លោកវន់ ពៅ (កណ្តាល) និងអ្នកទើបត្រូវបានដោះលែងផ្សេងទៀត អង្គុយ
លើដំបូលរថយន្ត សំដៅមករាជធានីភ្នំពេញ (រូបថត៖ តាត ឧត្តម)
លោក វន់ ពៅ ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាព នៅថ្ងៃសុក្រនេះ បន្ទាប់ពីឃុំខ្លួនរយៈពេលជិត៥ខែ បាន ប្រកាសប្រាប់អ្នកដែលមកទទួលលោកនៅខាងមុខពន្ធធានាគារព្រៃសថា បើគ្មានជនរួមជាតិ អ្នកសេ្នហាជាតិ តស៊ូដើម្បីជាតិ និងដើម្បីក្រុមរបស់លោក គឺគ្មានថ្ងៃនេះទេ។
នៅពេលអ្នកទៅទទួលដែលមានទឹកមុខរីករាយ និងស្វាហាប់ដើម្បីសេរីភាពជនជាប់ចោទ២៣នាក់ ខណៈនេះលោក វន់ ពៅ ដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាព នៅថ្ងៃសុក្រនេះ បានប្រកាសតាមឧគ្ឃោសនស័ព្ទថា ថ្ងៃជាជោគជ័យសម្រាប់តស៊ូដើម្បីសេរីភាព។
ស្ថិតនៅក្រោមកំដៅថ្ងៃហួតហែង ប្រជាពលរដ្ឋជាច្រើននាក់ បានសាទរក្រុមលោក វន់ ពៅ ចំនួន២៣នាក់ ដែលត្រូវបានដោះលែងឲ្យមានសេរីភាពនៅថ្ងៃនេះ។ លោក វន់ ពៅ និងសកម្មជន២រូបទៀត ដែលអង្គុយលើក្បាលរថយន្តនៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ពួកគេបានលើកទង់ជាតិ និងទង់សាសនាក្រវី ហើយស្រែកប្រកាសអំពីទឹកចិត្តខ្មែរអ្នកស្នេហាជាតិ ដើម្បីយុត្តិធម៌។
ខណៈនេះ សហគមន៍បឹងកក់ដែលដឹកនាំដោយអ្នកស្រី ទេព វន្នី បានចេញទៅទទួលលោក វន់ ពៅ និងក្រុមរបស់លោកដោយមានការស្រែកច្រៀងរាំ ដើម្បីអបអរសាទរសេរីភាពរបស់មនុស្សទាំង២៣រូបនេះ។
លោក វន់ ពៅ និងមនុស្ស២២នាក់ផ្សេងៗទៀត ដែលទើបតែត្រូវបានតុលាការប្រកាសសាលាក្រមព្យួរទោស ត្រូវបានដោះលែងពីពន្ធនាគារព្រៃសឲ្យមានសេរីភាពវិញហើយនៅម៉ោងជិត១២ថ្ងៃត្រង់នេះ។
នៅក្នុងការដោះលែងនេះ មានអ្នកគាំទ្រប្រមាណជា៥០០នាក់ បានដើរហែជាមួយអ្នកទាំងនោះពីពន្ធនាគារព្រៃស សំដៅមករាជធានីភ្នំពេញ ដើម្បីជួបជុំគ្រួសារ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្ស២៣នាក់ ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅពេលកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ។ ការប៉ះទង្គិចនៅផ្លូវវ៉េងស្រេង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ប៉ុន្តែអ្នកសង្កេតការណ៍បានហៅការចាប់ខ្លួន និងកាត់ទោសមនុស្ស២៣នេះ ថាជារឿងនយោបាយ៕
No comments:
Post a Comment
yes