លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ប្រជាពលរដ្ឋអាចបន្តការប្រើប្រាស់បានដល់ចុងឆ្នាំ២០១៨។
អនុក្រឹត្យថ្មីចុះហេត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ថ្ងៃទី០៤ខែមិថុនា ស្តីពីការកែសម្រួលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ហើយមិនទាន់បានបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨។ អនុក្រឹត្យបន្តថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបទេស ក្រសួងសេដ្ឋកិច្ច និងគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ អនុវត្តតាមអនុក្រឹត្យ ចាប់ពីថ្ងៃទី០៤ខែមិថុនា។
អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវយកតម្លៃ១ម៉ឺនរៀល ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៤ ដើម្បីជួយសម្រាលការចំណាយដែលជាបន្ទុករបស់រដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឡើងទៅ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព មេត្តាចូលរួមគាំទ្រដល់ដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណ តាមរយៈការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវបង់ថ្លៃអាករចំនួនមួយម៉ឺនរៀល។
តំណាងប្រចាំកម្ពុជានៃសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ សម្ដែងការមិនពេញចិត្តចំពោះការយកតម្លៃធ្វើអត្តសញ្ញាណប័ណ្ណចំនួន១ម៉ឺនរៀល ហើយថាបញ្ហានេះនឹងធ្វើឲ្យកាន់តែលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលមានស្ថានភាពក្រីក្រ។ លោកបន្តថា បើទោះបីជាក្រសួងធ្វើបែបនេះក្តីក៏នៅតែមានអំពើពុករលួយដែរ ប្រសិនបើមន្ត្រីដែលធ្វើនោះ មិនបានអនុវត្តតាមច្បាប់ត្រឹមត្រូវ ជាពិសេសការយកលុយលើស ហើយមិនបានចេញវិក័យបត្រ «ដើម្បីបិទច្រកពុករលួយ ការទារលុយលើសពីការផ្តល់សេវាអត្តសញ្ញាណប័ណ្ណនេះ ខ្ញុំគិតថា រដ្ឋាភិបាលគួរតែមានយន្តការ ទី១ ក្រសួងសេដ្ឋកិច្ចនឹងចេញហើយនូវវិក័យបត្រផ្លូវការ។ អ៊ីចឹងរាល់ការចំនាយទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវមានការធ្វើដោយការចេញវិក័យបត្រឲ្យទៅប្រជាពលរដ្ឋជារឿងមួយដ៏សំខាន់»។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះខែកក្កដា២០០៧ ប្រជាពលរដ្ឋដែលអាចធ្វើអត្តសញ្ញាណប័ណ្ណបាន ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពរយៈពេល១០ឆ្នាំ។ នៅពេលផុតសុពលភាព សាម៉ីខ្លួនត្រូវស្នើសុំធ្វើសាជាថ្មីឡើងវិញ៕
No comments:
Post a Comment
yes