ភ្នំពេញៈ ពលកររងការជួញដូរមនុស្សចុងក្រោយបំផុត បានរៀបរាប់ពីជីវិតនៅលើទូកនេសាទក្នុងសមុទ្រជាច្រើនឆ្នាំ ខណៈដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃសុក្រ។
លោក សួង សុខដែន មានទឹកមុខចាស់ជាងអាយុ ២៦ឆ្នាំ ស្បែករបស់គាត់ឡើងខ្មៅ ព្រោះតែធ្វើការលើទូកនេសាទថៃអស់ពេល៦ឆ្នាំ។ លោកជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម បានថ្លែងថា មេខ្យល់ដំបូងឡើយនាំគាត់ទៅក្រៅប្រទេស ធ្វើការលើទូកនេសាទក្នុងប្រទេសថៃ ហើយបន្តទៅប្រទេសឥណ្ឌូនេស៊ី។
លោកបានថ្លែងថា៖ «ខ្ញុំនៅទីនោះជាច្រើនឆ្នាំ ប៉ុន្តែមិនបានប្រាក់ខែទេ សូម្បីតែមួយរៀល...ខ្ញុំជាមនុស្សឆ្កួតដែលទៅធ្វើការនៅទីនោះ»។
លោក ទុក រ៉ាវី អាយុ១៨ឆ្នាំ ជាអ្នកនេសាទនៅទូកតែមួយនោះថ្លែងថា គាត់បានលេខទូរស័ព្ទស្ថានទូតកម្ពុជា នៅឥណ្ឌូនេស៊ី ពីមិត្តភក្តិដែលបានវិលមកប្រទេសកម្ពុជាវិញ ហើយក៏តេទៅទូរស័ព្ទនោះ។
ពួកគេនិងមិត្តរួមជាតិពីរនាក់ផ្សេងទៀត ទីបំផុតបានវិលមកកម្ពុជាវិញ តាមរយៈអាជ្ញាធរកម្ពុជានិងឥណ្ឌូនេស៊ី និងអង្គការអន្តរជាតិដើម្បីចំណាកស្រុក IOM (International Orga- nization for Migration)។
លោក ទុក រ៉ាវី បានបន្តថា មានអ្នកនេសាទកម្ពុជារាប់រយនាក់ កំពុងជាប់នៅក្នុងដែនសមុទ្រគ្មានកោះត្រើយនោះ។
លោក លី ឈាងឡុង អាយុ ២៤ឆ្នាំ ដែលមកជាមួយគ្នាបានថ្លែងថា ពួកគេបោកប្រាស់ដោយសន្យាផ្តល់ប្រាក់ខែច្រើន។
លោកបញ្ជាក់ថា ៖ «គេប្រាប់ខ្ញុំថា ខ្ញុំអាចរកបានប្រាក់ ១ម៉ឺនបាត ក្នុងមួយខែ នៅពេលខ្ញុំទៅដល់ទៅនោះ។ ខ្ញុំបានធ្វើការដូចទាសករអ៊ីចឹង»។
យោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលករចំណាកស្រុក ១២.០០០ នាក់ ត្រូវបានបញ្ជូនពីក្រៅប្រទេសមកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០១១។
អ្នកស្រី សួស សុកស្រីមុំ អ្នកសម្របសម្រួលនិងស្រាវជ្រាវនៅអង្គការ IOM បានថ្លែងថា ករណីអ្នកនេសាទជាប់នៅក្រៅប្រទេសអស់ជាង ៣ឆ្នាំ ជាករណីកម្រ តែវាពិតជាកើតមានមែន។
អ្នកស្រីបានថ្លែងថា ៖ «ពួកគេ [អ្នកនេសាទ] គ្មានឱកាសគេចខ្លួនទេ ហើយគ្មានទំនាក់ទំនងឲ្យគេជួយបានឡើយ»។
លោក ទែន បូរ៉ានី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការស៊ើបអង្កេតក្នុងករណីនេះកំពុងតែបន្ត ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកមេខ្យល់ដែលពាក់ព័ន្ធ។
ករណីដោយឡែកមួយ មានអ្នកនេសាទខ្មែរ ៣នាក់ បានមកដល់ខេត្តកំពតវ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយទូកវៀតណាម។
លោក ទូច ពន្លាក់ អនុប្រធាននាយកដ្ឋានព្រំដែនសមុទ្រ ប្រចាំនៅខេត្តកំពត បានថ្លែងឲ្យដឹងថា អ្នកនេសាទខ្មែរទាំងបីបានលោតពីទូក នៅពេលថៅកែទូករបស់ពួកគេបានព្យាយាមសម្លាប់គេ ទម្លាក់ក្នុងសមុទ្រ ហើយពួកគេត្រូវបានជួយសង្គ្រោះ ដោយទូកវៀតណាម៕
No comments:
Post a Comment
yes