សកម្មជនលោក វន់ ពៅ និងអ្នកផ្សេងទៀតដែលទើបត្រូវបានដោះលែងឲ្យមានសេរីភាពបន្ទាប់ពីឃុំខ្លួនរយៈពេលជិត៥ខែ ប្រកាសប្តេជ្ញាបន្តការចូលរួមទាមទារឲ្យមានការគោរពសិទ្ធិកម្មករ និងការដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារជូនដល់កម្មករឲ្យទាល់តែបាន។
ស្ថិតនៅក្រោមកំដៅថ្ងៃហួតហែងក្នុងពេលដង្ហែតាមអ្នកគាំទ្រមករាជធានីភ្នំពេញ ក្រោយពីត្រូបានដោះលែងពីពន្ធនាគារព្រៃស លោក វន់ ពៅ និងសកម្មជន២រូបទៀត បានអង្គុយលើក្បាលរថយន្តនៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ដោយលើកទង់ជាតិ និងទង់សាសនាក្រវី ហើយស្រែកប្រកាសអំពីទឹកចិត្តខ្មែរអ្នកស្នេហាជាតិ ដើម្បីយុត្តិធម៌។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា លោកចាត់ទុកសេចក្ដីសម្រេចរបស់តុលាការថាផ្ដល់យុត្តិធម៌ជូនលោកតែ៥០ភាគរយប៉ុណ្ណោះ ហើយលោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីដាក់ពាក្យប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។ លោកបន្តថា លោកនៅតែបន្តទាមទារប្រាក់ខែគោល១៦០$ជូនកម្មករទាំងអស់ឲ្យខានតែបាន។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឲ្យដឹងថារូបលោករីករាយដែលត្រូវបានដោះលែង ប៉ុន្តែចាត់ទុកថាសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនមានយុត្តិធម៌ចំពោះលោកនោះទេ ដោយលោកប្រកាន់ប្ដឹងឧទ្ធរណ៍ជាបន្តទៀត។
អ្នកដឹកនាំសហគមន៍បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ក មានប្រសាសន៍ថា លោកសប្បាយរីករាយដែលមានសេរីភាពនៅថ្ងៃនេះ ខណៈរូបលោកចាត់ទុកសេចក្ដីសម្រេចរបស់តុលាការមិនផ្អែកតាមនីតិវិធីច្បាប់ គឺធ្វើឡើងផ្អែកតាមហេតុផលនយោបាយ។ រូបលោកបានថ្លែងរិះគន់ចំពោះរដ្ឋាភិបាល ដែលបានប្រើប្រាស់កម្លាំងទាហាន មកបង្ក្រាបលើកម្មករដែលលោកចាត់ទុកថានេះមិនមែនជាអ្វីដែលកងយោធពលខេមរៈភូមិន្ទត្រូវធ្វើនោះទេ។
លោក វន់ ពៅ លោក ច័ន្ទ ពុទ្ធិស័ក្ត និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ(បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា) ត្រូវបានផ្តន្ទាទោសចំនួន៤ឆ្នាំកន្លះ។ ចំណែកលោក ថេង សាវឿន (អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា) ត្រូវបានផ្តន្ទាទោសចំនួន៤ឆ្នាំ។ ចំណែកជនជាប់ចោទ៦នាក់ទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ខែមករានៅមុខរោងចក្រយ៉ាកជីង ត្រូវផ្តន្ទាទោសចន្លោះពី២ទៅ៣ឆ្នាំ។ ចំណែក១៣នាក់ទៀតដែលចាប់ខ្លួននៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ត្រូវផ្តន្ទាទោស៤ឆ្នាំ។ តែសាលាដំបូងរាជធានីភ្នំពេញ សម្រេចព្យួរទោសមកត្រឹមថ្ងៃទី៣០ខែឧសភានេះ។
លោក វន់ ពៅ និងមនុស្ស២៣នាក់ ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចនៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅពេលកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ។ ការប៉ះទង្គិចនៅផ្លូវវ៉េងស្រេង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ប៉ុន្តែអ្នកសង្កេតការណ៍បានហៅការចាប់ខ្លួន និងកាត់ទោសមនុស្ស២៣នេះ ថាជារឿងនយោបាយ៕
No comments:
Post a Comment
yes