៤ម៉ែត្រការ៉េ
លក់ឱ្យឈ្មួញក្នុងតម្លៃប្រហែល៥០ម៉ឺនដុល្លារ
ចំណែកឈ្មួញលក់ចេញវិញ ១ម៉ែត្រការ៉ែ៥០០ដុល្លារ គឺជាង៧លានដុល្លារ
គឺជារឿងចាញ់បោកធំណាស់ ។
លិខិតដដែលបានបន្តថា បើសិនជាសម្តេចជ្រាបដឹង
យើងខ្ញុំយល់ថា សម្តេចមិនឯកភាពជាដាច់ខាត ហើយការលក់នេះ
បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងណាស់ទៅដល់
ទីតាំងបោះជំរំយុវជនទូទាំងប្រទេស ប៉ះពាល់លើអង្គការអុីតាលី
ជួយសង្គ្រោះកុមារដែលកំពុងរៀនសិល្បៈ សិស្សក្រីក្រ ក្មេងកំព្រា
ក្មេងមិនចូលសាលា ។ល។ មិនតិចជាង៣០០នាក់
ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៥ឆ្នាំ
ក៏ដូចជាប៉ះពាល់ទីផ្សារលក់ផលិតផលខ្មែរ របស់ស្ត្រីក្រីក្រ
និងជនពិការទៀតផង ។ បើចង់អភិវឌ្ឍន៍
ហេតុអ្វីមិនលើកគំ្រោងសុំសម្តេចតេជោ
ឬរកម្ចាស់ជំនួយធ្វើអគារបន្ថែមក្នុងទីតាំងដីទំនេរដ៏ធំនេះ
បែរជាយកដីប្រវត្តិសាស្ត្រទៅលក់ប្រហែលជា៥០ម៉ឺនដុល្លារទៅវិញ ។
លិខិតដដែលនោះ បានបញ្ជាក់ថា មគ្គុទេសក៍ យុវជនខ្មែរ គ្រូបង្រៀន
គ្រូសិល្បៈ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប
ក៏ដូចជាខេត្តមួយចំនួនដែរ បានដឹងឮ មានការហួសចិត្ត សោកស្តាយ
និងព្រួយបារម្ភណាស់ ចំពោះការកុហក់សម្តេចតេជោ
ដើម្បីដីប្រវត្តិសាស្ត្រមួយកន្លែងនេះដែលនឹងធ្វើឱ្យបាត់ដាន
ប្រវត្តិសាស្ត្រអតីតមេទ័ព ដាប ឈួន ក្នុងខេត្តសៀមរាប
ដែលអ្នកណាក៏ចង់ដឹង និងចង់ស្គាល់គ្រប់ៗគ្នា
«ប្រវត្តិសាស្ត្រជារបស់យើងទាំងអស់គ្នា
មិនមែនជារបស់អ្នកណាម្នាក់នោះទេ» ។
ទោះជាយ៉ាងនេះក្តីការប្រកាសលក់ទីតាំង
ប្រវត្តិសាស្ត្រផ្ទះ ដាប ឈួន ហៅម្ជុលពេជ្រ ដែលជាមេទ័ពមួយរូប
ដែលបានក្បត់នឹងព្រះមហាក្សត្រខ្មែរនាសម័យសង្គមរាស្ត្រនិយម
គឺសម្តេចព្រះនរោត្តម សីហនុ កាលពីទសវត្សទី៦០នោះ
ត្រូវបានក្លាយទៅជាចរន្តមួយផ្ទុយពីបម្រាមរបស់នាយករដ្ឋមន្ត្រី
ខ្មែរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលពោរពេញទៅដោយគតិបណ្ឌិត ។ កាលពីថ្ងៃទី២១ កញ្ញា ២០០៧
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា
កន្លងទៅនេះមានអ្នករត់ការសុំស្នើធ្វើការដោះដូរទីតាំង
សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា
ទាំងក្នុងរាជធានីភ្នំពេញ ទាំងតាមខេត្ត-ក្រុង មួយចំនួនទៀតផង ។
នៅក្នុងលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួង
សុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ទាំងពីរ
រូបនោះបានបន្តថា
ពិតណាស់ជាមួយនឹងការខិតខំប្រឹងប្រែងកន្លងមករបស់រាជរដ្ឋា
ភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យអប់រំ សុខាភិបាល
រដ្ឋយើងនៅត្រូវការកសាងសាលារៀន និងមន្ទីរពេទ្យច្រើនទេៀត
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការដែលចេះតែកើនឡើងពីមួយ
ថ្ងៃទៅមួយថ្ងៃរបស់ប្រជាពលរដ្ឋយើង ។
ទីតាំងសព្វថ្ងៃនេះរបស់សាលារៀន និងមន្ទីរពេទ្យនានា
ត្រូវការជ្រើសរើសឱ្យស្របទៅនឹងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ
យើង
ងាយស្រួលក្នុងការធ្វើដំណើរទៅរៀនរបស់ក្មួយក៏ដូចជាក្នុងការទៅ
រកការសង្គ្រោះឬព្យាបាលជំងឺដែរ ។ ដោយហេតុនេះហើយ
សូមលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
ខិតខំរក្សាទីតាំងបច្ចុប្បន្នរបស់សាលារៀន មន្ទីរពេទ្យ
រាប់ទាំងមត្តេយ្យសាលា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ
និងស្ថាប័នឧត្តមសិក្សា ក៏ដូចជាមណ្ឌលសុខភាព
មន្ទីរពេទ្យគ្រប់កម្រិត ក្នុងរាជធានីក្តី
តាមខេត្ត-ក្រុងនានាក្តីឱ្យបានគង់វង្សល្អ
ដោយពុំត្រូវឱ្យមានការដោះដូរទីតាំងទាំងនោះជាដាច់ខាត ។
ក្រៅពីព័ត៌មានទាក់ទិនទៅនិងការលក់ដីទីតាំង
ផ្ទះដាប ឈួន ម្ជុលពេជ្រ ដ៏មានតម្លៃមហាសាលនោះនៅខេត្តសៀមរាប
គេក៏បានឮដែរថា សាលាមត្តេយ្យត្រីកោណ
នៅជាប់ផ្សារចាស់ដែលជាកន្លែងប្រមូលផ្តុំដោយទេសចរណ៍ចម្រុះជាតិ
សាសន៍នោះដែរ ក៏ត្រូវបានគេឃុបឃិតគ្នាលក់ស្ងាត់បាត់អស់ហើយដែរ
ចាំតែថ្ងៃបុគ្គលិកនៅទីនោះវេចសំពាយដើរចេញទេ ។
គួរបញ្ជាក់ថា
អគារមន្ទីរបម្រើការរបស់អង្គភាពរដ្ឋចំនួន២៧
ដែលស្ថិតនៅកណ្តាលបេះដូងក្រុងទេសចរណ៍សៀមរាប
ត្រូវបានគេធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់កាលពីអំឡុងឆ្នាំ
២០១០ កន្លងទៅ សម័យអភិបាលខេត្តមុន
ដោយតម្រូវឱ្យទៅកាន់ទីតាំងថ្មីមួយនៅវាលរហោស្ថាន
«ប្រៀបដូចចិនដេញខ្មែរ ហើយខ្មែរដេញខ្មោច» មានឈ្មោះថា
បុរីរដ្ឋបាល ប្រមូលផ្តុំមួយ ស្ថិតនៅជាយក្រុងប៉ែកខាងកើត
ដែលមានចម្ងាយរហូតដល់ជាង២០គីឡូម៉ែត្រ
ធ្វើឱ្យមន្ត្រីរាជការជាច្រើននាក់បានត្អូញត្អែពីការលំបាកយា៉ង
ខ្លាំងអំពីការចំណាយប្រចាំថ្ងៃ ។
ហើយពេលនេះមានសេចក្តីរាយការណ៍មកថា
អង្គភាពរដ្ឋមួយចំនួនពុំសូវមានមន្ត្រីទៅបម្រើការជាប់លាប់ទេ
ព្រោះឆ្ងាយពេក ។ ពេលមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត
ក្នុងរឿង «យកឆ្នាំងមាស ដូរយកឆ្នាំងដី» ដ៏ចម្រូងចម្រាស់នេះ ៕
No comments:
Post a Comment
yes